តើ​គ្រឹះ​ស្ថាប័នហិរញ្ញវត្ថុ​នានា បានរួម​ចំណែក​អ្វីខ្លះ ក្នុងការ​ជំរុញ​សេដ្ឋកិច្ចកម្ពុជា ចេញពី​វិបត្តិ​ហិរញ្ញវត្ថុ​សកល?

ដោយ៖ ម៉ា​ណេ​ត

ភ្នំពេញ៖ គ្រឹះស្ថាន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ បាន​បន្ធូរបន្ថយ និង​បញ្ចុះ​អត្រា​ការប្រាក់​កម្ចី​ទាប ដល់​អ្នកប្រើប្រាស់​កម្ចី ដើម្បី​ឆ្លើយតប​នឹង​វិបត្តិ ដែល​កំពុង​កើតមាន។

លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា បាន​ថ្លែងប្រាប់​គេ​ទំព័រ Cambodiafinancialtimes.com នៅ​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ​ថា ការពន្យា​ដើមទុន​ត្រ​នប់ បន្ធូរបន្ថយ​ទុនបម្រុង ហើយ​ក្រសួង​សេដ្ឋកិច្ច តាមរយៈ​អគ្គនាយក​ពន្ធដារ បាន​បន្ធូរបន្ថយ​លើ​ពន្ធ​កាត់​ទុក​លើ​ប្រាក់កម្ចី​ពី​បរទេស ធ្វើឱ្យ​ប្រភព​ទុន​ក្នុងស្រុក​សម្បូរ ដែល​អាច​យកមកប្រើ​ប្រាស់​បាន ហើយ​កំណើន​ក្នុង​វិស័យ​ឥណទាន​ក៏​មិនសូវ​ខ្ពស់​ដែរ ដោយសារ​អាជីវកម្ម​ច្រើន​រង​ផលប៉ះពាល់ ដោយសារ​កូ​វីដ១៩ ។

លោក​បណ្ឌិត បានឱ្យដឹងថា “ដូច្នេះហើយ បានជា​គ្រឹះស្ថាន​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​បញ្ចុះ​អត្រា​ការប្រាក់​កម្ចី​ទាប​មែនទែន ខ្ញុំ​និយាយ​ជាទូទៅ ទាប​ក្រោម៧ភាគរយ​ទៀត ធ្វើឱ្យមាន​ការប្រកួតប្រជែង​ក្នុងតម្លៃ (price competition) ដូច្នេះហើយ​ផលប្រយោជន៍​នឹង​បាន​ទៅ​អ្នកប្រើប្រាស់​កម្ចី​ពី​ប្រកួតប្រជែង​នេះ ដូចជា​ប្រភព​ទុន​ដែលមាន​អត្រា​ការប្រាក់​ទាប ហើយ​អ្នកប្រើប្រាស់​កម្ចី​អាច​ប្រើប្រាស់​បាន​រយៈពេល​វែង” ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារ និង​គ្រឹ​ស្ថាន​ហិរញ្ញវត្ថុ ក៏មាន​ការយោគយល់ សម្រាប់​ការរួមរស់​រីកចម្រើន​ជាមួយនឹង​អតិថិជន។ ស្រប​ពេលដែល រាជរដ្ឋាភិបាល​បាន​បន្ធូរបន្ថយ​អនុ​បាត​ខ្លះ ដើម្បី​ឱ្យមាន​ប្រភព​ទុន​ទូលំទូលាយ ហើយ​ធនាគារ​ធ្វើជា​មួយ​អា​តិ​ថិ​ជន​យូរអង្វែង ហើយ​ធនាគារ​ផ្ទាល់ ក៏បាន​បន្ធូរបន្ថយ​ដែរ ដោយ​បន្ធូរបន្ថយ​ទាំង​អត្រា​ការប្រាក់​កម្ចី និង​រយៈពេល​សង​ដើម្បីឱ្យ​អតិថិជន​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការយក​មូលនិធិ​នេះ​ទៅប្រើ​ប្រាស់​ឱ្យបាន​យូរអង្វែង​សម្រាប់​គ្រប់​វិស័យ​ទាំងអស់។

