តើកម្ពុជា មានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួនប៉ុន្មានរហូតមកទល់ពេលនេះ?

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ វិស័យធនាគារនៅកម្ពុជានៅតែបន្តមានវឌ្ឍនភាព ប្រកបដោយទំនុកចិត្ត និងបានរួមចំណែកយ៉ាងសកម្ម គាំទ្រសកម្មភាពសេដ្ឋកិច្ច ដែលធ្វើឱ្យមានកំណើនវិនិយោគក្នុងងការបង្កើតធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុជាច្រើននៅក្នុងប្រទេស។

 

កម្ពុជាមានគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ រួមមាន ធនាគារពាណិជ្ជចំនួន៥១ ធនាគារឯកទេសចំនួន ១៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណជនចំនួន ៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើចំនួន ៧៦ និងគ្រឹះស្ថានឥណទានជនបទចំនួន ២៤៦ រហូតមកដល់បច្ចុប្បន្ននេះ។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា។

បណ្តាញប្រតិបត្តិការ និងសេវាហិរញ្ញវត្ថុបានអភិវឌ្ឍជាបន្តបន្ទាប់ ដោយចំនួនទីស្នាក់ការ និងសាខាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅទូទាំងប្រទេសបានកើនដល់២.៤៦៥ ហើយម៉ាស៊ីនដក និងដាក់ប្រាក់ស្វ័យប្រវត្តិ (ATM) មានចំនួន៣,០៨១ គណនីប្រាក់បញ្ញើអតិថិជន កើនដល់៨.២លានគណនី និងគណនីឥណទានកើនដល់៣.២ លានគណនី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារជាតិនៃកម្ពុជាបានឱ្យដឹងថា ស្ថាប័ននេះបានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការត្រួតពិនិត្យសុខមាលភាពរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិ។ ជាលទ្ធផលវិស័យធនាគារ និងហិរញ្ញវត្ថុស្ថិតក្នុងស្ថានភាពល្អ។

ទ្រព្យសកម្មសរុបរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមានទំហំទឹកប្រាក់ដល់ ៥៤,១ពាន់លានដុល្លារនៅឆមាសទីមួយនៃឆ្នាំ ២០២០ កើនឡើង១៧,៤ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ជាមួយគ្នានឹងការបញ្ចេញឥណទានបានកើនទឹកប្រាក់ដល់៣៤,៤ ពាន់លានដុល្លារ និងប្រាក់បញ្ញើមាន៣០,៥ ពាន់លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here