ធនាគារពិភពលោកផ្តល់អនុសាសន៍៣ចំណុចក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យងើបឡើងវិញ

ដោយ៖ សុធារី

កម្ពុជា៖ ធនាគារពិភពលោក កាលពីចុងខែមករានេះ បានចេញរបាយការណ៍មួយថា កម្ពុជាអាចត្រឡប់ទៅរកកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពបាន តាមរយៈការបង្កើនផលិតភាព ការធ្វើពិពិធកម្មការនាំចេញ និងចាត់វិធានការជំរុញការវិនិយោគក្នុងស្រុក។

សេដ្ឋកិច្ចបានកើនឡើងជាមធ្យម ៧.៧ ភាគរយនៅចន្លោះឆ្នាំ១៩៩៥ និង២០១៩ ប៉ុន្តែបានធ្លាក់ចុះចំនួន ៣,១ភាគរយក្នុងឆ្នាំ២០២០។ ផលិតផលក្នុងស្រុកសរុបបានងើបឡើងវិញដល់ ២,២ភាគរយកាលពីឆ្នាំមុន នេះបើយោងតាមការប៉ាន់ស្មានរបស់ធនាគារពិភពលោក។ នៅក្នុងខែនេះសេដ្ឋកិច្ចទំនងជានឹងកើនឡើង ៤,៥ភាគរយនៅឆ្នាំនេះដោយបង្កើនល្បឿនដល់ ៥,៥ភាគរយនៅឆ្នាំ២០២៣។

ការពឹងផ្អែករបស់ប្រទេសលើផលិតផល ទីផ្សារ និងប្រភពហិរញ្ញប្បទានដ៏តូចចង្អៀតបានធ្វើឲ្យប្រទេសនេះស្ថិតក្នុងស្ថានភាពមិនសូវល្អក្នុងការទប់ទល់នឹងផលវិបាកដែលបង្កដោយជំងឺរាតត្បាត យោងតាមអនុស្សរណៈសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោក៖ ការអភិវឌ្ឍន៍ធន់ ដែលជាយុទ្ធសាស្ត្រដើម្បីធ្វើពិពិធកម្មគំរូកំណើនរបស់កម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អ្នកស្រី Maryam Salim នាយកគ្រប់គ្រងប្រចាំប្រទេសរបស់ធនាគារពិភពលោក លើកឡើងថា “ការត្រលប់ទៅរកមាគ៌ាកំណើនប្រកបដោយនិរន្តរភាព នឹងតម្រូវឲ្យមានរបៀបវារៈកំណែទម្រង់ប្រកបដោយមហិច្ឆិតា ដែលផ្តោតលើការកែលម្អសមត្ថភាពរបស់ក្រុមហ៊ុន កម្មករ និងគ្រួសារនៅកម្ពុជា។ ការពង្រឹងបទប្បញ្ញត្តិដើម្បីដោះស្រាយការបង្ខូចទ្រង់ទ្រាយទីផ្សារ និងធ្វើឱ្យបរិយាកាសអំណោយផលសម្រាប់អាជីវកម្ម និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដល់កំណើនប្រកបដោយគុណភាពខ្ពស់។ សកម្មភាពគោលនយោបាយរយៈពេលខ្លី និងមធ្យមមួយចំនួនអាចគាំទ្រដល់យុទ្ធសាស្ត្រស្តារសេដ្ឋកិច្ច ដែលនឹងអនុញ្ញាតឲ្យកម្ពុជាស្តារឡើងវិញឲ្យបានល្អប្រសើរបន្ទាប់ពីវិបត្តិកូវីដ-១៩”។

ធនាគារពិភពលោកបាននិយាយថា កម្ពុជាចាំបាច់ត្រូវបញ្ចប់ការពឹងផ្អែកលើផលិតផលដូចជាសម្លៀកបំពាក់ ស្បែកជើង អង្ករ និងដំឡូងមី ដែលមានចំនួន ៨០ ភាគរយនៃការនាំចេញសរុបរបស់កម្ពុជា។ ធនាគារពិភពលោក ក៏បានផ្តល់អនុសាសន៍ឱ្យស្វែងរកទីផ្សារថ្មីដើម្បីកាត់បន្ថយការពឹងផ្អែកលើសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលមានចំនួន ៦៩ ភាគរយនៃការនាំចេញផលិតផល។

ធនាគារបាននិយាយថា ការធ្វើឱ្យប្រសើរឡើងនូវការរួមចំណែកដល់ខ្សែសង្វាក់តម្លៃសកល ការបង្កើតតម្លៃបន្ថែមក្នុងវិស័យកសិកម្ម និងការបង្កើនការប្រកួតប្រជែងក្នុងវិស័យសេវាកម្មអាចធ្វើពិពិធកម្មការនាំចេញ។ ស្ថាប័ននេះក៏បានផ្តល់អនុសាសន៍ផងដែរលើការលើកកម្ពស់ការសន្សំខ្ពស់ ជំរុញការវិនិយោគបរទេសក្នុងវិស័យផលិតភាព និងការកែលម្អលទ្ធភាពទទួលបានហិរញ្ញវត្ថុដើម្បីគាំទ្រការវិនិយោគក្នុងស្រុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here