លោក​បណ្ឌិត អ៊ិន ចាន់នី ឱ្យដឹងថា ជាទូទៅ​នៅពេល​ចលនា​សេដ្ឋកិច្ច​ខ្លាំង មូលនិធិ​របស់គាត់​យ​ក​ទៅ​វិនិយោគ​អស់ហើយ ប៉ុន្តែ​ពេល​មាន​ចលនា​សេដ្ឋកិច្ច​តិច គាត់​យក​មូលនិធិ​មក​ផ្ញើ​នៅ​ធនាគារ​ធ្វើឱ្យ​ប្រភព​ទុន​នៅ​ស្រុក​មាន​ច្រើន ដូចជា​ប្រាក់​សន្សំ​ដែលមាន​កាលកំណត់។

លោក បាន​បន្ថែមថា “ថ្វីត្បិតតែ​មាន​ប្រភព​ទុន​ក្នុងស្រុក​ក៏ដោយ ក៏​យើង​ទៅ​តែ​យក​ពី​បរទេស ដែល​កម្ចី​ពី​បរទេស​មាន​រយៈពេលរ​ហូត​ទៅ ៥ ទៅ៧ឆ្នាំ ដើម្បី​យកមក​ឆ្លើយតប​ជាមួយនឹង​តម្រូវ​ឥណទាន​របស់ SME ដែល​គាត់​ត្រូវការ ៥ ទៅ៧ឆ្នាំ​ដែរ ដើម្បី​ជៀសវាង​អតុល្យភាព​នៃ​មូលនិធិ ដូច្នេះ​បានជា​យើង​យកមក​ពី​ក្រៅ​មក​បន្ថែម” ។

ក្នុង​ប្រភព​ទុន​ដែល​ប្រើប្រាស់​ក្នុង​វិស័យ​ធនាគារ ១៥ភាគរយ បានមកពី​ដើមទុន​របស់​ខ្លួនឯង ១៥ ភាគរយ​ទៀត​បានមក​កម្ចី​ពី​បរទេស ៧០ភាគរយ​គឺ​បានមកពី​ប្រាក់​បញ្ញើ​សន្សំ។ នេះ​បើ​យោងតាម​លោក​បណ្ឌិត អ៊ិន ចាន់នី។

សេដ្ឋកិច្ច ដែល​រង​ផលប៉ះពាល់​ពី​ពិភពលោក មាន​រយៈពេល​មិន​ខ្លី​នោះទេ ហើយ​មិនមែន​មួយឆ្នាំ ដែល​បានគិត​ដូច​កាលពីមុន​នោះទេ។ ហើយ​ជំងឺ​កូ​វីដ មាន​រយៈពេល​ជិត​មួយឆ្នាំ​ហើយ​ចាប់តាំងពី​ខែ​ចុងឆ្នាំ២០១៩ ឬ​ដើមឆ្នាំ២០២០ ។

លោក​បណ្ឌិត អ៊ិន ចាន់នី មានប្រសាសន៍ថា ប្រទេស​កម្ពុជា​គឺ​ចំណែក​មួយ​នៃ​សេដ្ឋកិច្ច​សកល។ បើសិន​សេដ្ឋកិច្ច​សកល​មាន​ផលប៉ះពាល់​យូរ យើង​ក៏​ដូចគ្នា​ដែរ។ អាជ្ញាធរ ខ្ញុំ​សំដៅទៅ​ធនាគារជាតិ និង​ក្រសួង​ពាក់ព័ន្ធ ដឹង​ពី​ស្ថានភាព​ដូចគ្នា ហើយ​កំណើនសេដ្ឋកិច្ច​វិល​មករក​ភាព​ធម្មតា​បន្តិចម្តងៗ ដូច្នេះ​ការណ៍​ដែល​យើង​សម្រួល​ដល់​អតិថិជន​គឺមាន​រយៈពេល​វែង​ដូចគ្នា ដើម្បីឱ្យ​អតិថិជន​មាន​ពេល​គ្រប់គ្រាន់។

