អាជីវកម្មក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ ស្ទើរតែគ្មានកំណើនក្នុងឆ្នាំ២០២០នេះ

Khmer Times

ដោយ៖ លក្ខិណា
ភ្នំពេញ ៖ នៅក្នុងអំឡុងពេលដែលជំងឺកូវីដ១៩នៅតែចោទជាបញ្ហាសម្រាប់អាជីវកម្មនានាក្នុងប្រទេសកម្ពុជា វិស័យធានារ៉ាប់រង ក៏ទទួលរងនូវឥទ្ធិពលពីវិបត្តិនេះដែរ បើទោះបីជាវិស័យ បានរួមចំណែកក្នុង GDP តិចតួចក្ដី ។

លោក យក់ ចំរើនឬទ្ធិ អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ បានមានប្រសាសន៍ថា ជាការពិតណាស់ក្នុងពេលវិស័យជាច្រើនទៀត បានរងផលប៉ះពាល់ពីកូវីដ១៩ វិស័យធានារ៉ាប់រងក៏គេចមិនផុតពីការប៉ះពាល់ដែរ ជាក់ស្ដែងក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ ដែលធ្លាប់តែមានកំណើនជារៀងរាល់ឆ្នាំប្រមាណ១០ភាគរយ តែសម្រាប់ឆ្នាំ ២០២០នេះវិញ ក្រុមហ៊ុនហ្វតតេ ស្ទើរតែអត់មានកំណើនទាល់តែសោះ។

លោក បានបន្តថា ដោយសារតែវិស័យធានារ៉ាប់រងនៅកម្ពុជា មានចំណែកតិចតួចក្នុងសេដ្ឋកិច្ច ដែលប្រមាណតែ០,៥ភាគរយនៃGDP ដូច្នេះផលប៉ះពាល់ទៅលើសេដ្ឋកិច្ចពីវិស័យធានារ៉ាប់រងក៏មិនធំប៉ុន្មានដែរ។
លោក បានឱ្យដឹងទៀតថា ប្រទេសដទៃ នៅជិតខាងកម្ពុជា វិស័យធានារ៉ាប់រងគេ បានរួមចំណែកច្រើន ដោយប្រទេសខ្លះមាន ៣ ទៅ៥ភាគរយ ហើយប្រទេសខ្លះទៀតក៏មានច្រើនជាងនេះ។

លោក បន្ថែមថា ក្នុងឆ្នាំ ២០២០នេះ ក្រុមហ៊ុនហ្វតតេ ទទួលបានការគាំទ្រពីអតិថិជន កញ្ចប់ធានារ៉ាប់រងសុខភាពច្រើនជាង កញ្ចប់ធានារ៉ាប់រងដទៃទៀត ដូចជាសំណង់ អាជីវកម្មផ្សេងៗទៀត ពីព្រោះថា វិស័យទាំងនោះបានថយសកម្មភាពមួយចំនួន ព្រោះតែឥទ្ធិពលនៃកូវីដ១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកម៉ី វ៉ាន់ អគ្គនាយកឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងកន្លងមកថា គិតត្រឹមឆមាសទី១ឆ្នាំ ២០២០នេះ បុព្វលាភធានារ៉ាប់រងដុលសរុប មានចំនួនជាង១២៨លានដុល្លារអាមេរិក ក្នុងនោះបុព្វលាភធានារ៉ាប់រងទូទៅមានចំនួនជាង៥៧លានដុល្លារអាមេរិក និងបុព្វលាភធានារ៉ាប់រងអាយុជីវិតមានប្រមាណ៧១លានដុល្លារអាមេរិក។

លោក មានប្រសាសន៍ថា “តាមរយៈនៃកំណើនវិនិយោគលើវិស័យធានារ៉ាប់រងក៏ឃើញថា សន្ទុះនៃការប្រើប្រាស់សេវាធានារ៉ាប់រងនៅក្នុងប្រទេសក៏មានកំណើនគួរឱ្យកតសម្គាល់ដែរ ខុសពីជាងមួយទសវត្សរ៍កន្លងទៅ”។

បច្ចុប្បន្ន ក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា មានក្រុមហ៊ុនធានារ៉ាប់រងសរុបចំនួន ៣៨ ក្នុងនោះមានក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន១៨ ក្រុមហ៊ុនធានារ៉ាប់អាយុជីវិតចំនួន១៤ និងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៦៕

LEAVE A REPLY

Please enter your comment!
Please enter your name here