ធនាគារ អេស៊ីលីដា បានចាប់ផ្តើម​បោះ​លក់​មូល​ប​ត្រ​ជា​ផ្លូវការ​នៅថ្ងៃនេះ

ភ្នំពេញ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជា​ធនាគារពាណិជ្ជ​ឈានមុខ​គេ​នៅ​កម្ពុជា បាន​ចុះបញ្ជី​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​ផ្លូវការ​នៅក្នុង​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ។

ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​របស់​ធនាគា​រ អេស៊ីលីដា ភីអិលស៊ី គឺជា​ការបើក​ទំព័រ​ស័ក​រាជ​ថ្មី​នៃ​ប្រវត្តិ​ជោគជ័យ​របស់​ធនាគារ ក្នុងនាម​ជា​ធនាគារពាណិជ្ជ​ទី១នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវបាន​ចុះបញ្ជី​នៅក្នុង​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា ។

ទោះបីជា​ស្ថិតក្នុង​ដំណាក់កាល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​ជា​សកល​ក៏ដោយ ក៏​វិនិយោគិន​ចំនួន ២.៤៩៧ នាក់ បានធ្វើ​បរិវិសកម្ម (ទិញ) មូល​ប​ត្រ​កម្មសិទ្ធិ​របស់​ធនាគា​រ ហើយ​ចំនួន​នេះ គឺជា​ចំនួន​វិនិយោគិន​ដែល​ចូលរួម​ច្រើន​បំផុត សម្រាប់​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​កន្ល​ង​មក ហើយក៏​បង្ហាញ​ពី​ភាពជឿ​ទុកចិត្ត និង​គាំទ្រ​របស់​អតិថិជន និង​សាធារណជន ចំពោះ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ផងដែរ ។

វិនិយោគិន​អាចដាក់​បញ្ជា​ទិញ-លក់​ភាគហ៊ុន​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់ពី​ម៉ោង ០៨:០០ ព្រឹក នៅ​ថ្ងៃ​ចុះបញ្ជី​ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មានប្រសាសន៍ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ចុះបញ្ជី​ជា​ផ្លូវការ​នៅក្នុង​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា នៅ​ថ្ងៃ​ចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ នេះ ។

លោក បាន​ថ្លែងថា “តាមរយៈ​ការចូលរួម​ក្នុងដំណាក់កាល​បោះផ្សាយ​ល​ក់មូ​លប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី វិនិយោគិន​រូបវន្តបុគ្គល និង​នីតិបុគ្គល មានឱកាស​វិនិយោគ​ជា​លើកដំបូង​នៅក្នុង​ធនាគារពាណិជ្ជ​ដែល​បាន​ចុះបញ្ជី​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ភាគ​ហ៊ុ​និក​សាធារណៈ​ថ្មី​របស់​ធនាគារ នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​ការរីកចម្រើន​របស់​ធ​នាគារ តាមរយៈ​ភាគលាភ​និង​ចំណេញ​មូលធន” ។

លោក បាន​បន្តថា “ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ទាក់ទាញ​វិនិយោគិន​រូបវន្តបុគ្គល​សញ្ជាតិ​ខ្មែរ​ជាច្រើន​ចូលរួម​វិនិយោគ​នៅក្នុង​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា នឹង​បន្ត​រួមចំណែក​អភិវឌ្ឍ​ផ្សារ​មូលធន​កម្ពុជា” ។

លោក Han Kyung Tae អគ្គនាយក​ក្រុមហ៊ុន យាន់​តា ស៊ី​ឃ្យួ​រឹ​ធី (ខេ​ម​បូ​ឌា) ភីអិលស៊ី បាន​មានប្រសាសន៍ថា ជាមួយនឹង​ការចុះបញ្ជី​ភាគហ៊ុន​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុង​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា មូលធនូបនីយកម្ម​ទីផ្សារ​សរុប​របស់​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា នឹង​កើនឡើង ៣ដង ។

លោក Han Kyung Tae បាន​ថ្លែងថា “យើងខ្ញុំ​ជឿជាក់ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បោះជំហាន​ដំបូង​ដ៏​សំខាន់ ដើម្បី​ក្លាយជា​ប្រជា​ធនាគារ​ដ៏​ពិតប្រាកដ តាមរយៈ​ការបោះ​ផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​លើកដំបូង​ជា​សាធារណៈ​នេះ” ។

ក្នុងនាម​ជា​ក្រុមហ៊ុន​ដឹកនាំ​គម្រោង​ដ៏​សំខាន់​នេះ ក្រុមហ៊ុន យាន់​តា នឹង​បន្ត​ជួយ​ដល់​ក្រុមហ៊ុន​បោះផ្សាយ និង​វិនិយោគិន​សាធារណៈ​ទាំងអស់ តាមរយៈ​ការបង្កើន​សន្ទនីយ​ភាព​ភាគហ៊ុន​ធនាគារ​នៅក្នុង​ទីផ្សារ​បន្ទាប់ ។

លោក Han Kyung Tae បាន​ថ្លែង​ទៀតថា “យើងខ្ញុំ​ជឿជាក់ថា ការជួយ​ដល់​ក្រុមហ៊ុន​បោះផ្សាយ​ក្នុងការ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​បន្តបន្ទាប់ និង​ការប្រើប្រាស់​វិធីសាស្ត្រ​ជួញដូរ​តាម​ការចរចា​នាពេល​អនាគត នឹង​ជួយ​បង្កើន​សន្ទនីយ​ភាព និង​ទាក់ទាញ​វិនិយោគិន​បរទេស​បាន​កាន់តែច្រើន មិន​ត្រឹមតែ​សម្រាប់​ភាគហ៊ុន​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ប៉ុណ្ណោះ​ទេ ថែមទាំង​សម្រាប់​ទីផ្សារ​មូលធន​នៅ​កម្ពុជា​ផងដែរ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here