លោក បាន​បន្តថា “ឧទាហរណ៍ ឥណទាន​យើង​ឱ្យ​គាត់​មាន​រយៈពេល​វែង៧ឆ្នាំ ហើយ​ដល់ពេល​ស្ថានភាព​ស្រួល​ឡើងវិញ យើង​មិន​សុំឱ្យ​អតិថិជន​សង​ក្នុង​រយៈពេល៥ឆ្នាំ​នោះទេ។ យើង​នៅតែ​រក្សា​កិច្ចសន្យា​ជាមួយ​ពួកគាត់​ដដែល អត្រា​ប្រាក់​ដូចគ្នា​ចឹ​ង​ដែរ កាល​យើង​ព្រមព្រៀងគ្នា​ក្នុង​រយៈពេល ៧ឆ្នាំ គឺ​យើង​អត់​កែ​មកវិញ​នោះទេ។ យើង​រួមរស់​រីកចម្រើន​ចម្រើន​ជាមួយ​អតិថិ​របស់​យើង” ។

អតិថិជន​ជាង២៦ម៉ឺន​នាក់​បានស្នើ​រៀបចំ​ឥណទាន​ឡើងវិញ​ជាមួយនឹង​ទំហំ​ទឹកប្រាក់​ប្រមាណ១២០០លាន​ដុល្លារ ចាប់តាំងពី​ខែមីនា​រហូតមកដល់​ខែសីហា​កន្លងមកនេះ។  នៅក្នុង​រយៈពេល​នេះ សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​សង្កេតឃើញថា ការស្នើ​រៀបចំ​ឥណទាន​នេះ មាន​អត្រា​ធ្លាក់ចុះ​នៅ​ចន្លោះ​ខែមិថុនា​មកដល់​ខែសីហា។ មន្ត្រីជាន់ខ្ពស់​របស់​ស​មា​គម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បានឱ្យដឹងថា នេះ​ជាស​ញ្ញា​ល្អ​ដែល​ឆ្លុះបញ្ចាំង​ឱ្យឃើញថា ផលប៉ះពាល់ ដែល​បណ្ដាលមកពី​កូ​វីដ១៩លើ​វិស័យ​មីក្រូហិរញ្ញវត្ថុ​បាន​ថមថយ។

លោក គា បូរាណ ប្រធាន​សមា​គ​មីក្រូហិរញ្ញវត្ថុ បាន​មានប្រសាសន៍​កាលពីថ្មីៗនេះ​ថា វិស័យនេះ​ក្នុង​រយះពេល០២ខែ​ចុងក្រោយ​គឺមាន​លក្ខណៈ​ល្អប្រសើរ​ជាង​កន្លងទៅ ដែល​រាប់​ពី​ខែមេសា ឧសភា ជា​ខែ​ដែល​លំបាក​ជាងគេ បន្ទាប់មក​ខែមិថុនា កក្កដា និង​ខែសីហា អាច​និយាយបានថា វិស័យ​មួយ​នេះ​មាន​លក្ខណៈ​ប្រសើរ​ជាង តាំងពី​ឥណទាន(កម្ចី)មិនល្អ​ក៏​ថយចុះ ហើយ​ចំនួន​អតិថិជន​ដែល​ស្នើសុំ​ឥណទាន​ឡើងវិញ​ក៏មាន​ការធ្លាក់ចុះ រីឯ​ចំនួន​អតិថិជន​ដែល​ត្រូវការ​ឥណទាន​ថ្មី​ក៏មាន​ការកើនឡើង។

លោក​បាន​បន្តថា ចំពោះ​អាជីវករ​ខ្នាតតូច​ក្នុងស្រុក​មាន​ភាពល្អប្រសើ​រ​ជាង​មុន​ដែរ។ តែ​យ៉ាងណាក្តី ផលប៉ះពាល់​ពី​កូ​វីដ១៩ នៅតែមាន​សម្រាប់​វិស័យ​មួយចំនួន​ដែល​មិនទាន់​អាច​ស្តារឡើងវិញ​បាន​នៅឡើយ​ទេ ទោះបីជា​បញ្ហា​កូ​វីដ១៩មាន​ភាព​ធូរស្បើយ​ក្តី។

