តើកំណើនធនាគារក្នុងនិងក្រៅស្រុកដ៏ច្រើនសន្ធឹកសន្ធាប់ផ្តល់នូវផលប្រយោជន៍អ្វីខ្លះដល់ប្រទេសកម្ពុជា?

ដោយៈ សុផារី

ភ្នំពេញៈ ប៉ុន្មានឆ្នាំចុងក្រោយនេះ ធនាគារនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងយ៉ាងច្រើន មិនថាធនាគារនៅក្នុងស្រុក និងធនាគារពីបរទេស ដែលមានប្រភពមកពីប្រទេសថៃ ចិន កូរ៉េ ជប៉ុន អឺរ៉ុប ជាដើម។

កំណើនយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ នាំឱ្យទីផ្សារនេះមានការប្រកួតប្រជែងខ្ពស់ផងដែរ ប៉ុន្តែអ្នកទទួលបានផលចំណេញគឺអ្នកប្រើប្រាស់។

លោកឧកញ៉ាហួត អៀងតុងប្រធានអគ្គនាយកធនាគារហត្ថា បានមានប្រសាសន៍ នៅក្នុងកិច្ចសម្ភាសពិសេសមួយនាពេលថ្មីៗនេះថា នៅពេលមានការប្រកួតប្រជែង គឺជាពេលវេលាដែលអ្នកប្រើប្រាស់ ទទួលបាននូវផលប្រយោជន៍ច្រើន។ ការប្រកួតប្រជែងធ្វើឱ្យសេវាកម្ម ដែលធនាគារផ្តល់ជូនទៅកាន់អតិថិជន មានភាពប្រសើរឡើងជាលំដាប់ អត្រាការប្រាក់កម្ចីកាន់តែទាប ដែលជាអត្ថប្រយោជន៍របស់ប្រជាពលរដ្ឋកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកលើកឧទាហរណ៍ថា “ជាក់ស្តែង រហូតមកដល់បច្ចុប្បន្ននេះ សម្រាប់ធនាគារហត្ថា បានធ្វើការបញ្ចេញប្រាក់កម្ចីទៅកាន់អតិថិជន ដោយបញ្ចុះអត្រាការប្រាក់នៃកម្ចី ក្នុងរង្វង់១០ ទៅ១៥ភាគរយក្នុងមួយឆ្នាំ ដែលជាអត្រាការប្រាក់ទាបខ្លាំង”។ លោកឧកញ៉ាបានបន្តថា “បន្ថែមលើសនេះ ធនាគារក៏មានយុទ្ធសាស្ត្រ ក្នុងការកាត់បន្ថយនិងបញ្ចុះតម្លៃដើមទុន ដើម្បីមានលទ្ធភាព ក្នុងការបញ្ចុះអត្រាការប្រាក់បន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់អតិថិជន”។

លោកឧកញ៉ាមានប្រសាសន៍ថា គ្រប់ធនាគារទាំងអស់ទទួលបានលុយពីអតិថិជនទូទៅ ក្នុងរូបភាពជាប្រាក់បញ្ញើសន្សំ ប្រាក់ឥណទាន ជាដើម។ ធនាគារប្រមូលទុនពីអតិថិជនដែលមានប្រាក់ ហើយផ្តល់ទៅវិញនូវការប្រាក់ ហើយធនាគារក៏យកប្រាក់សន្សំនោះទៅបញ្ចេញ ដោយផ្តល់កម្ចីដល់ប្រជាពលរដ្ឋ ដែលត្រូវការសាច់ប្រាក់វិញ។

សម្រាប់ធនាគារហត្ថា មានគោលបំណងក្នុងការបញ្ចុះអត្រាការប្រាក់សន្សំ និងកម្ចី ដើម្បីជាប្រយោជន៍ដល់អ្នក ដែលត្រូវការទុកយកទៅប្រើប្រាស់។

លោកឧកញ៉ាបញ្ជាក់ថា “ទាំងអត្រានៃការសន្សំ និងអត្រាប្រាក់កម្ចី ចាំបាច់ត្រូវតែដើរទន្ទឹមគ្នា។ ពីរនេះមិនអាចដើរផ្ទុយគ្នាបានទេ”។

ស្របពេលដែលវិស័យធនាគារនៅកម្ពុជា កំពុងរីកចម្រើន ព្រមនឹងការប្រកួតប្រជែងខ្ពស់ នោះប្រជាជនកម្ពុជាមានឱកាស នៅក្នុងការទទួលបានសាច់ប្រាក់កាន់តែច្រើន នោះលំហូរសាច់ប្រាក់នឹងជម្រុញចរន្តសេដ្ឋកិច្ចរបស់សង្គមកម្ពុជា។

លោកឧកញ៉ាហួត អៀងតុងបានប្រដូច “ចរន្តសាច់ប្រាក់នៅក្នុងសង្គមជាតិមួយ ប្រៀបបាននឹងចរន្តឈាមនៅក្នុងខ្លួនមនុស្ស” ដែលចាំបាច់ត្រូវមានភាពគ្រប់គ្រាន់ និងចរន្តហូរចុះឡើង ដំណើរការប្រកបដោយសុខភាពល្អនិងកម្លាំងម៉ាំមួន”។

លោកឧកញ៉ាអះអាងថា “កាលណាមានសាច់ប្រាក់កើនឡើងកាន់តែច្រើនឡើងនៅក្នុងចរន្តសេដ្ឋកិច្ចកម្ពុជា នោះនឹងធ្វើឱ្យសេដ្ឋកិច្ចនឹងកាន់តែរីកចម្រើន។ នេះជាតួនាទី និងកាតព្វកិច្ចរបស់ធនាគារ ក្នុងការជម្រុញលំហូរចរន្តសាច់ប្រាក់នេះ ធ្វើយ៉ាងណាឱ្យសាច់ប្រាក់ ត្រូវបានចាក់បញ្ចូលក្នុងចរន្តសេដ្ឋកិច្ច”៕

LEAVE A REPLY

Please enter your comment!
Please enter your name here