តើអ្នកមាននៅតែខ្ចីលុយពីធនាគារដើម្បីធ្វើអ្វី?

ដោយ៖ ម៉ាលីស

ភ្នំពេញ៖ យើងធ្លាប់គិតថាអ្នកដែលអត់មានលុយគេទៅខ្ចីប្រាក់ពីធនាគារ តែតាមពិតទៅអ្នកមានប្រាក់មួយចំនួនក៏ខ្ចីប្រាក់ពីធនាគារឬស្ថាប័នផ្តល់កម្ចីដូចគ្នា។ ហេតុដូចម្ដេចបានអ្នកដែលមានលុយមានទ្រព្យសម្បត្តិហូរហៀរនៅតែខ្ចីលុយពីធនាគារទៀត?

មានហេតុផលមួយចំនួនដែលអ្នកមានលុយនៅតែខ្ចីប្រាក់ពីធនាគារដូចជា:

១. ងាយបានលុយមកបង្វិលក្នុងករណីបន្ទាន់៖
អ្នកមានដែលមានមុខរបររកស៊ីច្រើនមានប្រភពចំណូលមិនទៀងទាត់ទេជួនតិចជួនច្រើនជួនខ្វះប្រាក់បង្វិលចុះឡើង។ ជួនណាគេត្រូវការលុយច្រើនប្រញាប់យកទៅបង្វិលក្នុងជំនួញរកស៊ីពង្រីកអាជីវកម្មដោះស្រាយបញ្ហាឬយកទៅបណ្ដាក់ទុនលើអាជីវកម្មថ្មី ។ល។ ដោយកម្ចីពីធនាគារជាជម្រើសងាយស្រួលរហ័សសាមញ្ញអាចខ្ចីបានទំហំធំជាមួយអត្រាការប្រាក់សមរម្យដើម្បីបំពេញតាមតម្រូវការ ក្នុងរយៈពេលខ្លីឬពេលបន្ទាន់ហេតុនេះហើយទើបអ្នកមានមិនរារែកនឹងខ្ចីលុយធនាគារទេ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២. អាចខ្ចីបានច្រើនជាមួយអត្រាការប្រាក់ទាប៖ អ្នកមានមានគុណសម្បត្តិមួយចំនួនដែលផ្ដល់ជាទំនុកចិត្តឲ្យធនាគារយល់ព្រមឱ្យខ្ចីលុយ ដូចជាជំនួញស្របច្បាប់របស់ពួកគេទ្រព្យសម្បត្តិមានតម្លៃសម្រាប់ដាក់បញ្ចាំមានកត្តិយស កេរ្តិ៍ឈ្មោះ ប្រវត្តិរូបល្អក្នុងសង្គមនិងមានពិន្ទុឥណទានល្អជាដើម។ ទាំងនេះហើយគឺជាកត្តាដែលជម្រុញដល់ការសម្រេចចិត្តរបស់ធនាគារក្នុងការផ្ដល់ប្រាក់កម្ចីទំហំ កាន់តែធំ ទៅពួកគេរួមទាំងក្នុងអត្រាការប្រាក់ទាបទៀតផង។

៣. ដំណើរការសាមញ្ញចំណាយតិចនិងបានលុយលឿន៖ ការស្នើសុំកម្ចីពីធនាគារមានដំណើរការសាមញ្ញ និងចំណាយតិចជាងបើធៀបទៅនឹងការលក់ផ្ទះសម្បែងដីធ្លីដើម្បីដោះដូរយកលុយមករកស៊ី ។ រីឯកម្ចីពីធនាគារគេគ្រាន់តែត្រូវចាយថ្លៃការប្រាក់ប៉ុណ្ណោះ។ ក្រៅពីនេះការស្នើសុំកម្ចីធនាគារគ្រាន់តែត្រូវការឯកសារចាំបាច់មួយចំនួន និងរង់ចាំការអនុម័តឲ្យខ្ចី ពីធនាគារពួកគេនឹងបានលុយយកមកប្រើប្រាស់បាត់ទៅហើយ។

៤. ដើម្បីបង្កើនពិន្ទុឥណទានល្អ៖ អ្នកមានយល់ពីភាពសំខាន់នៃការកសាង និងរក្សាពិន្ទុឥណទានឱ្យបានល្អ។ ដូចនេះទោះបីគេខ្ចីបំណុលធនាគារ គេនឹងព្យាយាមសងឱ្យទាន់ពេលវេលាដើម្បីចៀសវាង មានប្រវត្តិឥណទានមិនល្អ។ ម្យ៉ាងគេមិនត្រឹមតែបានបង្កើតកំណត់ត្រាពិន្ទុឥណទានល្អឱ្យខ្លួនក្នុងប្រព័ន្ធធនាគារនោះទេតែពិន្ទុឥណទានល្អនេះទៀតសោត នឹងផ្ដល់ភាពស្រួលនៅពេលគេចង់ស្នើសុំកម្ចីថ្មីៗនៅថ្ងៃក្រោយ ។

៥. អ្នកមានគេខ្ចីលុយទៅរកលុយថែមកាន់តែច្រើន៖ បើនិយាយឱ្យសាមញ្ញអ្នកមានក៏អាចមានជាប់បំណុលធនាគារដែរប៉ុន្តែ គោលបំណងចម្បងនៃកម្ចីរបស់ពួកគេគឺដើម្បីយកលុយទៅបង្កើតលុយ។ ដោយសារអ្នកមានភាគច្រើនមានលក្ខខណ្ឌសមប្រកបដែលអនុញ្ញាតឱ្យគេមានឱកាសខ្ពស់ក្នុងការទទួលបានកម្ចីទំហំធំជាមួយអត្រាការប្រាក់ទាបដូចបានលើកឡើងខាងលើហើយគេក៏បានសិក្សាលម្អិតនិងប្រៀបធៀប ពីលក្ខខណ្ឌកម្ចីរវាងធនាគារ ផ្សេងៗគ្នានិងច្បាស់ពីលទ្ធភាពសងកម្ចីត្រឡប់វិញយ៉ាងល្អិតល្អន់ជាមុនសិនទើបគេហ៊ានខ្ចី៕

LEAVE A REPLY

Please enter your comment!
Please enter your name here