ដំណឹងល្អ៖ ធនបត្រអនុស្សាវរីយ៍ប្រភេទ ១៥០០០រៀល ទទួលបានពានរង្វាន់ធនបត្រថ្មីឆ្នើមប្រចាំតំបន់អាស៊ី

ដោយៈ សុផារី

ភ្នំពេញៈ ធនបត្រអនុស្សាវរីយ៍ប្រភេទ ១៥០០០រៀល ត្រូវបានស្ថាប័នអន្តរជាតិ Reconnaisance ជ្រើសរើសថាជាធនបត្រថ្មីឆ្នើម ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ប្រចាំឆ្នាំ២០១៩ ក្នុងសន្និសីទការបោះពុម្ភធនបត្រប្រកបដោយសុវត្ថិភាពខ្ពស់នៅអាស៊ី (High Security Printing Asia) លើកទី១៨ នៅទីក្រុង Yokohama ប្រទេសជប៉ុន។


នេះបើយោងតាមលិខិតរបស់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ និងទើបតែចេញផ្សាយនាពេលថ្មីៗ គោរពរាយការណ៍ជូនសម្តេចតេជោ ហ៊ុន សែន។

ធនបត្រអនុស្សាវរីយ៍ប្រភេទ១៥០០០រៀល បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាល ឱ្យធនាគារជាតិនៃកម្ពុជា បោះពុម្ភដើម្បីចូលរួមអបអរសាទខួបអនុស្សាវរីយ៍គម្រប់១៥ឆ្នាំ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។

ពានរង្វាន់ប្រភេទនេះ មិនត្រូវបានធ្វើជារៀងរាល់ឆ្នាំទេ គឺធ្វើឡើងនៅពេលដែលមានវត្តមានធនបត្រ ដែលមានលក្ខណៈសម្បត្តិស័ក្តិសម ប្រកប​ដោយគុណភាព និងបច្ចេកទេសតែប៉ុណ្ណោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លិខិតនេះបានឱ្យដឹងថា ការសម្រេចផ្តល់ពានរង្វាន់ធនបត្រថ្មីឆ្នើមនេះ គឺដោយសារបច្ចេកទេស នៃការផលិតក្នុងស្រុករបស់ធនាគារជាតិ នៃកម្ពុជា មានលក្ខណៈទំនើបកម្រិតខ្ពស់ និងសុវត្ថិភាព ដោយមានការរួមបញ្ចូលនូវសិល្បៈនៃការរចនា និងបច្ចេកវិទ្យា ដែលបានឆ្លុះបញ្ចាំងពីបេតិកភណ្ឌវប្បធម៌ក្នុងប្រទេស តាមរយៈការរចនារំលេចនូវនិមិត្តសញ្ញា លើធនបត្រចំពោះជាតិ ពិសេសមានបច្ចេកវិទ្យាខ្ពស់ក្នុងការកាពារការក្លែងបន្លំ។

ស្ថាប័នអន្តរជាតិ Reconnaisance បង្កើតឡើងតាំងពីឆ្នាំ១៩៨៨ និងត្រូវបានទទួលស្គាល់ថា ជាស្ថាប័នផ្សព្វផ្សាយព័ត៌មានរូបិយបណ្ណ ដ៏មានឥទ្ធិពលនៅក្នុងឧស្សាហកម្មធនបត្រសកល ហើយក៏ជាប្រភពនៃព័ត៌មានអន្តរជាតិឈានមុខ អំពីបច្ចេកវិទ្យាថ្មីៗនៃការផលិតធនបត្រ សុវត្ថិភាពបែបអុបទិក និងឌីជីថល និងប្រព័ន្ធផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃអត្តសញ្ញា​ណធនបត្រនីមួយៗផងដែរ។

លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏បានឱ្យដឹងថា បន្ទាប់ពីមានការបើកប្រទេស និងការសម្រួលលក្ខខណ្ឌការធ្វើដំណើរមកប្រទេសកម្ពុជា កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ លោក Antonio Cesario Ricdo អនុប្រធានក្រុមហ៊ុន Landqart AG នៃប្រទេសស្វីស បានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា និងបានប្រគល់ពានរង្វាន់ធនបត្រឆ្នើមប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ប្រចាំឆ្នាំ២០១៩ មកធនាគារជាតិនៃកម្ពុជា ក្នុងនាមស្ថាប័នអន្តរជាតិ Reconnaisance ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here