ធនាគារហត្ថាចូលរួមគៀងគររកមូលនិធិសម្រាប់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប

 ដោយៈ វាសនា

       សៀមរាបៈ ធនាគារ ហត្ថា គឺជាធនាគារពាណិជ្ជដែលមានបណ្តាញធំជាងគេលំដាប់ទី២ ផ្អែកទៅលើសាខាប្រតិបត្តិការនៅកម្ពុជា ដែលបានចូលរួមកៀរគរមូលនិធិ ក្នុងការប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ប្រចាំឆ្នាំលើកទី៩ របស់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប និងបានប្រកាសជាសាធារណៈនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ ដើម្បីជួយទ្រទ្រង់ដល់ដំណើរការផ្តល់សេវាសុខភាពប្រកបដោយគុណភាព និងឥតគិតកម្រៃដល់កុមារកម្ពុជា។

បុណ្យផ្កាប្រាក់មហាសាមគ្គី ដែលរៀបចំឡើងដោយមន្ទីរពេទ្យកុមារអង្គរ និងមានការចូលរួមសហការពី ធនាគារហត្ថា​ នេះគឺមានគោលបំណងប្រមូលបច្ច័យ ដើម្បី​ជួយសម្រាលបន្ទុកដល់មន្ទីរពេទ្យ ក្នុងការពិនិត្យព្យា​បាល និងការថែទាំកុមារកម្ពុជាដែលមាន ប្រមាណពី៤០០ ទៅ៤៥០ នាក់ក្នុងមួយថ្ងៃៗ តាមផ្នែកនីមួយៗ ដូចជា នៅផ្នែកសម្រាកព្យាបាល ផ្នែកពិគ្រោះជំងឺ ផ្នែកជំងឺធ្ងន់ធ្ងរ ជំងឺភ្នែក មាត់ធ្មេញ និងផ្នែកជំងឺផ្សេងៗជាច្រើនទៀត។

អំពីកម្មពិធីបុណ្យ៖ នៅក្នុងឆ្នាំ ២០២២នេះ គឺជាឆ្នាំទី៩​ ដែលមន្ទីរពេទ្យកុមារអង្គរបានរៀបចំពិធីនេះឡើង ដោយមានពីរវគ្គ គឺ៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វគ្គទី១ កម្មវិធីសម្តែងព្រះធម៌ទេសនា តាមរយៈអនឡាញដែលផ្សា​យ​​ផ្ទាល់ចេញពីគេហទំព័រហ្វេសប៊ុក របស់មន្ទីរពេទ្យកុមារអង្គរ ដោយធម្មកថិកដែលមានព្រះនាមល្បីៗនៅក្នុង និងក្រៅប្រទេសកម្ពុជា​ ចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ នៅវេលាម៉ោង៩ ដល់ម៉ោង១០ព្រឹកជាធម្មទាន។

វគ្គទី២    គឺកម្មពីធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដែលនឹងរៀបចំឡើងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង២ រសៀលរហូតដល់ម៉ោង៦ល្ងាច នៅក្នុងបរិវេណមន្ទីរពេទ្យកុមារអង្គរ ក្រុងសៀមរាប ដោយកម្មពិធីនេះ មានរួមបញ្ចូលទាំងពិធីសូត្រមន្ត ចម្រើនព្រះបរិត ការសម្តែងព្រះធម្មទេសនាដោយ សម្តេចព្រះមហាអរិយវង្ស បណ្ឌិតឃី សុវណ្ណរតនា ព្រះអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក និងជាអគ្គលេខាធិការរងថេសភាសង្ឃនៃពុទ្ធសាសនានៅព្រះរាជាណាចក្រ​​  កម្ពជា និងកិច្ចបូជា ការប្រកាសទឹកប្រាក់សប្បុរសដែលទទួលបានជាកិច្ចបង្ហើយបុណ្យ។

តាម​រយៈកម្មវិធីបុណ្យនេះ ពុទ្ធសនិកជន និងសប្បុរសជនទាំងអស់អាចចូលរួមចាប់មគ្គផល ជាមួយមន្ទីរពេទ្យកុមារអង្គរ តាមរយៈ ​គណនីរបស់ធនាគារហត្ថា ដែលមានលេខ 168000000225 (សម្រាប់ប្រាក់​រៀល) និង 168000000224 (សម្រាប់ប្រាក់​ដុល្លារដែលមានឈ្មោះថា Hattha Bank Charity to Angkor Hospital for Children៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here