វិទ្យាស្ថានតេជោ សែនសាធារណការចុះMOUជាមួយក្រុមហ៊ុន អ អិម អេពង្រឹងគុណភាពធនធានមនុស្សលើវិស័យដឹកជញ្ជូន

ដោយ សុជាតា

ភ្នំពេញៈ វិទ្យាស្ថានតេជោសែន សាធារណៈការ និងដឹកជញ្ជូនបានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU)ជាមួយក្រុមហ៊ុនRMA Cambodia Plcដើម្បីសហការគ្នា ក្នុងការពង្រឹងផ្នែកធនធានមនុស្សនៅកម្ពុជា។

លោកហឿន សំនៀង នាយកវិទ្យាស្ថានតេជោ សែនបានថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ ២០២១  នេះថា ក្រោមកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់វិទ្យាស្ថានតេជោ សែនសាធារណការ និងដឹកជញ្ជូ​ន ជាមួយនិងក្រុមហ៊ុនRMA Cambodia Plc គឺក្នុងគោលបំណងដើម្បីពង្រីកលទ្ធភាពផ្តល់ការបណ្តុះបណ្តាល ដល់និស្សិតឱ្យបានកាន់តែទូលំទូលាយ ស្របតាមតម្រូវការរបស់សង្គម។

លោកបន្តថា កន្លងមកវិទ្យាស្ថានតេជោ សែន បានចុះអនុស្សរណៈជាមួយបណ្តាដៃគូនានា ក្នុងវិស័យពាក់ព័ន្ធក្នុងនោះរួមមាន វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាលា Jhajaing ប្រទេសចិន និងនៅថ្ងៃខាងមុខវិទ្យាស្ថាន នឹងចុះអនុស្សរណៈជាមួយសាលាភូមិន្ទរដ្ឋបាល សមាគមភស្តុភារកម្មកម្ពុជា ក្រុមហ៊ុន PPD សាកលវិទ្យាល័យ Chang An University ប្រទេសចិន ព្រមទាំងបណ្តាដៃគូផ្សេងៗទៀត ក្នុងទិសដៅពង្រីកភាពជាដៃគូខាងក្រៅ ដើម្បីពង្រឹងខាងក្នុង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ការបណ្តុះបណ្តាលរបស់វិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន ផ្តោតលើគុណតម្លៃសំខាន់ចំនួនបីគឺ៖ ទី១. ជំនាញ ទី២. ចំណេះដឹង និងទី៣. សីលធម៌ ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបណ្តុះបណ្តាលនិស្សិតឱ្យមានជំនាញច្បាស់ លាស់ ចំណេះដឹងទូលំទូលាយ អាចធ្វើការជាមួយអ្នកដទែទៀត។

ជាមួយគ្នានេះផងដែរ លោកជំទាវ ឥម នីថារ៉ា រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន បានចង្អុលបង្ហាញពីចក្ខុវិស័យដ៏វែងឆ្ងាយរបស់ឯកឧត្ដម ទេសរដ្ឋមន្ដ្រីក្នុងការបង្កើតវិទ្យាស្ថាននេះឡើង ដើម្បីបណ្តុះបណ្តាលកូនខ្មែរជំនាន់នេះ និងជំនាន់បន្តបន្ទាប់ ទៀតឱ្យមានសមត្ថភាពចេះសាងសង់ផ្លូវ ស្ពាន ឆ្លងកាត់ទន្លេមេគង្គ ទន្លេបាសាក់ ទន្លេសាប ដោយខ្លួនឯង។

លោកជំទាវបន្តថា ការចុះអនុស្សរណៈយោគយល់នាពេលនេះ ជាការបើកទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀត រវាងវិទ្យាស្ថានតេជោ សែន សាធារណការ និងដឹកជញ្ជូន និង ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដើម្បីចូលរួមចំណែក ដល់ការអភិវឌ្ឍធនធានមនុស្សលើជំនាញបច្ចេកទេស”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here