ADB គ្រោងអភិវឌ្ឍប្រតិបត្តិការផ្ទេរប្រាក់ដោយបច្ចេកវិទ្យាប្លុកឆេនរវាងប្រទេសអាស៊ានបូកបី

ដោយៈសុផារី

អាស៊ានៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កំពុងសិក្សាបន្ថែមលើសក្តានុពលនៃបច្ចេកវិទ្យាBlockchain កំពុងត្រូវបានប្រើប្រាស់កាន់តែខ្លាំងឡើងក្នុងវិស័យធនាគារ ដោយធនាគារកណ្តាល និងទីផ្សារមូលបត្រកណ្តាលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការអភិវឌ្ឍប្រព័ន្ធផ្ទេរប្រាក់ ដែលជម្រុញឱ្យប្រតិបត្តិការឆ្លងកាត់ព្រំដែនកាន់តែលឿន និងមានសុវត្ថិភាពជាងមុន។

លោក Satoru Yamadera ទីប្រឹក្សានៃនាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការក្នុងតំបន់របស់ADB បានមានប្រសាសន៍កាលពីថ្ងៃទី០៣ ខែកុម្ភៈ កន្លងមកថា ADB នឹងបង្កើតភស្តុតាងនៃគំនិត (POC) លើការផ្ទេរពហុរូបិយប័ណ្ណឆ្លងព្រំដែន ធៀបនឹងការទូទាត់ដែលភ្ជាប់ប្រព័ន្ធផ្ទេរមូលបត្រនិងប្រព័ន្ធផ្ទេរប្រាក់ ដោយធានាថាការផ្ទេរកើតឡើង លុះត្រាតែមានការទូទាត់កើតឡើង”។

លោក Yamadera បានបន្ថែមថា “នេះគឺជាវិធីសាស្រ្ត និងយន្តការដែលការពារហានិភ័យ នៃការទូទាត់សម្រាប់ប្រតិបត្តិការឆ្លងដែន”។

ADB សហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យា ConsenSys, Fujitsu, R3 និងក្រុមហ៊ុនជប៉ុន Soramitsu ដែលបានសហការរួចហើយជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីបង្កើតប្រព័ន្ធទូទាត់ឌីជីថលបាគង ដែលផ្អែកលើបច្ចេកវិទ្យា blockchain និងបានឈ្នះពានរង្វាន់ ជាមួយនឹងអ្នកប្រើប្រាស់ចំនួន២៧០,០០០នាក់នៅក្នុងប្រទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាម ADB ប្រតិបត្តិការមូលបត្រឆ្លងដែន ក្នុងតំបន់អាស៊ានបូក៣ បច្ចុប្បន្នត្រូវបានដំណើរការ តាមរយៈបណ្តាញដៃគូ និងធនាគារឆ្លងឆ្លើយទូទាំងពិភពលោក ដែលឆ្លងកាត់មជ្ឈមណ្ឌលសកល នៅសហរដ្ឋអាមេរិកឬអឺរ៉ុប។

ជាលទ្ធផល ប្រតិបត្តិការផ្ទៃក្នុងនៅក្នុងតំបន់អាស៊ានបូក៣ ត្រូវចំណា យពេលយ៉ាងតិចពីរថ្ងៃ ដោយសារភាពខុសគ្នានៃពេលវេលា ក៏ដូចជាម៉ោងប្រតិបត្តិការផ្សេងៗគ្នា សម្រាប់ទីផ្សារក្នុងតំបន់។ ដូច្នេះការបង្កើតប្រព័ន្ធប្រតិបត្តិការឆ្លងព្រំដែនភ្លាមៗ ក្នុងតំបន់នឹងលុបបំបាត់ហានិភ័យ ដែលពាក់ព័ន្ធនឹងការរង់ចាំការដឹកជញ្ជូន ការទូទាត់ ក៏ដូចជាការចំណាយ។

លោក Yamadera បាននិយាយថា “បច្ចេកវិទ្យាថ្មីនេះ អាចធ្វើឱ្យប្រសើរឡើងនូវប្រតិបត្តិការហិរញ្ញវត្ថុ ដែលមានស្រាប់។ បច្ចេកវិទ្យាថ្មីដូចជា blockchain អាចត្រូវបានប្រើដើម្បីបង្កើនប្រសិទ្ធភាព និងកាត់បន្ថយការចំណាយលើប្រតិបត្តិការធនាគារដែលមានស្រាប់”។

ដំណាក់កាលទីមួយនៃគម្រោង ដែលពាក់ព័ន្ធនឹងការរចនាបណ្តាញ គ្រោងនឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២២។ ដំណាក់កាលទីពីរ ឬ”ដំណាក់កាលគំរូ” គ្រោងថា នឹងអាចចាប់ផ្តើមនៅក្នុងខែមេសា ដល់ខែមិថុនា ឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here