លោកស្រីManuela V. Ferroដែលត្រូវបានតែងតាំងជាអនុប្រធានធនាគារពិភពលោកសម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកជាអ្នកណា?

ដោយៈសហការី

ភ្នំពេញៈ លោកស្រី ម៉ានូអែឡា ហ្វេរ៉ូ (Manuela V. Ferro)ដែលជាសេដ្ឋវិទូ និងជាអ្នកដឹកនាំជាន់ខ្ពស់មួយរូប នៃធនាគារពិភពលោក ពេលនេះមានតំណែងថ្មីជាអនុប្រធាននៃធនាគារនេះ ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក។នេះបើយោងតាមសេចក្តីប្រកាសពត៌មានរបស់ធនាគាគារពិភពលោក ប្រចាំនៅកម្ពូជានាថ្ងៃទី១៦ខែកញ្ញានេះ។

មុននឹងទទួលតំណែងនេះ លោកស្រី Manuela មានបទពិសោធន៍ច្រើនតាមរយៈការងារជាងបីទសវត្សរ៍នៅតំបន់អឺរ៉ុប, អាមេរិក ឡាទីន និងការ៉ាអ៊ីប, អាហ្វ្រ៊ិក និងមជ្ឈិមបូព៌ា និងនៅអាស៊ីខាងត្បូង អមជាមួយតំណែងថ្នាក់ដឹកនាំជាន់ខ្ពស់មួយចំនួនទៀត នៅក្នុងស្ថាប័នធនាគារពិភពលោក។ តំណែងជាន់ខ្ពស់ ដែលលោកស្រីធ្លាប់កាន់មុននេះគឺ ឋានៈអនុប្រធានទទួលបន្ទុកគោលនយោបាយប្រតិបត្តិការ និងកម្មវិធីតាមប្រទេស ដែលក្នុងនោះលោកស្រីជាអ្នកមើលការខុសត្រូវ លើអន្តរាគមន៍ឆ្លើយតបទ្រង់ទ្រាយធំបំផុតរបស់ធនាគារពិភពលោក ទៅនឹងការរាតត្បាតជំងឺកូវីដ១៩។

ក្នុងតំណែងជាប្រធានផ្នែកយុទ្ធសាស្ត្រ និងប្រតិបត្តិការសម្រាប់តំបន់អាមេរិក ឡាទីន លោកស្រីManuela ទទួលបន្ទុកមើលកិច្ចការប្រតិបត្តិការ របស់ធនាគារសម្រាប់តំបន់ធំមួយក្នុងចំណោមប្រទេស និងរដ្ឋមានចំណូលមធ្យម។ កាលនៅធ្វើជាប្រធានផ្នែកកាត់បន្ថយភាពក្រីក្រ និងគ្រប់គ្រងសេដ្ឋកិច្ច លោកស្រីជាអ្នកដឹកនាំកិច្ចសន្ទនាសេដ្ឋកិច្ចជាមួយបណ្តារដ្ឋក្នុងតំបន់មជ្ឈិមបូព៌ា និង អាហ្វ្រ៊ិកខាងជើង។

នៅក្នុងតំណែងថ្មីនេះ លោកស្រីManuela នឹងមើលការខុសត្រូវទូទៅលើការគាំទ្ររបស់ធនាគារពិភពលោក សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក នៅក្នុងការស្តារសេដ្ឋកិច្ចឱ្យមានចីរភាព និងមានភាពស្វិតស្វាញឡើងវិញ ពីវិបត្តិដែលបង្កដោយកូវីដ១៩។ ពិតណាស់ ប្រទេសជាច្រើននៅក្នុងតំបន់នេះ បានព្យាយាមទប់ស្កាត់ការរាលដាលជំងឺនេះប្រកបដោយជោគជ័យ នៅក្នុងឆ្នាំ២០២០កន្លងទៅ ប៉ុន្តែរលកនៃការរាលដាលក្រោយមកទៀតរបស់វីរុសនេះ កំពុងតែធ្វើឱ្យកំណើនសេដ្ឋកិច្ច និងការបង្កើតការងារមានសភាពថមថយ បណ្តាលឱ្យវិសមភាពកាន់តែរីកធំទៅវិញនៅក្នុងឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី Manuela V. Ferro, មានប្រសាសន៍ថា “ធនាគារពិភពលោកជាដៃគូយូរអង្វែងនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក ហើយធនាគារនៅតែរក្សាការប្តេជ្ញាចិត្តជួយតំបន់នេះ ឱ្យរើបឡើងវិញនៅក្នុងពេលដ៏សែនលំបាកនេះ”។ លោកស្រីបន្ថែមថា “ក្នុងនាមជាអនុប្រធាននៃធនាគារនេះ ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក ខ្ញុំត្រៀមខ្លួនជាស្រេច ដើម្បីពង្រឹងភាពជាដៃគូជាមួយបណ្តាប្រទេស និង ដៃគូអភិវឌ្ឍន៍នានា នៅក្នុងបេសកកម្មថ្មីនេះ”។

