កំណើនខ្ពស់នៃវិស័យធានារ៉ាប់រងជួយរួមចំណែកដល់ GDP របស់កម្ពុជា

ដោយៈសុផារី

ភ្នំពេញៈ វិស័យធានារ៉ាប់រងរបស់កម្ពុជា បានរាយការណ៍អំពីបុព្វលាភសរុបចំនួន២៩៣,៤លានដុល្លារ ក្នុងឆ្នាំ២០២១ កើនឡើង៩,៥ភាគរយ បើប្រៀបនិងឆ្នាំមុន បើទោះបីជាមានការធ្លាក់ចុះផ្នែកសេដ្ឋកិច្ច ពីជំងឺរាតត្បាតកូវីដ-១៩ក៏ដោយ។

នេះបើយោងតាមរបាយការណ៍ របស់និយតករធានារ៉ាប់រងកម្ពុជា (IRC) កាលពីសប្តាហ៍កន្លងមកបានឱ្យដឹងថា កំណើននេះត្រូវបានគាំទ្រដោយក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន១៤ ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៧ និងក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួនមួយ។

របាយការណ៍បានបន្ថែមថា បុព្វលាភធានារ៉ាប់រងសរុប នៃទីផ្សារធានារ៉ាប់រងទូទៅក្នុងឆ្នាំ២០២១ គឺបានជិត១២៣លានដុល្លារ កើនឡើង៧,៤ ភាគរយ ធៀបនឹងឆ្នាំ២០២០ ខណៈដែលបុព្វលាភធានារ៉ាប់រងអាយុជីវិតសរុបមានចំនួន១៧០,៤លានដុល្លារ កើនឡើង១១ភាគរយ។

អគ្គនាយកនិយតករធានារ៉ាប់រងកម្ពុជា លោកប៊ូ ច័ន្ទភីរូ បានមានប្រសាសន៍ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី អនុក្រឹត្យស្តីពីការធានារ៉ាប់រងកាលពីថ្ងៃសុក្រថា ឧស្សាហកម្មធានារ៉ាប់រងបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រវិស័យសង្គម និងសេដ្ឋកិច្ច។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា “ជាមួយនឹងស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចវិជ្ជមានរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទីផ្សារធានារ៉ាប់រងបាន និងកំពុងកើនឡើងយ៉ាងឆាប់រហ័ស”។
លោក ប៊ូ ច័ន្ទភីរូ បានមានប្រសាសន៍ថា ឧស្សាហកម្មធានារ៉ាប់រងបានរួមចំណែកប្រហែល១,១ភាគរយ ដល់ផលិតផលក្នុងស្រុកសរុប (GDP) របស់កម្ពុជា។

យោងតាមនិយតករធានារ៉ាប់រងកម្ពុជា ការជ្រៀតចូលនៃការធានារ៉ាប់រង របស់ប្រទេសមាន១,១ភាគរយកាលពីឆ្នាំមុន កើនឡើងបន្តិចពី ១,០៤ភាគរយកាលពីឆ្នាំមុន ខណៈដែលដង់ស៊ីតេធានារ៉ាប់រង មានចំនួន ១៧,៥ដុល្លារក្នុងមនុស្សម្នាក់ កើនឡើងពី១៦,៣ដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here