លោក ជា ចាន់តូ៖ ប្រព័ន្ធធនាគាររឹងមាំ បានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ ប្រព័ន្ធធនាគារមានភាពរឹងមាំ និងបានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច ខណៈ អតិផរណាបន្តរក្សាបានក្នុងកម្រិតទាបមប្រមាណ ៣ភាគរយជាមួយនឹងសិរភាពល្អនៃអត្រាប្តូរប្រាក់ ។ នេះបើយោងតាមការលើកឡើងរបស់លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។

ការលើកឡើងនេះ បានធ្វើឡើងក្នុងជំនួបប្រជុំមួយរវាងលោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និងលោក Yasuhisa Ojima តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំប្រទេសកម្ពុជានៅធនាគារជាតិនៃកម្ពុជាក្នុងសប្តាហ៍នេះ។

លោក ជា ចាន់តូ បានជម្រាបជូនពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនិងវិស័យធនាគារកម្ពុជា ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២០ នេះ។ លោកថា “អតិផរណាបន្តរក្សាបានក្នុងកម្រិតទាបប្រមាណ ៣% ជាមួយនឹងស្ថិរភាពល្អនៃអត្រាប្តូរប្រាក់”។ 

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក បានបន្តថា “ទុនបម្រុងអន្តរជាតិបន្តកើនឡើង និងមានកម្រិតស្មើនឹង ១០ខែនៃការនាំចូលទំនិញនិងសេវា។ ប្រព័ន្ធធនាគារមានភាពរឹងមាំ និងបានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ចនិងជួយបន្ធូរបន្ថយការលំបាករបស់វិស័យនានា និងប្រជាជនដែលទទួលរងផលប៉ះពាល់ពីឥទ្ធិពលនៃការរីករាលដាលពីជំងឺកូវីដ១៩ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល”។

លោក Yasuhisa Ojima បានអបអរសាទរចំពោះប្រសិទ្ធភាពនៃការបង្ការការឆ្លងជំងឺកូវីដ១៩ នៅកម្ពុជារបស់រាជរដ្ឋាភិបាល។ តំណាងឱ្យ IMF លោកក៏បានគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលនិងធនាគារជាតិនៃកម្ពុជា ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងដំណាក់កាលនេះ ស្របពេលដែលប្រទេសនានាលើពិភពលោកកំពុងប្រឈមនឹងការធ្លាក់ចុះសេដ្ឋកិច្ចនិងការរីករាលដាលនៃជំងឺកូវីដ១៩។ 

ទន្ទឹមនេះ IMF ក៏បានត្រៀមខ្លួនសហការនិងផ្តល់ជាអនុសាសន៍ ក្នុងដំណើរការស្តារកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលកំពុងតែងើបឡើងវិញជាលំដាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here