ធនាគារពាណិជ្ជវីងពង្រីកសាខាធំនៅខេត្តព្រះសីហនុ

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ ក្នុងគោលដៅពង្រីកសក្តានុពល និងចាប់យកចំណែកទីផ្សារកាន់តែធំ ធនាគារវីងបានបើកសម្ភោធសាខារបស់ខ្លូន នៅក្រុងព្រះសីហនុ។

ពិធីនេះបានប្រារពធ្វើកាលពីថ្ងៃទី១៨ សីហា ក្រោមអធិបតីភាព លោករ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យ ធនាគារជាតិ នៃកម្ពុជា លោកម៉ាង ស៊ីណេត អភិបាលរង នៃគណៈភិបាលខេត្តព្រះសីហនុ និងអ្នកឧកញ៉ាគិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារ វីង និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប។

លោកម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ការបើកដំណើរការធនាគារវីង សាខាក្រុងព្រះសីហនុ ដែលបានជ្រើសរើសយកក្រុងព្រះសីហនុ ជាទីតាំងថ្មីនៃការពង្រីកសាខាធនាគារវីង ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “នេះជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ សមស្របតាមបរិបទនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសេវាហិរញ្ញវត្ថុក្នុងខេត្តព្រះសីហនុ និងបានជំរាបជូនពីកត្តាភូមិសាស្រ្ត និងវិទ្យាសាស្ត្រខេត្តព្រះសីហនុ នៅក្នុងចក្ខុវិស័យនៃការរៀបចំដែនដីខេត្តឆ្នាំ២០៣០ គឺរៀបចំនិងអភិវឌ្ឍខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាព នៅតំបន់ឆ្នេរសមុទ្រកម្ពុជា “។

លោកម៉ាង ស៊ីណេតបានបន្តថា ការអភិវឌ្ឍនេះធ្វើឡើងស្របតាមរយៈទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាត បំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មានទំនាក់ទំនងទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើបដែលមានសុខដុមនីយកម្ម ជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ។

លោកបន្តថា ផ្អែកតាមចក្ខុវិស័យនេះ ការអភិវឌ្ឍសេវាហិរញ្ញវត្ថុនៅខេត្តព្រះសីហនុ គឺជាតម្រូវការចាំបាច់ ដើម្បីគាំទ្រដល់ដំណើរការអភិវឌ្ឍពាណិជ្ជកម្មនៅលើមូលដ្ឋាន ជីវភាពរស់នៅឧស្សាហកម្ម ទេសចរណ៍ និងការវិនិយោគ។ បច្ចុប្បន្នផ្នែកគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលបោះទីតាំងក្នុងខេត្តព្រះសីហនុ រួមមាន សាខាធនាគារពាណិជ្ជ មាន២៦សាខា សាខាធនាគារឯកទេសមាន២សាខា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមាន១០គ្រឹះស្ថាន ក្រុមហ៊ុនភតិសន្យា៣ក្រុមហ៊ុន។

លោកអភិបាលរងខេត្តបានបន្តថា ក្នុងនាមរដ្ឋបាលខេត្ត សូមថ្លែងអំណរគុណធនាគារជាតិ នៃកម្ពុជា ដែលបានយកចិត្តទុកដាក់ក្នុងការឱ្យ​កំណត់ និងដឹកនាំគោលនយោបាយរូបិយវត្ថុ សំដៅរក្សាស្ថិរភាពថ្លៃ ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍ ក្នុងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ លោករ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិ នៃកម្ពុជា មានប្រសាសន៍បើកសម្ពោធធនាគារ វីង (ខេមបូឌា) ម.ក សាខាក្រុងព្រះសីហនុ ជាផ្លូវការនាពេលនេះ ដែលបានទទួលអាជ្ញាប័ណ្ណ ពីធនាគារជាតិនៃកម្ពុជា ដើម្បីបន្តពង្រីកប្រតិបត្តិការរបស់ខ្លួននៅទូទាំងប្រទេស ដែលជាសក្ខីភាពមួយបង្ហាញពីការជឿជាក់ពីអតិថិជន។

លោកបន្តថា ធនាគារ វីង បានដើរតួនាទីទទួលខុសត្រូវ ក្នុងការបំរើសេវាហិរញ្ញវត្ថុ។ វិស័យធនាគារបានដើរតួនាទីយ៉ាងសំខាន់ ដល់កំណើនសេដ្ឋកិច្ចជាតិ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាលបានកំណត់ចក្ខុវិស័យ បង្កើនកាលានុវត្តភាពថ្មី នៃម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយពេញលេញ ពិសេសរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការ ប្រយុទ្ធប្រឆាំងទប់ស្កាត់និងជំងឺកូវីដ-១៩ ប្រកបប្រសិទ្ធិភាពធ្វើឱ្យកម្ពុជាបើកសេដ្ឋកិច្ច និងបើកប្រទេសឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here