CGCC សហការជាមួយ ធនាគារ កម្ពុជា អាស៊ី ផ្តល់ការធានាដល់កម្ចីអាជីវកម្មដែលខ្វះទ្រព្យតម្កល់

ដោយ៖ សុផារី

ភ្នំពេញ៖ សាជីវកម្មធានាឥណទានកម្ពុជា និងធនាគារ កម្ពុជា អាស៊ី បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាឥណទាន ដើម្បីធានាដល់ម្ចាស់អាជីវកម្មដែលខ្វះទ្រព្យតំកល់ ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់ លោក Mitra Dwaipayan ប្រធាននាយកប្រតិបត្តិការ នៃធនាគារ កម្ពុជា អាស៊ី និង លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា នៅថ្ងៃទី០៩ ខែកុម្ភៈ។

លោក Mitra Dwaipayan ប្រធាននាយកប្រតិបត្តិការ នៃធនាគារ កម្ពុជា អាស៊ី បានគូសបញ្ជាក់ថា “ធនាគារ កម្ពុជា អាស៊ី រីករាយស្វាគមន៍រាល់កិច្ចសហការទាំងឡាយណា ដែលផ្តល់គុណប្រយោជន៏ដល់គ្រប់ភាគីចូលរួមទាំងអស់។ ជាក់ស្តែងតាមរយៈកិច្ចព្រមព្រៀងនេះ ម្ចាស់អាជីវកម្មអាចស្នើកម្ចីពីធនាគារ កម្ពុជា អាស៊ី សម្រាប់ពង្រីកនិងទ្រទ្រង់អាជីវកម្មបានយ៉ាងងាយស្រួល បើទោះបីជាពួកគេមិនមានទ្រព្យតម្កល់គ្រប់គ្រាន់ក៏ដោយ ចំណែកឯធនាគារវិញ ក៏កាន់តែមានទំនុកចិត្តខ្ពស់ក្នុងការផ្តល់កម្ចីទៅកាន់ម្ចាស់អាជីវកម្ម។ លក្ខខណ្ឌដ៏ប្រសើរនេះមិនអាចកើតឡើងបានឡើយ បើគ្មានគម្រោងផ្តួចផ្តើមពីសាជីវកម្មធានាឥណទានកម្ពុជា”។

លោកបានបន្ថែមថា “ប្រមាណជិត៣០ឆ្នាំនេះ ធនាគារ កម្ពុជា អាស៊ី បានរួមចំណែកយ៉ាងច្រើន ដល់វិស័យធនាគារ និងហិរញ្ញវត្ថុ តាមរយៈការផ្តល់នូវសេវាធនាគារពាណិជ្ជ ដែលគិតគូរពីអត្ថប្រយោជន៏ និងឆ្លើយតបទៅនឹងតម្រូវការជូនអតិថិជនទាន់ពេលវេលា។ ធនាគារយើងខ្ញុំក៏តែងតែគិតគូរនិងគាំទ្រដល់ វិស័យអាទិភាព ដែលជួយជម្រុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែមានសន្ទុះខ្លាំងក្លាផងដែរ។ ខ្ញុំជឿជាក់ថា កិច្ចសហការរវាងធនាគារ កម្ពុជា អាស៊ី និងសាជីវកម្មធានាឥណទានកម្ពុជា នឹងជួយឱ្យអាជីវកម្ម និង វិស័យធនាគារហិរញ្ញវត្ថុនៅកម្ពុជាកាន់តែអភិវឌ្ឍន៏បន្ថែមទៀត”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Wong Keet Long បានមានប្រសាសន៍ថា “ភាពជាដៃគូរវាង CGCC និង CAB នេះ នឹងធ្វើឱ្យ CAB ក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមទី២២ របស់យើងក្នុងការផ្តល់ កម្ចីដែលមានការធានាដល់ម្ចាស់អាជីវកម្ម។ ស្ថាប័នហិរញ្ញវត្ថុកាន់តែច្រើន កំពុងតែចាប់ផ្តើមយល់អំពីអត្ថប្រយោជន៍នៃការធានាឥណទានដល់ស្ថាប័នរបស់ខ្លួន ជាពិសេសក្នុងការផ្តល់កម្ចីកាន់តែច្រើននិងទូលំទូលាយជាងមុនដល់អតិថិជន បើទោះបីជាទ្រព្យបញ្ចាំរបស់ពួកគាត់មានកំណត់ក៏ដោយ”។

