ធនាគារសម្រាប់ការទូទាត់អន្តរជាតិប្រកាសដាក់ដំណើរការមូលនិធិសញ្ញាប័ណ្ណបៃតងក្នុងតំបន់អាស៊ី

ដោយៈម៉ាលីស

ភ្នំពេញៈ ធនាគារសម្រាប់ការទូទាត់អន្តរជាតិ (Bank for International Settlements-BIS) បានដាក់ឱ្យប្រើប្រាស់នូវមូលនិធិបើកចំហ សម្រាប់ការវិនិយោគរបស់ធនាគារកណ្តាល ទៅលើសញ្ញាប័ណ្ណបៃតងក្នុងតំបន់អាស៊ី ដែលមានចំណាត់ថ្នាក់ឥណទានខ្ពស់ ហើយចេញផ្សាយដោយរដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងក្រុមហ៊ុនសាជីវកម្មរបស់បណ្ដាប្រទេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការសម្រាប់ការវិនិយោគ ដែលគិតគូរដល់កិច្ចការពារបរិស្ថាន និងការចូលរួមទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជានៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា គំនិតផ្ដួចផ្ដើមនេះ នឹងជួយដល់ធនាគារកណ្ដាល ក្នុងការអនុវត្តគោលការណ៍បរិស្ថាន ប្រកបដោយចីរភាពទៅក្នុងការគ្រប់គ្រងទុនបម្រុង។

ធនាគារជាតិនៃកម្ពុជា មានសេចក្តីសោមន្ស ដោយបានក្លាយជាសមាជិក នៃគណៈកម្មាធិការប្រឹក្សាយោបល់ ដែលបានផ្តល់ការគាំទ្រដល់គំនិតផ្តួចផ្តើមនេះ ហើយធនាគារជាតិនៃកម្ពុជា ក៏ជាអ្នកវិនិយោគដំបូងលើសញ្ញាប័ណ្ណបៃតងក្នុងតំបន់អាស៊ី សម្រាប់ផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព និងនវានុវត្តភាពនេះផងដែរ។

ខណៈដែលបម្រែបម្រួលអាកាសធាតុ ត្រូវបានមើលឃើញថា ជាប្រភ​ពចម្បងមួយ ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ច មានភាពមិនច្បាស់លាស់ និងអាចផ្ដល់ផលប៉ះពាល់ជាអវិជ្ជមាន ទៅលើកត្តាសង្គម និងបរិស្ថាន ការផ្តល់ហិរញ្ញប្បទានបៃតងក្នុងតំបន់អាស៊ី អាចផ្តល់នូវជម្រើសដែលមានគុណប្រយោជន៍ជាច្រើនសម្រាប់វិនិយោគិន ដើម្បីជួយការពារភពផែនដី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការវិនិយោគលើសញ្ញាប័ណ្ណបៃតង មិនត្រឹមតែផ្តល់ប្រាក់ចំណេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ផលវិជ្ជមាន សម្រាប់បរិស្ថានផងដែរ ដោយ​សារតែសញ្ញាប័ណ្ណនេះ ត្រូវបានបង្កើតឡើងដើម្បីផ្ដល់ហិរញ្ញប្បទានដល់គម្រោងបៃតង ឬធុរកិច្ចដែលផ្តល់ផលវិជ្ជមានដល់បរិស្ថាន ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយជាលទ្ធផលធ្វើឱ្យនវានុវត្តភាពបៃតងកើនឡើង និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព។

ដោយសង្កេតឃើញពីកម្រិតទាប នៃហានិភ័យហិរញ្ញវត្ថុ និងអត្ថប្រ​យោជន៍នៃការវិនិយោគលើ សញ្ញាប័ណ្ណបៃតង ក៏ដូចជា ការការពារភពផែនដី លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានផ្តល់យោបល់លើការដាក់ចេញនូវគំនិតផ្តួចផ្តើម សញ្ញាប័ណ្ណបៃតងរបស់ធនាគារ BIS សម្រាប់ធនាគារកណ្ដាលថា “ក្នុងនាមជាធនាគារកណ្តាល តួនាទីរបស់យើង គឺចូលរួមកាត់បន្ថយហានិភ័យហិរញ្ញវត្ថុ ដែលបណ្តាលមកពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុមកលើសេដ្ឋកិច្ច ស្ថានភាពសង្គម និងបរិស្ថាន”។

យើងជឿជាក់ថា ស្ថាប័ន ក៏ដូចជាបុគ្គលម្នាក់ៗ អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែក ដល់កំណើនប្រកបដោយសមធម៌ និងចីរភាព តាមរយៈការកាត់បន្ថយល្បឿននៃការប្រែប្រួល អាកាសធាតុយ៉ាងឆាប់រហ័​ស និងហានិភ័យនៃបម្រែបម្រួលនេះ។ យើងលើកទឹកចិត្តយ៉ាងខ្លាំងដល់ គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ឱ្យដាក់ចេញនូវគោលនយោបាយ ដែលលើកកម្ពស់ហិរញ្ញប្បទានបៃតង និងគាំទ្រដល់ការវិនិយោគ ដែលផ្តល់ផលវិជ្ជមានដល់បរិស្ថាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here