កម្ពុជាគ្រោងពង្រីកការទូទាត់ឆ្លងដែនតាមរយៈ KHQR ជាមួយឡាវ និងវៀតណាម

ដោយ៖ សុផារី

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បាននិងកំពុងធ្វើការជាមួយធនាគារកណ្តាលឡាវ និងវៀតណាម ក្នុងការតភ្ជាប់ការទូទាត់ KHQR ឆ្លងដែន ជាមួយឡាវ និងវៀតណាម ដើម្បីពង្រីក និងសម្រួលដល់ការទូទាត់ឆ្លងដែន ឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ បន្ទាប់ពីកិច្ចសហការរវាងកម្ពុជា-ថៃ និងកម្ពុជា-ម៉ាឡេស៊ី ទទួលបានជោគជ័យ។

យោងតាមរបាយការណ៍ប្រចាំឆមាសទី១ របស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ស្របតាមកំណើនតម្រូវការ និងការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ប្រព័ន្ធទូទាត់សងប្រាក់អេឡិចត្រូនិក ត្រូវបានបន្តអភិវឌ្ឍ និងធ្វើទំនើបកម្ម ដែលបានពង្រឹងការទូទាត់ឱ្យកាន់តែមានប្រសិទ្ធភាព សុវត្ថិភាព និងតម្លៃសមរម្យ។

ទន្ទឹមគ្នានេះ ប្រព័ន្ធផាត់ទាត់ជាតិ ប្រព័ន្ធសេវាទូទាត់រហ័ស និងប្រព័ន្ធខេមបូឌានស៊ែស្វីច កំពុងត្រូវបានធ្វើបច្ចុប្បន្នកម្ម ដោយបន្ថែមមុខងារចាំបាច់មួយចំនួន ហើយប្រព័ន្ធបាគង ក៏កំពុងត្រូវបានអភិវឌ្ឍ សម្រាប់សម្រួលដល់ប្រតិបត្តិការទូទាត់សងប្រាក់តម្លៃធំអន្តរធនាគារ ជាពិសេសប្រតិបត្តិការទូទាត់ ក្នុងទីផ្សារហិរញ្ញវត្ថុ។

ធនាគារជាតិបានបញ្ជាក់ថា ប្រតិបត្តិការទូទាត់អេឡិចត្រូនិក បន្តកើនឡើងជាលំដាប់ ដូចជា ការផ្ទេរមូលនិធិជាប្រាក់រៀល តាមប្រព័ន្ធរីថែលផេ បានកើនឡើងជិត២ដង ហើយការទូទាត់តាមប្រព័ន្ធបាគង បានកើនឡើងដល់១៨,៥ពាន់ពាន់លានរៀល ឬប្រមាណ៤,៥ពាន់លានដុល្លារអាមេរិក ដែលមានប្រតិបត្តិការសរុបចំនួន៨,១លានប្រតិបត្តិការ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បច្ចុប្បន្នមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន៣៧ ជាសមាជិកបាគង បានចូលរួមអភិវឌ្ឍមុខងារ KHQR ក្នុងនោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន២៩ បានបំពេញមុខងារ ដោយជោគជ័យជាមួយ KHOR និងបានដាក់ឱ្យប្រើប្រាស់ និងទូទាត់ទំនិញជាមួយនឹងដៃគូពាណិជ្ជករនៅទូទាំងប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here