ធនាគារហត្ថាដាក់ឱ្យដំណើរការជាផ្លូវការនូវ Hattha Smart Banking ដើម្បីបន្តផ្តល់នូវសេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែប  និងទាន់សម័យ

ដោយៈ វាសនា

ភ្នំពេញៈ ធនាគារ ហត្ថា គឺជាធនាគារពាណិជ្ជដែលមានបណ្តាញធំជាងគេលំដាប់ទី២ ផ្អែកទៅលើសាខាប្រតិបត្តិការ​នៅកម្ពុជា បានរៀចំពិធីដាក់ឱ្យដំណើរការជាផ្លូវការនូវ Hattha Smart Banking​ ដើម្បីផ្តល់ជូននូវស្វ័យសេវាធនាគារ ប្រកបដោយភាពឆ្លាតវៃ ងាយស្រួលប្រើប្រាស់បាន២៤ម៉ោង ជាពិសេសបំពាក់ដោយបចេ្ចកវិទ្យា ដ៏ទាន់សម័យដែលមាន ដូចជា ម៉ាស៊ីនអេធីអឹមដក-ដាក់ប្រាក់ ម៉ាស៊ីនបើកគណនីប្រាក់បញ្ញើសន្សំ និងសេវាកម្មផ្សេងៗជាច្រើនទៀត។

លោកឧញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកធនាគារហត្ថា បានមានប្រសាសន៍ថា “ធនាគារ ហត្ថា បានយល់យ៉ាងច្បាស់ អំពីតម្រូវការរបស់អតិថិជន ជាពិសេសតម្រូវការសេវាកម្មធនាគារតាមបែបឌីជីថល ដូចនេះបានជាធនាគារវិនិយោគ នូវទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីបង្កើត និងដាក់អោយប្រើប្រាស់ Hattha Smart Banking នៅថ្ងៃនេះ។

លោកបន្តថា “យើងជឿជាក់ថា Hattha Smart Banking ពិតជាអាចជួយសម្រួល ដល់ការធ្វើប្រតិបតិ្តការហរិញ្ញវត្ថុរបស់អតិថិជន ឱ្យកាន់តែមានភាពងាយស្រួល ចំណេញពេលវេលា ជាពិសេសជាផ្នែកមួយដ៏សំខាន់សម្រាប់ការរស់នៅ និងការប្រកបអាជីវកម្មតាមបែបគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ១៩”។ លោកបានបន្ថែមទៀតថា “ជាជំហានដំបូង យើងដាក់អោយប្រើប្រាស់ នៅសាខាចំការមននេះមួយសិន ហើយក្នុងពេលឆាប់ៗខាងមុខនេះ Hattha Smart Banking នឹងត្រូវដាក់ឱ្យប្រើប្រាស់ជាច្រើនកន្លែងផ្សេងទៀតក្នុងក្រុងភ្នំពេញ និងបណ្តាខេត្តធំៗមួយចំនួនទៀត”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ លោក នួន វីរ:ដារ៉ា អគ្គនាយកឌីជីថល ធនាគារ ហត្ថា បានមានប្រសាសន៍ថា “ជាមួយ Hattha Smart Banking   អតិថិជនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុយ៉ាងសម្បូរបែប២៤/៧ បានយ៉ាងងាយស្រួល មិនអស់កម្រៃសេវា និងមានសុវត្ថិភាពខ្ពស់។ សេវាហិរញ្ញវត្ថុទំាងនោះរួមមាន បើកគណនីបញ្ញើសន្សំ បើកគណនីបញ្ញើមានកាលកំណត់ ដាក់/ដកប្រាក់ ផ្ទេរប្រាក់ក្នុងនិងឆ្លងធនាគារ បង់វិក័យបត្រគ្រប់ប្រភេទ ជាដើម។ល។”

ក្នុងឱកាសនេះផងដែរ ដើម្បីអបអរសាទរនូវសមិទ្ធផលថ្មីមួយទៀត ក្នុងការដាក់ឱ្យប្រើប្រាស់នូវ Hattha Smart Banking បានដោយជោគជ័យ   ធនាគារ ហត្ថា ក៏បានរៀបចំស្តង់ប្រូមូសិន​ នៅមុខការិយាល័យសាខាចំការមនរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៨ រហូតដល់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២​ ក្នុងគោលបំណងផ្តល់នូវពត៌មានផ្សេងៗ ទាក់ទងទៅនឹងសេវាហិរញ្ញវត្ថុ និងផ្តល់នូវរង្វាន់ភ្លាមៗជាច្រើន ដល់អតិថិជនចូលរួមកម្មវិធីរួមមាន iiWatch AirPods ឆ័ត្រ ថង់បរិស្ថាន និងវត្ថុអនុស្សាវរីយ៍ ជាច្រើនទៀត

ដើម្បីជ្រាបពត៌មានកាន់តែច្បាស់សូមទំនាក់ទំនង ១៨០០ ២១២ ២២២ (ឥតគិតថ្លៃ) ឬ ០២៣ ៩៩៩ ២៦៦។

អំពីធនាគារហត្ថា

ធនាគារហត្ថា បានកម្លាយខ្លួនជាផ្លូវការពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថា កសិករ លីមីតធីត មកជាធនាគារពាណិជ្ជ នៅខែសីហា ឆ្នាំ២០២០ បន្ទាប់ពីបានផ្តល់សេវាហិរញ្ញវត្ថុ ក្នុងប្រទេសកម្ពុជាជាង២៧ឆ្នាំ។ គិតត្រឹមខែមិនា ឆ្នាំ២០២១ ធនាគារ ហត្ថា មានការិយាល័យសាខាសរុបចំនួន១៧៧ ម៉ាស៊ីនអេធីអឹមចំនួន១៣៧ ហើយមានអតិថិជន បានបើកគណនីសរុបជាង៥០០,០០០គណនី ជាមួយផលប័ត្រឥណទានសរុបជិត ១,៩០០លានដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបជិត១,២០០លានដុល្លារអាមេរិក។

ចំណែកឯអតិថិជនដែលកំពុងប្រើប្រាស់ កាតអេធីអឹមរបស់ធនាគារ ហត្ថា មានសរុបជិត៨០,០០០អ្នក និងមានអតិថិជនប្រើប្រាស់សេវា Hattha Mobile មានសរុបជំនួនជាង៩០,០០០នាក់។  ជាមួយនឹងការផ្តល់សេវាហិរញ្ញវត្ថុយ៉ាងច្រើនសម្បូរបែបដល់អតិថិជន ដូចជា សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរប្រាក់ឆ្លងធនាគារក្នុងស្រុក សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ព្រមទាំងជាភ្នាក់ងារណែនាំលក់សេវាធានារ៉ាប់រង និងសេវាហិរញ្ញវត្ថុជាច្រើនផ្សេងទៀត។

ធនាគារ ហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅព្រះរាជាណាចក្រថៃឡង់ដ៏ និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុ ធំជាងគេបំផុតនៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយ ក្នុងចំណោមសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here