ទិវាធានារ៉ាប់រងកម្ពុជាឆ្នាំ២០២២នេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ចំនួនបី

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ បន្ទាប់ពីអាក់ខានរយៈពេល២ឆ្នាំ ដោយសារវិបត្តិកូវីដ១៩ នៅថ្ងៃទី២៥ ខែកក្កដានេះ គឺជាលើកទី២ ដែលនិយ័តករធានារ៉ាប់រងកម្ពុជា ដោយមានកិច្ចសហការ ជាមួយសមាគមធានារ៉ាប់រងកម្ពុជា និងគ្រឹះស្ថានធានារ៉ាប់រង បានរៀបចំ “ទិវាធានារ៉ាប់រង ២០២២” ។

ការប្រារពទិវានេះ ធ្វើឡើងក្នុងគោលបំណងសំខាន់ៗចំនួន៣ ដែលបង្ហាញនូវសន្ទុះរីកចម្រើន គួរកត់សម្គាល់ក្នុងរយៈពេលជិត២ទសវត្សរ៍កន្លងមកនេះ។

ទិវានេះបានប្រព្រឹត្តទៅ នៅមណ្ឌលសន្និបាត និងពិព័រ៌អន្តរជាតិជ្រោយចង្វារ (OCIC) ក្រោមអធិបតីភាពរបស់លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សា នៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល គ្រឹះស្ថានធានារ៉ាប់រង ដៃគូអភិវឌ្ឍន៍ និងសមាគមធុរកិច្ចនានានៅកម្ពុជា ថែមទាំងមានសារណជនទូទៅបានចូលរួមយ៉ាងច្រើនកុះករ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងកម្មវិធីបើកទិវានេះ លោករដ្ឋលេខាធិការ បានលើកឡើងនូវគោលបំណងសំខាន់ៗទាំង៣ចំណុចនោះ រួមមាន ទី១.ការលើកកម្ពស់ការយល់ដឹង និងជំរុញការផ្សព្វផ្សាយ អំពីសេវាធានារ៉ាប់រងជូនសាធារណជន។ ទី២.ជាការបង្ហាញពីការគាំទ្ររបស់រាជរដ្ឋាភិបាល ក្នុងការជំរុញឲ្យមានពិពិធកម្មផលិតផលហិរញ្ញវត្ថុនៅក្នុងវិស័យហិរញ្ញវត្ថុ ដូចមានចែងនៅក្នុងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល និងទី៣ ជាការបង្ហាញដល់សាធារណជន ឲ្យបានជ្រាបថា វិស័យធានារ៉ាប់រងជាវិស័យសំខាន់មួយ នៅក្នុងវិស័យហិរញ្ញវត្ថុ និងជាវិស័យដែលមានតួនាទីយ៉ាងសំខាន់ និងចាំបាច់ក្នុងការចូលរួមចំណែកកសាងសំណាញ់សុវត្ថិភាពសង្គម និងសេដ្ឋកិច្ចថ្នាក់ជាតិ។

លោករស់ សីលវ៉ាបានបន្តថា ទិវានេះ ក៏បានគូសរំលេចឲ្យឃើញថា វិស័យធានារ៉ាប់រងកម្ពុជា មានសន្ទុះរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលជិត២ទសវត្សរ៍កន្លងមកនេះ។ ជាក់ស្តែង ទីផ្សារធានារ៉ាប់រងកម្ពុជាបច្ចុប្បន្ន មានគ្រឹះស្ថានធានារ៉ាប់រងសរុបចំនួន៩៤ កំពុងធ្វើប្រតិបត្តិការអាជីវកម្មធានារ៉ាបរង។

លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា បានមានប្រសាសន៍ថា ជាមួយនឹងកំណើនគ្រឹះស្ថានធានារ៉ាប់រងខាងលើនេះ ទំហំទីផ្សារធានារ៉ាប់រងកម្ពុជា បានកើនឡើងដល់ប្រមាណ ៣០០លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២១ ដោយបានចូលរួមចំណែក ក្នុងសេដ្ឋកិច្ចកម្ពុជាជាអត្រា១,១% នៅឆ្នាំ២០២១ និងដង់ស៊ីតេធានារ៉ាប់រងធានារ៉ាប់រងចំនួន ១៨,៧៥ដុល្លារ ក្នុងមួយនាក់។

លោកបន្ថែមថា “សូចនាករទាំងនេះបង្ហាញថា ទីផ្សារធានារ៉ាប់រងកម្ពុជានៅមានទំហំតូច នៅឡើយបើធៀបនឹងតំបន់ ដែលយើងអាចទាញការសន្និដ្ឋានបានថា ទីផ្សារធានារ៉ាប់រងកម្ពុជា នៅមានសក្តានុពលធំធេងសម្រាប់ការអភិវឌ្ឍនាពេលអនាគត”។

ជាមួយគ្នានេះ លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានឲ្យដឹងថា ការរៀបចំឡើងវិញនូវព្រឹត្តិការណ៍ទិវាខាងលើនេះ នឹងមិនត្រឹមតែបង្ហាញជូនសាធារណជន ឲ្យបានដឹងកាន់តែច្បាស់អំពីស្ថានភាព និងទិដ្ឋភាពទូទៅ នៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា នាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែក ដល់ការបង្កើនចំណេះដឹងសាធារណៈអំពីអត្ថប្រយោជន៍ធានារ៉ាប់រង និងការលើកកម្ពស់ទំនុកចិត្តលើទីផ្សារផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here