ធានាគារជាតិស្វីស ជំទាស់ការទិញ និងការរក្សាទុក Bitcoin ជារូបិយប័ណ្ណបម្រុង

ដោយៈសុខុម

ហ្ស៊ូរិច: ធនាគារជាតិស្វីស (SNB) កំពុងជំទាស់ការទិញ និងការរក្សាទុក Bitcoin ជារូបិយប័ណ្ណបម្រុង ដោយសារវាគ្មានលក្ខណសម្ប​ត្តិ​គ្រប់គ្រាន់។ នេះបើយោងតាមលោក Thomas Jordan ប្រធាន SNB ថ្លែងក្នុងកិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់ SNB កាលពីថ្ងៃសុក្រ ទី២៩ ខែមេសា។

លោក Thomas Jordan បានលើកឡើងថា “ការទិញ Bitcoin មិនជាបញ្ហាចោទសម្រាប់យើងទេ គឺយើងអាចទិញដោយផ្ទាល់ក៏បាន ឬក៏ទិញជាផលិតផលវិនិយោគដែលផ្អែកលើ Bitcoin ក៏បាន។ យើងអាចរៀបចំលក្ខខណ្ឌបច្ចេកទេស និងប្រតិបត្តិការបានយ៉ាងឆាប់រហ័ស នៅពេលយើងជឿជាក់ថា យើងត្រូវមាន Bitcoin នៅក្នុងតារាងតុល្យការរបស់យើង”។

លោកថ្លែងបន្ថែមទៀតថា “ប៉ុន្តែផ្អែកតាមទស្សនៈបច្ចុប្បន្ន យើងមិនជឿថា Bitcoin អាចបំពេញបានតាមលក្ខខណ្ឌ តម្រូវនៃរូបិយប័ណ្ណបម្រុងឡើយ”។ លោកបន្តថា “នោះហើយជាមូលហេតុដែលរហូតមកទល់ពេលនេះ យើងមិនទាន់បានសម្រេចចិត្តថា ត្រូវមាន Bitcoin នៅក្នុងតារាងតុល្យការរបស់យើង ឬយ៉ាងណា”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមសកម្មជនប្រឆាំងការប្រែប្រួលអាកាសធាតុ បានធ្វើការតវ៉ានៅខាងក្រៅកិច្ចប្រជុំនៅទីក្រុង Bern នេះ ដោយទាមទារឱ្យធនាគារជាតិស្វីស SNB បញ្ចប់ការវិនិយោគរបស់ខ្លួន ក្នុងបណ្ដាក្រុមហ៊ុនដែលពួកគេនិយាយថា កំពុងរួមចំណែកធ្វើឱ្យផែនដីឡើងកម្ដៅ តាមរយៈការបំភាយឧស្ម័នកាបូន។

សកម្មជន Nora Scheel ដែលមកពីក្រុមប្រឆាំងការប្រែប្រួលអាកាសធាតុ Campax និយាយថា “ធនាគារជាតិស្វីស វិនិយោគរាប់ពាន់លានដុល្លារ នៅក្នុងឧស្សាហកម្មឥន្ធនៈហ្វូស៊ីលជារៀងរាល់ឆ្នាំ ដែលមានចំណែកបំភាយឧស្ម័នកាបូន ស្ទើរស្មើកម្រិតនៃការបំភាយ ក្នុងប្រទេសស្វីសទាំងមូល”។

លោក Thomas Jordan បានបញ្ជាក់ថា ធនាគារជាតិស្វីស SNB ដែលវិនិយោគលើរូបិយប័ណ្ណបរទេស ចំនួនទឹកប្រាក់៩៣៧ពាន់លានដុល្លារ បានកាត់បន្ថយការវិនិយោគរបស់ខ្លួន នៅក្នុងក្រុមហ៊ុនថាមពល និងឥន្ធនៈហ្វូស៊ីលពី១០%មកនៅត្រឹម៣%ទៅ៤%ប៉ុណ្ណោះ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here