លោកស្រីManuela មានសញ្ញាបត្របណ្ឌិត ផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ចពីសាកលវិទ្យាល័យ Stanford University និងសញ្ញាបត្រវិស្វកម្មមួយទៀត ពីសាកលវិទ្យាល័យ Technical University of Lisbon ប្រទេសព័រទូហ្កាល់។

លោកស្រីមានកេរ្តិ៍ឈ្មោះលេចធ្លោ ដោយសារស្នាដៃការងារសំខាន់មួយចំនួន មានដូចជា ភាពជាអ្នកដឹកនាំបែបយុទ្ធសាស្ត្ររបស់លោកស្រី ការសម្រេចបានសមិទ្ធផលល្អៗក្នុងកម្មវិធីនៅតាមប្រទេស និងប្រវត្តិស្នាដៃក្នុងការបង្កើតភាពជាដៃគូ ប្រកបដោយផ្លែផ្កាជាមួយបណ្តាប្រទេសជាអតិថិជន និងដៃគូអភិវឌ្ឍន៍នានា។

លោកស្រីManuela នឹងមើលលើការគ្រប់គ្រងទំនាក់ទំនង របស់ធនាគារជាមួយប្រទេសចំនួន២៦ មានបុគ្គលិកជាង១ ០០០នាក់ និងផតហ្វូលីយោកម្មវិធី(កម្រងកម្មវីធី)ដែលមានទឹកប្រាក់សរុប ប្រមាណ៤០ពាន់លានដុល្លារអាមរិក សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វ៊ិក ទាំងមូល។

វិធានការឆ្លើយតបរបស់ក្រុមធនាគារពិភពលោកចំពោះកូវីដ១៩

ចាប់តាំងពីមានការផ្ទុះការរាតត្បាតជំងឺកូវីដ១៩មក ក្រុមធនាគារពិភពលោកបានធ្វើអន្តរាគមន៍ ឆ្លើយតបគិតជាទឹកប្រាក់ អស់ជាង១៥៧ពាន់លានដុល្លារអាមេរិករួចហើយ ដើម្បីទប់ទល់ទៅនឹងផលប៉ះពាល់របស់ជំងឺនេះ ទៅលើផ្នែកសុខាភិបាល សេដ្ឋកិច្ច និងសង្គម។ ការឆ្លើយតបនេះមានវិសាលភាពធំបំផុត និងល្បឿនលឿនបំផុតដែលមិនធ្លាប់មាននៅក្នុងប្រវត្តិរបស់ធនាគារទេ។

អន្តរាគមន៍ហិរញ្ញវត្ថុនេះ កំពុងតែជួយដល់ប្រទេសចំនួនជាង១០០នៅជុំវិញពិភពលោក ឱ្យពង្រឹងសមត្ថភាពត្រៀមខ្លួនប្រយុទ្ធនឹងការរាតត្បាតជំងឺ ការពារជនក្រីក្រ និងការងារ, និងចាប់ផ្តើមស្តារសេដ្ឋកិច្ចមកវិញ តាមបែបមានមេត្រីជាមួយបរិស្ថាន។

លើសពីនេះ ធនាគារក៏កំពុងតែជួយដល់ប្រទេសមានចំណូលទាប និងចំណូលមធ្យមជាង៥០ប្រទេសផ្សេងទៀត ក្នុងនោះចំនួនជាងពាក់កណ្តាល ស្ថិតនៅក្នុងទ្វីបអាហ្វ្រ៊ិក ក្នុងការទិញនិងបែងចែកវ៉ាក់សាំងការពារជំងឺកូវីដ១៩។ សម្រាប់បម្រើដល់គោលដៅនេះ ធនាគារបានត្រៀមជាស្រេចនូវហិរញ្ញប្បទាន ចំនួន២០ពាន់លានដុល្លារអាមេរិក រហូតដល់ចុងឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here