ការពង្រឹង​អំណាច​ទិញ​នៃ​ប្រាក់រៀល​នឹង​រួមចំណែក​រក្សា​ស្ថិរភាព​ថ្លៃ​ឱ្យនៅ​កម្រិត​ទាប

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា​បាន​លើក​ថា ដើម្បី​រួមចំណែក​លើកកម្ពស់​ជីវ​ភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ការពង្រឹង​អំណាច​ទិញ​នៃ​ប្រាក់រៀល នឹង​រួមចំណែក​រក្សា​ស្ថិរភាព​ថ្លៃ​ឱ្យនៅ​កម្រិត​ទាប និង​ពង្រឹង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច។

ធនាគារជាតិ​នៃ​កម្ពុជា​បាន​សង្កេតឃើញថា “ក្នុងអំឡុងពេល​ការរីក​រាលដាល​ជំងឺ​កូ​វីដ១៩ តម្លៃ​រូបិយវត្ថុ​ភាគច្រើន​ក្នុង​តំបន់​បាន​ប្រែប្រួល ដោយសារ​ការថយចុះ​នៃ​សកម្មភាព​សេដ្ឋកិច្ច ជាពិសេស​បានទទួលរ​ង​ការ​ថយ​ថ្លៃ​គួរឱ្យកត់សម្គាល់ ដែល​ក្នុងនោះ​ប្រាក់រៀល​ក៏​ទទួល​សម្ពាធ​នេះ​ផងដែរ ទោះជា​ការ​ថយ​ថ្លៃ​នេះ​មាន​កម្រិត​ទាប​ក៏ដោយ” ។

ជាក់ស្តែង អត្រា​ប្តូរ​ប្រាក់រៀល ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក នៅក្នុង​ឆ្នាំ២០២០ នេះ បាន​ប្រែប្រួល​ខុសពី​បណ្តាឆ្នាំមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុង​គោលដៅ​រួមចំណែក លើកកម្ពស់​ជីវភាពរ​ស់​នៅ​របស់​ប្រជាពលរដ្ឋ តាមរយៈ​ការពង្រឹង​អំណាច​ទិញ​នៃ​ប្រាក់រៀល ដែល​នឹង​រួមចំណែក​រក្សា​ស្ថិរភាព​ថ្លៃ ឱ្យនៅ​កម្រិត​ទាប និង​ពង្រឹង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ធនាគារជាតិ​នៃ​កម្ពុជា បានសម្រេច​ធ្វើ​អន្តរាគមន៍​លើ​ទីផ្សារ​ប្តូរប្រាក់ ដោយ​ប្រកាស​ដាក់​ដេញថ្លៃ​លក់ ប្រាក់​ដុល្លារ​អាមេរិក​ចំនួន៥០លាន​ដុល្លារ​អាមេរិក។ ការដាក់​ដេញថ្លៃ​លក់​ប្រាក់​ដុល្លារ​អាមេរិក​នេះ នឹងមាន​ការចូលរួម​ពី​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ និង​អាជីវករ​ប្តូរប្រាក់។

គោលនយោបាយ​រូបិយវត្ថុ​និង​ហិរញ្ញវត្ថុ ដែល​ធនាគារជាតិ​នៃ​កម្ពុជា​បានដាក់​ចេញ បានរួម​ចំណែក​គាំទ្រ​សកម្មភាព​សេដ្ឋកិច្ច និង​កាត់បន្ថយ​ផលប៉ះពាល់ នៃ​ឥទ្ធិពល​ជំងឺ​កូ​វីដ១។ នេះ​បើ​យោងតាម​ការលើកឡើងរ​បស់​ធនាគារជាតិ​នៃ​កម្ពុជា។

បើ​យោងតាម​ធនាគារជាតិ​នៃ​កម្ពុជា​បានឱ្យដឹងថា បេសកកម្ម​ចម្បង​របស់​ធនាគារជាតិ​នៃ​កម្ពុជា គឺកំណត់​និង​ដឹកនាំ​គោលនយោបាយ​រូបិយវត្ថុ សំដៅ​រក្សា​ស្ថិរភាព​ថ្លៃ ដើម្បី​រួមចំណែក​ជំរុញ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច ក្នុង​ក្របខ័ណ្ឌ​នយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

តាមរយៈ​ការអនុវត្ត​គោលនយោបាយ​រូបិយវត្ថុ ប្រកបដោយ​ភាព​ប្រុងប្រយ័ត្ន អតិផរណា ត្រូវបាន​គ្រប់គ្រង​ឱ្យ​ស្ថិតក្នុង​កម្រិត​ទាប ក្នុង​អត្រា​មធ្យម​ប្រចាំឆ្នាំ​តិចជាង៥% ដែល​សមស្រប​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍។ ទោះជា​យ៉ាងនេះ​ក្តី ក្នុង​បរិការណ៍​សេដ្ឋកិច្ច​ដែលមាន​កម្រិត​ដុល្លា​រូបនីយកម្ម​ខ្ពស់ ប្រសិទ្ធភាព​នៃ​ការអនុវត្ត គោលនយោបាយ​រូបិយវត្ថុ​នៅមានកម្រិត​នៅឡើយ ស្រប​ពេលដែល​ធនាគារ​ជាតិ​នៃ​កម្ពុជា ពុំមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ដើរតួ​ជា​អ្នក​ឱ្យ​ខ្ចី​ចុងក្រោយ។

បច្ចុប្បន្ន​ឧបករណ៍​គោលនយោបាយ រូបិយវត្ថុ​ដែល​ត្រូវបាន​ប្រើប្រាស់ ដើម្បី​រក្សា​ស្ថិរភាព​ថ្លៃ គឺ​ការដាក់​អត្រា​ប្រាក់​បម្រុង​កាតព្វកិច្ច និង​ការធ្វើអន្តរាគមន៍​លើ​ទីផ្សារ​ប្តូរប្រាក់ ។ ជាមួយគ្នានេះ​ធនាគារជាតិ​នៃ​កម្ពុជា​កំពុងអភិវឌ្ឍន៍ ឧបករណ៍​គោលនយោបាយ​រូបិយវត្ថុ​បន្ថែម ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​គោលនយោបាយ​រូបិយវត្ថុ តាមរយៈ​ការចេញផ្សាយ​មូល​ប​ត្រ​អាច​ជួញដូរ​បាន ការអភិវឌ្ឍន៍​ទីផ្សារ​អន្តរ​ធនាគារ​និង​ទីផ្សារ រូបិយវត្ថុ និង​ការពង្រឹង​ការប្រើប្រាស់​ប្រាក់រៀល ។ល៕

LEAVE A REPLY

Please enter your comment!
Please enter your name here