កម្ពុជា ត្រូវការរូបិយវត្ថុជាតិខ្លាំង ដើម្បីពង្រឹងភាពធន់នៃវិស័យសេដ្ឋកិច្ច

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ ការចាយវាយរូបិយវត្ថុជាតិប្រាករៀលរបស់ប្រជាពលរដ្ឋកម្ពុជា នាពេលបច្ចុប្បន្ននេះ គេមើលឃើញថា មានភាពទូលំទូលាយគួរសម ក៏ប៉ុន្តែបើធៀបនឹងបណ្ដាប្រទេសជិតខាង ការប្រើប្រាស់រូបិយវត្ថុជាតិរបស់កម្ពុជានៅមានកម្រិតនៅឡើយ ព្រោះថា កម្ពុជា នៅទទួលយកការចាយវាយរូបិយវត្ថុអន្តរជាតិជាពិសេសប្រាក់ដុល្លារ ។

ថ្លែងនៅក្នុងពិធីអបអរសាទរទិវា ប្រាក់រៀល លើកទី៤០ កាលពីថ្ងៃទី២៨ កញ្ញា ២០២០ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា លោកជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា កម្ពុជាត្រូវការរូបិយវត្ថុជាតិខ្លាំងដើម្បីពង្រឹងភាពធន់នៃវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៅនឹងវិបត្តិ ព្រមទាំងអាចគាំទ្រកំណើននិងអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រកបដោយចីរភាពនិងបរិយាប័ន្ន។
លោកបន្តថា ប្រទេសមួយមានអធិបតេយ្យភាពផ្នែកសេដ្ឋកិច្ច និងនយោបាយពេញលេញ លុះត្រាតែប្រទេសអាចគ្រប់គ្រងរូបិយវត្ថុរបស់ខ្លួនបាន ។ ជាក់ស្ដែងនៅក្នុងរបបខ្មែរក្រហម កម្ពុជា មិនមានការចាយវាយអ្វីទាំងអស់សូម្បីតែប្រាក់រៀលរបស់ខ្លួន ក៏ត្រូវបានចរាចរណ៍នៅលើទីផ្សារដែរ ។

លោក បានឱ្យដឹងទៀតថា ដូចឃើញហើយ កាលនោះប្រទេសជាតិត្រូវខ្ទេចខ្ទាំសេដ្ឋកិច្ច តែបន្ទាប់ពីរបបនោះបានដួលរំលំប្រាក់រៀលក៏បានបោះពុម្ពផ្សាយឡើងនៅអំលុងឆ្នាំ១៩៨០ ។ ចាប់តាំងពីនោះមកប្រាក់រៀលរបស់ជាតិក៏ត្រូវបានផ្សព្វផ្សាយនិងជំរុញការចាយវាយជាបន្តបន្ទាប់រហូតមកដល់ពេលនេះ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ជា ចាន់តូ បានអំពាវនាវនិងជំរុញអោយពលរដ្ឋ។កម្ពុជាគ្រប់ស្រទាប់ ទាំងអាជីវករ ពាណិជ្ជករ ចូលរួមគាំទ្រនិងប្រើប្រាស់ប្រាក់រៀលរបស់កម្ពុជាអោយកាន់តែច្រើនឡើង ដើម្បីគាំទ្រសេដ្ឋកិច្ច និងលើកកម្ពស់រូបិយវត្ថុជាតិយើងអោយកាន់តែមានវិសាលភាពទូលំទូលាយ ។

យោងតាមសំណេររបស់លោកស្រី ជា សិរី អគ្គនាយកធនាគារជាតិនៃកម្ពុជាកន្លងមក បានឱ្យដឹងថា ការប្រើប្រាស់រូបិយវត្ថុជាតិកាន់តែច្រើន នឹងជួយអោយប្រទេសមានភាពងាយស្រួលក្នុងការគ្រប់គ្រងសេដ្ឋកិច្ច ក្នុងគ្រាដែលមានវិបត្តិ ។
លោកស្រី ជា សិរី បានថ្លែងបន្តថា ការកាត់បន្ថយនូវការប្រើប្រាស់រូបិយវត្ថុអន្តរជាតិ និងងាកមកប្រើរូបិយវត្ថុជាតិ វាមិនមានអ្វីចំលែកនោះទេ គឺក្នុងគោលដៅ ក្នុងការបង្កលក្ខណៈងាយស្រួលដល់រាជរដ្ឋាភិបាលក្នុងគ្រប់គ្រងបាននូវវិបត្តិសេដ្ឋកិច្ចដែលកើតឡើងនៅពេលណា ។

នៅក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជា រក្សាបានស្ថិរភាពថ្លៃ និងតម្លៃ ប្រាក់រៀលបានល្អប្រសើរ ដែលរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។ ជាក់ស្ដែងអតិផរណាមានអត្រាជាមធ្យម ៣,៨ ភាគរយ ហើយអត្រាប្តូរប្រាក់មានកម្រិតជាមធ្យម៤០០០រៀលក្នុងមួយដុល្លារអាមេរិក ឬលើសនេះតិចប៉ុណ្ណោះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here