រដ្ឋាភិបាល​​មីយ៉ាន់ម៉ា​​បញ្ជា​​ឲ្យ​​ស្ថាប័ន​​រដ្ឋ​​ឈប់​​ប្រើ​​រូបិយ​ប័ណ្ណ​​បរទេស

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ ធនាគារ​កណ្តាល​របស់​ប្រទេស​មីយ៉ាន់ម៉ា ​បាន​បញ្ជា​​ឲ្យ​រដ្ឋ​មន្ត្រី និង​រដ្ឋាភិបាល​មូលដ្ឋាន ​ឈប់​ប្រើ​ប្រាស់​រូបិយប័ណ្ណ​បរទេស​ សម្រាប់​ប្រតិបត្តិការ​ក្នុង​ស្រុក ​ដើម្បី​ជួយ​បន្ធូរ​បន្ថយ​សម្ពាធ​​រូបិយប័ណ្ណ​ គីយ៉ាត (Kyat) របស់​ខ្លួន។

សេដ្ឋកិច្ច​របស់​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ ​បាន​​ធ្លាក់​ក្នុង​វិបត្តិ​ចាប់​តាំង​ពី​យោធា ​បាន​ដណ្តើម​កាន់​កាប់​អំណាច​កាល​ពី​ឆ្នាំ​មុន បញ្ឈប់កំណែ​ទម្រង់​សេដ្ឋកិច្ច និង​នយោបាយ​​មួយ​ទសវត្សរ៍ ព្រម​ទាំង​​ដាក់​សម្ពាធ​លើ​​អត្រា​ប្តូរ​ប្រាក់​របស់​រូបិយប័ណ្ណគីយ៉ាត ធៀប​នឹង​ប្រាក់​ដុល្លារ​អាមេរិក។

ទេសាភិបាល​រងនៃ​ធនាគារ​កណ្តាល​ លោក Win Thaw បាន​និយា​យ​ក្នុង​សេចក្តី​ប្រកាស​មួយ​ចេញ​កាល​ពី​ថ្ងៃ​ពុធ​ថា “បន្ថែម​​លើ​តម្រូវ​ការ​កំពុង​កើន​ឡើង​សម្រាប់​រូបិយប័ណ្ណ​បរទេស អត្រា​ប្តូរ​ប្រាក់​​អាច​ប្រែ​ប្រួល ដោយ​សារ​ការ​អនុវត្ត​នៃ​ការ​ទទួល និង​បញ្ចេញ​ប្រាក់​បរទេស​សម្រាប់​ទំនិញ និង​សេវាកម្ម​ដែល​​ទិញ​នៅ​ក្នុង​ប្រទេស”។

លោក Win Thaw បាន​និយាយ​ថា បច្ចុប្បន្ន ស្ថាប័ន​នានា​ដូច​ជា សណ្ឋាគារ ភោជនីយដ្ឋាន ​ហាង និង​សាលា​រៀន​អន្តរជាតិ​ជា​ដើម​កំពុង​ប្រើ​ប្រាស់​ប្រាក់​ដុល្លារ​ជាង​គីយ៉ាត ប៉ុន្តែ​ក៏​មាន​អាជីវកម្ម និង​ស្ថាប័ន​ដែល​ដំណើរ​ការ​ដោយ​ក្រសួង​ដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រូបិយប័ណ្ណគីយ៉ាត​របស់​មីយ៉ាន់ម៉ា​ គួរ​ត្រូវ​បាន​ប្រើ​ក្នុង​ការ​ទូទាត់​ក្នុង​ស្រុក ​ទាំង​ក្រសួង​ពាក់​ព័ន្ធ រដ្ឋាភិបាល​មូលដ្ឋាន​ និង​​រដ្ឋ​​…​គួរ​ណែនាំ​ស្ថាប័ន​របស់​ខ្លួន​ថា​ជា​ការ​ចាំបាច់”។ លោកបាន​និយាយ​ក្នុង​សេចក្តី​ប្រកាស ​​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ក្រសួង និង​រដ្ឋាភិបាល​​មូលដ្ឋាន។

បទ​បញ្ជា​នេះ​គឺ​ថ្មី​បំផុត ​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​អាជ្ញាធរ​ ដើម្បី​​គ្រប់​គ្រង​បន្ថែម​លើ​រូបិយប័ណ្ណបរទេស ​ក្នុង​ប្រទេស​ដែល​គ្រប់​គ្រង​ដោយ​យោធា៕

LEAVE A REPLY

Please enter your comment!
Please enter your name here