ធនាគារពិភពលោកជួយកម្ពុជាក្នុងការរៀបចំយុទ្ឋសាស្រ្តកាត់បន្ថយថ្លៃឡូជីស្ទិក

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោក បានពិភាក្សាគ្នាលើការរៀបចំយុទ្ធសាស្រ្ត ដើម្បីកាត់បន្ថយថ្លៃឡូជីស្ទីកនៅកម្ពុជា ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកឱ្យកាន់តែមានប្រសិទ្ធភាព។

កិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ ធ្វើឡើងនៅកិច្ចប្រជុំរវាងលោកវង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Cordula Rastogi សេដ្ឋវិទូជាន់ខ្ពស់របស់ WB មកពីទីស្នាក់ការកណ្តាលទីក្រុង វ៉ាស៊ីងតោនកាលពីថ្ងៃទី៦ មិថុនាកន្លង​មកនេះ។

លោកវង្ស៊ី វិស្សុតបានមានប្រសាសន៍ក្នុងជំនួបពិភាក្សានោះថា វិស័យឡូជីស្ទីក គឺជាវិស័យអាទិភាព និងជាគន្លឹះសម្រាប់ជំរុញ ការធ្វើពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជា ការអភិវឌ្ឍជាទូទៅសម្រាប់កម្ពុជា​ ដោយលោកបានទទួលស្គាល់ថា សេដ្ឋកិច្ចកម្ពុជា ពិតជាមិនអាចរីកចម្រើន លូតលាស់ជឿនលឿនទៅមុខបានវែងឆ្ងាយឡើយ ប្រសិនបើកម្ពុជាពុំមានប្រព័ន្ធឡូជីស្ទីក ដែលប្រកបដោយប្រសិទ្ធភាព សក្កិសិទ្ធិភាព និងរស់រវើក។

តាមរយៈការកែទម្រង់រចនាសម្ព័ន្ធ ដើម្បីកាត់បន្ថយថ្លៃឡូជីស្ទីក និងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកឱ្យកាន់តែរស់រវើក និងមានប្រសិទ្ធភាព គឺដើម្បីទាក់ទាញវិនិយោគដែលនឹងប្តូរទីតាំង ចេញពីប្រទេសចិន សម្រា​ប់ជំរុញការធ្វើពិពិធម្មមូលដ្ឋានសេដ្ឋកិច្ច នៅក្នុងរយៈពេលខ្លី និងមធ្យ​ម និងរយៈពេលវែង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរយៈកិច្ចពិភាក្សាគ្នានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោក ឯកភាពគ្នាបន្តធ្វើសិក្សាស៊ីជម្រៅ លើចំណុចមួយចំនួនទៀត ដើម្បីធ្វើឱ្យឯកសារយុទ្ធសាស្រ្តដ៏សំខាន់នេះ ក្លាយជារបៀបវារៈនៃការកែទម្រង់ ដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញទាក់ទាញការវិនិយោគ ពីខាងក្រៅប្រទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here