លោកជា ចាន់តូៈវិស័យធនាគារនៅតែបន្តមានវឌ្ឍនភាព និងបានរួមចំណែកយ៉ាងសកម្មជំរុញកំនើនសេដ្ឋកិច្ចជាតិ

ដោយៈ វឌ្ឍនា

ភ្នំពេញៈ ទេសាភិបាលនៃធនាគារជាតិ លោក ជា ចាន់តូបានអះអាងថា វិស័យធនាគារនៅកម្ពុជានៅតែបន្តមានវឌ្ឍនភាព ប្រកបដោយទំនុកចិត្ត និងបានរួមចំណែកយ៉ាងសកម្ម គាំទ្រសកម្ម​ភាពសេដ្ឋកិច្ច។

លោកបានមានប្រសាសន៍ នៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០កន្លងមកថា បណ្តាញប្រតិបត្តិការ និងសេវាហិរញ្ញវត្ថុបានអភិវឌ្ឍ បានកើនចំនួនទីស្នាក់ការ និងសាខាគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅទូទាំងប្រទេសបានកើនដល់២.៤៦៥ ហើយម៉ាស៊ីនដក និងដាក់ប្រាក់ស្វ័យប្រវត្តិ (ATM) មានចំនួន៣,០៨១ គណនីប្រាក់បញ្ញើអតិថិជន កើនដល់៨.២លានគណនី និងគណនីឥណទានកើនដល់៣.២ លានគណនី។

លោកបានបន្ដថា “ជាមួយនឹងការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ប្រព័ន្ធទូទាត់សងប្រាក់ត្រូវបានធ្វើទំនើបកម្ម ឱ្យកាន់តែមានប្រសិទ្ធភាព សុវត្ថិភាព និងតម្លៃសមរម្យ។ ប្រព័ន្ធបាគង និងប្រព័ន្ធរីថែលផេត្រូវបានដាក់ឱ្យដំណើរការបឋម ហើយគ្រោងដាក់ឱ្យដំណើរការជាផ្លូវការ ក្នុងពេលឆាប់ៗខាងមុខ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជា ចាន់តូបានបន្ថែមថា ទន្ទឹមនេះស្តង់ដាQRកូដ កំពុងត្រូវបានអភិវឌ្ឍន៍ក្នុងគោលដៅសម្រួលដល់ការទូទាត់ឆ្លងគ្នា រវាងគ្រឹះស្ថានផ្តល់សេវាទូទាត់ និងការអនុវត្តគម្រោងភ្ជាប់ការទូទាត់ជាមួយប្រទេសក្នុងតំបន់។ ធនាគារជាតិនៃកម្ពុជា បានបន្តគ្រប់គ្រងចរាចរណ៍សាច់ប្រាក់ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីបំពេញសេចក្តីត្រូវការរបស់ប្រជាជនទូទាំងប្រទេស។ ការប្រើប្រាស់ប្រាក់រៀល កើនឡើងគួរឱ្យកត់សំគាល់ក្នុងឆ្នាំ២០១៩ និងដើមឆ្នាំ២០២០នេះ ដែលឆ្លុះបញ្ចាំងដោយកំណើនរូបិយវត្ថុ ក្នុងចរាចរណ៍៣៦.៤ភាគរយ និងកំណើនសមាមាត្រឥណទានជារៀលដល់១៣ភាគរយ នៃឥណទានសរុប។

ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានកើនឡើង១៧.៤ភាគរយ (ដល់២០៤ភាករយ នៃផ.ស.ស.) ឥណទានកើន១៩.៦ភាគរយ (១៣២ភាគរយ នៃផ.ស.ស.) ហើយប្រាក់បញ្ញើកើន១២.៣ភាគរយ (១១៣ភាគរយ នៃផ.ស.ស.)។

លោកជា ចាន់តូបានបញ្ជាក់ទៀតថា សេដ្ឋកិច្ចពិភពលោក កំពុងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលជំងឺ Covid-19 ហើយសេដ្ឋកិច្ចកម្ពុជា ក៏បានទទួលឥទ្ធិពលអវិជ្ជមាននេះផងដែរ ពិសេសវិស័យទេសចរណ៍ កម្មន្តសាល និងសំណង់។ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញវិធានការប្រកបដោយប្រសិទ្ធភាពក្នុងការទប់ស្កាត់ការឆ្លងជំងឺ Covid-19។

ជាមួយគ្នានេះ វិធានការគាំទ្រចំពោះវិស័យដែលប៉ះពាល់ និងប្រជាពលរដ្ឋងាយរងគ្រោះ ត្រូវបានដាក់ជាបន្តបន្ទាប់ ដែលបានកាត់បន្ថយផលប៉ះពាល់ និងរក្សានិរន្តរភាពនៃអាជីវកម្មព្រមទាំងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោកបានបន្ដថា ជញ្ជីងទូទាត់ត្រូវបានប៉ាន់ស្មានថាមានអតិរេក ដោយសារលំហូរចូលគណនីហិរញ្ញវត្ថុ នៅតែអាចផាត់ទាត់ការកើនឡើងឱនភាពគណនីចរន្ត ដែលបណ្តាលមកពីការធ្លាក់ចុះចំណូលពីទេសចរ និងប្រាក់បង្វែររបស់ពលករក្រៅប្រទេស។ ទុនបម្រុ​ងអន្តរជាតិរក្សាបានកម្រិតខ្ពស់ ដែលអាចធានាការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់ប្រមាណ១០ខែខ្ពស់ ជាងកម្រិតអប្បបរមា សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍គួរមាន(៣ខែ)។

លោកបានបន្ថែមថា អតិផរណារួមមានកម្រិតទាប ក្នុងអត្រា២.៥ភាគរយ  ដោយ​សារការធ្លាក់ថ្លៃក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ ដែលបានបន្ថយសម្ពាធនៃកំណើនថ្លៃក្រុមម្ហូបអាហារ។ ជាមួយគ្នានេះអត្រាប្តូរប្រាក់រៀល ធៀបនឹងប្រាក់ដុល្លារអាមេរិកបានកើនឡើងបន្តិច រូបិយវត្ថុទូទៅ(M2) មានកំណើន១១.៥ភាគរយ ទាបជាងកំនើនក្នុងគ្រាដូចគ្នាឆ្នាំមុន២៣.៤ភាគរយ ជាចម្បងបណ្តាលមកពី កំណើនទាបនៃប្រាក់បញ្ញើជារូបិយប័ណ្ណ៧.២ភាគរយ ដោយសារការថយចុះសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ទោះបីជាប្រាក់បញ្ញើជារៀល បានបន្តកើនឡើងខ្ពស់៤១ភាគរយក៏ដោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here