ធនាគារកណ្តាលថៃរក្សាអត្រាការប្រាក់ក្នុងកម្រិតទាបបំផុត ដើម្បីទប់ទល់អតិផរណាខ្ពស់ខ្លាំង

ដោយ៖ លាងហួរ

ប្រទេសថៃ៖ ធនាគារកណ្តាលរបស់ប្រទេសថៃ បានរក្សាអត្រាការប្រាក់របស់ខ្លួនឱ្យនៅដដែល ជាថ្មីម្តងទៀត នៅថ្ងៃពុធនេះ ទោះបីជាអតិផរណាបានកើនឡើងខ្ពស់ខ្លាំងក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកបុស្តិ៍នៅថ្ងៃទី០៨ ខែមិថុនានេះ។

ធនាគារកណ្តាលប្រទេសថៃ បានព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសខ្លួនថា នឹងកើនឡើងបន្តិច ក្នុងអត្រា៣,៣ភាគរយ ក្នុងឆ្នាំ២០២២ កើនឡើងពីការព្យាករណ៍ពីមុន សម្រាប់កំណើនត្រឹម៣,២ភាគរយ។ ចំណែក នៅឆ្នាំ២០២៣ នឹងកើនឡើងដល់៤,២ភាគរយ ធ្លាក់ចុះការព្យាករណ៍ពីមុនរបស់ ដែលមាន៤,៤ភាគរយ។

ធនាគារនេះ ក៏បានបង្កើនការព្យាករណ៍របស់ខ្លួន សម្រាប់អតិផរណានៅឆ្នាំនេះផងដែរ ដោយបានឱ្យដឹងថា នឹងនៅតែកើនឡើងក្នុងរយៈពេលយូរជាងការរំពឹងទុកទៅទៀត។ ការសម្រេចចិត្តដំឡើងអត្រាការប្រាក់ដោយធនាគារកណ្តាល នឹងស្របតាមស្ថានភាពសេដ្ឋកិច្ច និងអតិផរណាជាក់ស្តែង។

ធនាគារកណ្តាលប្រទេសថៃ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំគោលនយោបាយរបស់ខ្លួនថា គណៈកម្មាធិការកណ្តាលយល់ថា គោលនយោបាយរូបិយវត្ថុ ដែលមានប្រសិទ្ធភាព នឹងមានភាពចាំបាច់តិចជាងមុន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារកណ្តាលរំពឹងថាតម្លៃអ្នកប្រើប្រាស់ជាមធ្យមប្រចាំឆ្នាំ២០២២នឹងខ្ពស់ជាងឆ្នាំមុន៦,២ភាគរយធៀប។ សម្រាប់ឆ្នាំ២០២៣ តម្លៃអ្នកប្រើប្រាស់ត្រូវបានព្យាករណ៍ថា នឹងមានការកើនឡើង២,៥ភាគរយ ធៀបនឹងការព្យាករណ៍ពីមុន១,៧ភាគរយ។

ក្នុងវិស័យទេសចរណ៍ ធនាគារកណ្តាលថៃ បានបង្កើនការព្យាករណ៍របស់ខ្លួន សម្រាប់ការមកដល់នៃភ្ញៀវទេសចរបរទេស សម្រាប់ឆ្នាំ២០២២នេះ ដល់៦លាននាក់ ពី៥,៦លាននាក់ ដែលបានព្យាករណ៍ពីមុន ហើយរំពឹងទេសចរបរទេសចំនួន១៩លាននាក់ ក្នុងឆ្នាំ២០២៣។

សម្រាប់វិស័យពាណិជ្ជកម្ម ធនាគារមួយនេះ បានបង្កើនការព្យាករណ៍ សម្រាប់ឆ្នាំ២០២២ ការនាំចេញនឹងកើនឡើងដល់៧,៩ភាគរយ ធៀបនឹងការកើនឡើង៧ភាគរយ ហើយនឹងកើនឡើង២,១ភាគរយនៅឆ្នាំក្រោយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here