ធនាគារធំៗរបស់ចិនចាប់ផ្ដើមបញ្ចុះអត្រាការប្រាក់លើឥណទានគេហដ្ឋានដើម្បីស្ដារវិស័យអចលនទ្រព្យ

ដោយៈសុខុម

ប៉េកាំងៈ ប្រភពបានទម្លាយឱ្យដឹងថា ធនាគារធំៗបំផុត៤របស់ប្រទេ​សចិន បានបញ្ចុះអត្រាការប្រាក់២០ពិន្ទុ លើ១០០ពិន្ទុសម្រាប់ឥណទានគេហដ្ឋាន (កម្ចីទិញផ្ទះ) នៅក្រុងគ័ងចូវ ឬក្វាងចូវ (Guangzhou) កាលពីថ្ងៃច័ន្ទ ទី២១ កុម្ភៈ។

ប្រភពដែលសុំមិនបញ្ចេញអត្តសញ្ញាណ ដោយសារជាបញ្ហាដ៏រសើបបានបញ្ជាក់ថា ចំណាត់ការថ្មីនេះ ដើម្បីជួយគាំទ្រផ្នែកឥណទាននេះ ត្រូវបានធ្វើឡើង ក្នុងគោលបំណងជួយសង្គ្រោះវិស័យអចលនទ្រព្យ ដែលកំពុងជាប់ផុងយ៉ាងជ្រៅក្នុងវិបត្តិសាច់ប្រាក់ធ្ងន់ធ្ងរ។

ទីក្រុងភាគខាងត្បូងនៃខេត្តគ័ងតុង ឬ ក្វាងទុង (Guangdong) នេះគឺជាមូលដ្ឋាន ទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ អចលនទ្រព្យដែលជំពាក់បំណុលច្រើនបំផុត ក្នុងប្រទេសចិន គឺក្រុមហ៊ុន China Evergrande Group។

ចំណាត់ការនេះធ្វើឡើង បន្ទាប់ពីធនាគារនានា នៅក្រុងមួយចំនួនបានសម្រេចតម្រូវឱ្យអ្នកខ្ចីបង់ប្រាក់កក់ ឬប្រាក់បង់មុន (Down Payment​) តិចជាងមុនកាលពីសប្ដាហ៍មុន។ ប្រព័ន្ធផ្សព្វផ្សាយ ក៏បានចុះផ្សាយក្នុងខែនេះផងដែរថា ពេលនេះក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនានា ក៏អាចយកលុយបានពីការលក់ Pre-sale (ការបើកលក់មុនគម្រោងចប់) ក្នុងគម្រោងលំនៅដ្ឋានរបស់ខ្លួន កាន់តែងាយស្រួលជាងមុនផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រភពដដែលបញ្ជាក់ថា ធនាគារដែលធ្វើការបញ្ចុះអត្រាប្រាក់ សម្រា​ប់ឥណទានគេហដ្ឋាន សម្រាប់អ្នកទិញផ្ទះដំបូងនេះ រួមមាន ដូចជាធនាគារ Bank of China ធនាគារ Industrial and Commercial Bank of China ធនាគារ China Construction Bank និងធនាគារ Agricultural Bank of China។

ប្រភពនេះបានបន្តថា សម្រាប់អ្នកដែលទិញផ្ទះទី២ របស់ខ្លួន អត្រាការប្រាក់ក៏ត្រូវបានបញ្ចុះ២០ពិន្ទុផងដែរ។
ទោះជាយ៉ាងណា ពេលទីភ្នាក់ងារព័ត៌មាន Reuters ទាក់ទងទៅ ធនាគារធំៗទាំង៤ខាងលើ មិនបានឆ្លើយបំភ្លឺឡើយជុំវិញបញ្ហានេះ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here