លោកបានបន្ថែមថា “ជាមួយនឹងការចូលរួមក្នុងគម្រោងធានាឥណទានពីស្ថាប័នហិរញ្ញវត្ថុកាន់តែច្រើននេះ CGCC ពិតជាសង្ឃឹមថា ម្ចាស់អាជីវកម្មកាន់តែច្រើននៅទូទាំងប្រទេសនឹងអាចទទួលបាន ហិរញ្ញប្បទានផ្លូវការកាន់តែច្រើន ហើយក៏កាន់តែបង្កើននូវសកម្មភាពសេដ្ឋកិច្ច ដែលជំរុញដល់ការរីកចម្រើននៃសេដ្ឋកិច្ចជាតិទាំងមូលផងដែរ”។

កិច្ចព្រមព្រៀងនេះត្រូវបានបង្កើតឡើងយ៉ាងពិសេសសម្រាប់ម្ចាស់អាជីវកម្ម រួមទាំងសហគ្រាសធុនតូច និងមធ្យម និងសហគ្រាសធុនធំ ដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសងប្រាក់ ត្រឡប់មកវិញ ប៉ុន្តែខ្វះទ្រព្យតម្កល់នៅពេលស្នើកម្ចី ដែលឥឡូវនេះពួកគាត់ អាចធ្វើការស្នើកម្ចី សម្រាប់ពង្រីក និងគាំទ្រប្រតិបត្តិការអាជីវកម្មរបស់ខ្លួនបានពីធនាគារ កម្ពុជា អាស៊ី យ៉ាងងាយស្រួល និងរហ័សទាន់ចិត្ត។

ធនាគារ កម្ពុជា អាស៊ី ហៅកាត់ថា CAB ជាធនាគារពាណិជ្ជ និងបានបើកប្រតិបត្តិការក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩៣មកម៉្លេះ។ ធនាគារ កម្ពុជា អាស៊ី ផ្តល់ជូនអតិថិជន និងដៃគូជំនួញ នូវផលិតផល និង សេវាកម្មសម្បូរបែបដូចជា ឥណទាន ប្រាក់បញ្ញើ ហិរញ្ញប្បទានពាណិជ្ជកម្ម សេវាផ្ទេរប្រាក់ក្នុងនិងក្រៅប្រទេស ព្រមទាំងកាតសម្រាប់ទូទាត់ជាសកល Visa MasterCard និង UnionPay ជាដើម។

ស.ធ.ក. គឺជាសហគ្រាសសាធារណៈ ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបានចុះបញ្ជីជាផ្លូវការ នៅខែវិច្ឆិកា ឆ្នាំ២០២០។ បេសកកម្មចម្បងរបស់ ស.ធ.ក. គឺផ្តល់ការធានាឥណទានលើកម្ចីដែលផ្តល់ឱ្យអាជីវកម្ម ដើម្បីចែករំលែកហានិភ័យជាមួយស្ថាប័នផ្តល់កម្ចី និងបង្កើនបរិយាបន្នហិរញ្ញវត្ថុ។

គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២២នេះ ស.ធ.ក បានផ្តល់ការធានាឥណទាន ដល់អាជីវកម្មសរុប២៣៧ ក្នុងទំហំទឹកប្រាក់ជាង២៥លានដុល្លារអាមេរិក ដែលក្នុងនោះ ៩៦% នៃចំនួនអាជីវកម្មដែលទទួលការធានាសរុប បានផ្តល់ជូនទៅសហគ្រាសធុនតូចនិងមធ្យម (SME)៕

LEAVE A REPLY

Please enter your comment!
Please enter your name here