ទីផ្សារធានារ៉ាប់រងនៅកម្ពុជានៅមានសក្តានុពលធំធេង​សម្រាប់ការរីកចម្រើននៅពេលអនាគត

ដោយ៖ សុផារី

ភ្នំពេញ៖ ទីផ្សារធានារ៉ាប់រងកម្ពុជា បាននិងកំពុងមានកំណើនឆាប់រស័ស ប្រមាណ២០ភាគរយ រយៈពេល៥ឆ្នាំចុងក្រោយនេះ ទោះប្រឈមជំងឺកូវីដ-១៩ក្តី ទីផ្សារធានារ៉ាប់រងកម្ពុជា បន្តរក្សាកំណើនប្រមាណ១០ភាគរយ ធៀបនឹងឆ្នាំ២០២០។

នេះជាការលើកឡើងរបស់លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា នៅក្នុងពិធីចែករំលែកចំណេះដឹងដល់អ្នកសារព័ត៌មាន អំពីកិច្ចដំណើរការទីផ្សារធានារ៉ាប់រងនៅកម្ពុជា ថ្ងៃទី ១៥ ខែ កក្កដា។

លោកបន្តថា បុព្វលាភធានារ៉ាប់រងដុលកើនឡើងដល់ប្រមាណ៣០០លានដុល្លារក្នុងឆ្នាំ២០២១។ អត្រាភាគទានធានារ៉ាប់រងក្នុងសេដ្ឋកិច្ចកម្ពុជា មានតែ១,១១ភាគរយ និងការប្រើប្រាស់សេវាធានារ៉ាប់រង ជាដង់ស៊ីតេធានារ៉ាប់រង មានតែ១៨,៧៥ដុល្លារ សម្រាប់មនុស្សម្នាក់ ដែលតួលេខនេះ ទាបជាងបណ្តាប្រទេសនានា​ក្នុងតំបន់ និងសកលលោក។

អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានលើកឡើងថា ទីផ្សារធានារ៉ាប់រងនៅកម្ពុជា នៅមានសក្តានុពលធំធេង​សម្រាប់ការរីកចម្រើននៅពេលអនាគត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រធានសមាគមធានារ៉ាប់រងកម្ពុជា លោក ហ៊ុយ វ៉ាថារ៉ូ បានលើកឡើងថា បច្ចុប្បន្នមានក្រុមហ៊ុនធានារ៉ាប់រងប្រមាណ ៣៨ក្រុមហ៊ុន កំពុងធ្វើអាជីវកម្មនៅកម្ពុជា។ លោកបានឱ្យដឹងថា ”ទីផ្សារធានារ៉ាប់រងយើងនៅមានទំហំតូចនៅ​ឡើយ មានន័យថា ប្រជាពលរដ្ឋកម្ពុជា ជាច្រើន ពុំមានធានារ៉ាប់រង ដើម្បីការពារស្ថានភាពហិរញ្ញវត្ថុ ដែលប៉ះ​ពាល់ដោយការកើតឡើងនូវហានិភ័យផ្សេងៗនោះទេ”។

លោកបន្តថា ដើម្បីដោះស្រាយបញ្ហាចំពោះមុខ ក្នុងការលើកកម្ពស់ ចំណេះដឹងសាធារណៈអំពីធានារ៉ាប់រង និយ័តករ​ធានារ៉ាប់​កម្ពុជា និងសមាគមធារ៉ាប់រងកម្ពុជា បាននិងកំពុងអនុវត្តនូវសកម្មភាពជាកស្តែងជាច្រើន ក្នុងការអប់រំ និងផ្សព្វផ្សាយដល់សាធារណជន អំពីគោលការណ៍គ្រឹះធានារ៉ាប់រង ក៏ដូចជាស្ថានភាពទូទៅនៃតីផ្សារ​ធានារ៉ាប់​រងនៅកម្ពុជា។

លោក ហ៊ុយ វ៉ាថារ៉ូ បានសង្កត់ធ្ងន់ថា សារសំខាន់នៃធានារ៉ាប់រង ត្រូវបានទទួលស្គាល់ជាទូទៅ ជាពិសេសនៅ​ក្នុងបណ្តាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ដោយសារវាជាសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុ ដែលអាចជួយ​ដល់សាធារណជន រួចផុតពីទុក្ខលំបាកផ្នែកហិរញ្ញវត្ថុ នៅពេលមានគ្រោះអកុសលកើតឡើង គ្រោះថ្នាក់ដល់ជីវិត អគ្គិភ័យ និងគ្រោះថ្នាក់ចរាចរណ៍ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here