ក្រសួងការងារបើកកិច្ចប្រជុំកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ

​ដោយៈសុជាតា

ភ្នំពេញៈ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ ឈ្នួលអប្បបរមា អាណត្តិទី២ ឆ្នាំទី១ លើកទី១នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១។

ដោយបានលើកឡើងថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានដើរតួនាទីជាយន្តការត្រីភាគី ក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា ស្របតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា នឹងទទួលបានការទទួលស្គាល់ ដោយទូលំទូលាយពីគ្រប់ភាគីពាក់ព័ន្ធថា ជាយន្តការដ៏គំរូមួយប្រកបដោយតម្លាភាព និងមានការចូលរួមពីគ្រប់ភាគី ជាពិសេសការយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់សុខដុមរមនា នៃទំនាក់ទំនងវិជ្ជាជីវៈ និងសុខុមាលភាពរបស់កម្មករនិយោជិត។

លោកបន្ថែមថា ទោះបីជាយន្តការត្រីភាគីនេះ ទទួលបានវឌ្ឍនភាពជាទីមោទនៈនាពេលកន្លងមក ដោយរាជរដ្ឋាភិបាលកម្ពុជា  នៅតែបន្តការយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹង និងកែលម្អយន្តការនេះជាប្រចាំ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ច និងសង្គមដែលមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាម អង្គការអន្តរជាតិខាងការងារ(ILO) ក្នុងរបាយការណ៍ស្តីពី“ប្រាក់ឈ្នួលនៅលើពិភពលោក ឆ្នាំ២០២០-២០២១” បានផ្តល់អនុសាសន៍ថា ការកែសម្រួលប្រាក់ឈ្នួលទាមទារឲ្យមានការរក្សាតុល្យភាព និងធានាដល់ការរក្សាបានការងារ និងស្ថេរភាពរបស់រោងចក្រ សហគ្រាស និងរក្សាបាននូវប្រាក់ចំណូល សម្រាប់កម្មករនិយោជិត និងគ្រួសាររបស់ពួកគេ»។

ហេតុដូច្នេះ ការពិចារណាលើអនុសាសន៍របស់ILO ជាការចាំបាច់ដើម្បីរក្សាការងាររបស់កម្មករ និងការបង្កើតឱកាសការងារដល់យុវជន ដែលដល់អាយុនឹងចូលទីផ្សារការ​ងារ ពីព្រោះការបញ្ចប់វិបត្តិកូវីដ-១៩ នៅពេលអនាគតខាងមុខ មិនទាន់មានពន្លឺនៅឡើយ ស្របពេល មានការផ្ទុះឡើងជាបន្តបន្ទាប់នូវវីរុស បំប្លែងខ្លួនថ្មី ដែលនាំឲ្យមានហានិភ័យកាន់តែខ្ពស់ក្នុងការចម្លង។

នៅក្នុងឆ្នាំ២០២១ ប្រសិនបើបូកនឹងប្រាក់ឧបត្ថម្ភផ្សេងៗបន្ថែម កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួលចន្លោះពី២០៩ ទៅ២២០ដុល្លារអាមេរិក ក្នុងមួយខែ។ ទោះបីជាយ៉ាងណាក៏ដោយការ តំឡើងប្រាក់ឈ្នួលអប្បបរមាក្នុងឆ្នាំ២០២១ នៅកម្ពុជាធ្វើឡើងនៅពេល ដែលសកលលោកកំពុងជួបវិបត្តិ នៃជំងឺកូវីដ-១៩ ខណៈប្រទេសក្នុងតំបន់ និងប្រទេសប្រកួតប្រជែងផ្សេងទៀត មិនមានការប្រែប្រួលប្រាក់ឈ្នួលអប្បបរមានោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here