ទន្ទឹមនេះ លោក​បានបញ្ជាក់​បន្ថែម​ពី​ការ​ជឿជាក់ថា “សម្រាប់​ឆ្នាំ២០២០ទាំងមូល វិស័យ​ហិរញ្ញវត្ថុ​ក្នុងស្រុក​នៅតែ​វិជ្ជមាន ថ្វីត្បិតតែ​ជួប​ការលំបាក​ជួបប្រទះ​ក៏ដោយ និយាយ​ជារួម​រយះពេល០២ ទៅ៣ខែក្រោយ​នេះ​បាន​ងើបឡើង។ ហើយ​ដោយសារ​ប្រទេស​កម្ពុជា រដ្ឋាភិបាល​បាន​គ្រប់គ្រង​បញ្ហា​កូ​វីដ១៩បានល្អ​ប្រសើរ មិនមាន​ការបិទ​ប្រទេស ឬមួយ​ក៏​ត្រឡប់​ដើរ​វិញ ហើយ​ប្រជាជន​យើង​ក៏​នៅតែ​ប្រក​បរបរ ធ្វើដំណើរ​ធម្មតា” ។

លោក​បណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៅ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ប្រាប់​គេ​ទំព័រ Cambodiafinancialtimes.com នៅថ្ងៃនេះ​ផងដែរ​ថា មិនមាន​ការប៉ាន់ប្រមាណ​ត្រូវ ពី​ការ​អូស​បណ្តា​យ​នៃ​ជំងឺ COVID-19 ។

ជាមួយ​ល លោក​លើកឡើងថា ការចាប់ផ្តើម​ការកែប្រែ​ប្រែ​អត្រា​នៅ​កម្ពុជា​មិនបាន​ចាប់ផ្តើម​កាលពី​ត្រីមាស​ទី១ ឬ​ទី២ យើង​ចាប់ផ្តើម​ធ្វើការ​កែប្រែ​អត្រា​ក្នុង​ត្រីមាស​ទី៣ ហើយ​ក្នុង​រយៈពេល​នេះ​គឺ​កិច្ចការ​ដ៏​សំខាន់ ព្រោះ​ឥទ្ធិពល​នៃ​វិបត្តិ ដែល​កើតឡើង​ភ្លាម មិនបាន​បង្ហាញ​ផលប៉ះពាល​ភ្លាម​នោះទេ ព្រោះ​អ្នក​ប្រតិ​ភោគ​មួយចំនួន​ដែល​ប្រើប្រាស់​កម្ចី មានលទ្ធភាព​សង ៣ ទៅ៧ខែ។

លោក បាន​បន្តទៀតថា អ្នកប្រើប្រាស់​កម្ចី​ពី​ធន​គារ ជួប​វិបត្តិ ដូច្នេះ​ខាង​វិស័យ​គ្រឹ​ស្ថាន​ហិរញ្ញវត្ថុ​ក៏ត្រូវ​ប្រជុំគ្នា​បន្ទាន់ ក៏ដូចជា​ការអំពាវនាវ និង​សំនូមពរ​របស់​រដ្ឋាភិបាល​ដែរ ដើម្បី​ធ្វើយ៉ាងណា​សម្រួល​អត្រា​ការប្រាក់​ជួន​ដល់​អ្នក​ដែល​ប្រើប្រាស់​កម្ចី។

លោក បានឱ្យដឹងថា បច្ចុប្បន្ន រាជរដ្ឋាភិបាល​ក៏បាន​ទម្លាក់​កញ្ចប់​ប្រាក់ ដើម្បី​សម្រួល​ស្ថានភាព​សេដ្ឋកិច្ច ដូច​ផ្តល់​កញ្ចប់​ថវិកា​ទៅដល់​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​ធនាគារ SME ជាដើម និង​កញ្ចប់​ថវិកាផ្សេងៗ ដើម្បី​ឆ្លើ​ប​នឹង​នឹង​វិបត្តិ​កំពុង​កើតមាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here