បរិច្ចាគឥលូវនេះ! ដើម្បីកុមារកម្ពុជា! តាមរយៈធនាគារហត្ថា

ដោយៈសហការី

ភ្នំពេញៈ ដើម្បីគាំទ្រដល់កុមារកម្ពុជា ទទួលបានការសម្រាកព្យាបាលជំងឺ និងសេវាថែរទាំសុខភាព ប្រកបដោយភាពកក់ក្តៅ ធនាគារហត្ថា និងមន្ទីរពេទ្យកុមារអង្គរ បាននឹងកំពុងសហការបង្កើតកម្មវិធីសប្បុរសធម៌មួយ ដែលមានឈ្មោះថា បរិច្ចាគឥលូវនេះ! ដើម្បីកុមារកម្ពុជា

ក្នុងនោះផងដែរ គណនីសប្បុរសធម៌ ត្រូវបានបង្កើតសម្រាប់ឱ្យសប្បុរ​សជន​ទាំង​អស់ ងាយស្រួលធ្វើការ​បរិច្ចាគជូនមន្ទីរពេទ្យកុមារអង្គរ តាមរយៈ Hattha Mobile App​  ប្រព័ន្ធបាគង ឬ នៅតាម​បញ្ជរបេឡាសាខា របស់ ធនាគារ ហត្ថា គ្រប់ខេត្ត-ក្រុងដោយ​ឥតគិតថ្លៃ។  សប្បុរសជន ឣាចបរិច្ចាគជាមួយ​លេខ​គណនី 168000000225 (សម្រាប់ប្រាក់​រៀល) និង 168000000224 (សម្រាប់ប្រាក់​ដុល្លារ) ដែលមានឈ្មោះថា Hattha Bank Charity to Angkor Hospital for Children

លោកដួង ច័ន្ទសុវិជ្ជា  អគ្គនាយកអភិវឌ្ឍន៍អាជីវកម្មនៃធនាគារហត្ថា បានមានប្រសាសន៍ថា “ជាការពិតណាស់កុមារ គឺជាសសរទ្រូង ទំពាំងស្នងឬស្សី និងធនធានដ៏សំខាន់នៃប្រទេសជាតិយើង។ ហើយក្នុងនាមខ្ញុំជាឪពុកមួយរូប អ្វីដែលខ្ញុំសង្ឃឹម និងចង់ឃើញនោះ គឺកូនៗមានសុខភាពល្អ ប្រាជ្ញាវាងវៃ ជាពិសេសទទួលបានការអប់រំមួយដ៏ល្អ ដើម្បីក្លាយខ្លួនទៅជាយុវជន​-យុវតីគំរូ ដែលមានសមត្ថភាពពេញលេញ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឆ្ពោះទៅរកភាពរុងរឿង និងរីកចម្រើនតទៅមុខ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តទៀតថា “ស្របពេលជាមួយគ្នានេះដែរ ធនាគារហត្ថា ពិតជាយល់ច្បាស់អំពីចក្ខុវិស័យ ​​បេសកកម្ម និងការខិតខំប្រឹងប្រែងរបស់មន្ទីរពេទ្យកុមារអង្គរ ដែលកំពុងផ្តោតសំខាន់លើសុខភាព និងសុខមាលភាពរបស់កុមារកម្ពុជា ក៏ដូចជាការព្យាបាលកុមារទាំងនោះបានយ៉ាងល្អប្រៀបបានដូចជាកូនបង្កើតរបស់ខ្លួន”។ លោកបន្តថា “ដូច្នេះហើយបានជា ធនាគារ ហត្ថា បានបង្កើតកម្មវិធីសប្បុរសធម៌មួយនេះឡើង ដែលមានការចូលរួម និងគាំទ្រយ៉ាងខ្លាំងពីថ្នាក់គ្រប់គ្រង បុគ្គលិកនៃធនាគារ ហត្ថាទាំងអស់ ព្រមទាំងបើកឱកាសឱ្យសប្បុរសជននានាចូលរួម បរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីជួយដល់មន្ទីរពេទ្យ ឱ្យបន្តនូវកិច្ចប្រតិបត្តិការបស់ខ្លួនឱ្យបានយូរអង្វែង ជាពិសេសរួមចំណែកបណ្តុះ និងកសាងនូវទំពាំងស្នងឬស្សី និងអ្នកជំនាន់ក្រោយដ៏រឹងមាំ សម្រាប់ប្រទេសជាតិយើងនាពេលអនាគត”។

លោកដួង ច័ន្ទសុវិជ្ជា បានបន្តទៀតថា “តាមរយៈកម្មវិធីសប្បុរសធម៌មួយនេះ ខ្ញុំបាទសង្ឃឹមយ៉ាងមុតមាំថា នឹងមានការចូលរួមបរិច្ចាគ និងគាំទ្រពីសំណាក់អតិថិជន និងសប្បុរជននានា ដើម្បីឱ្យមន្ទីពេទ្យបន្តដំណើរដ៏វែងឆ្ងាយនេះ ក្នុងការផ្តល់នូវការព្យាបាលជំងឺ ដល់កុមារប្រកបដោយផាសុកភាព និងប្រសិទ្ធភាពខ្ពស់”។

លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ បានមានប្រសាសន៍ថា៖ “ក្នុងនាមជាថ្នាក់ដឹកនាំនៃមន្ទីរពេទ្យកុមារអង្គរ ខ្ញុំបាទពិតជាមានសេចក្តីសោមនស្សរីករាយ នូវរាល់សកម្មភាពមនុស្សធម៌ ដែលសមស្រ​បទៅនឹងទស្សនវិស័យ និងបេសកកម្មរបស់មន្ទីរពេទ្យ។ ជាក់ស្តែង ធនាគារ ហត្ថា គឺជាម្ចាស់ជំនួយដ៏ល្អមួយ ដែលបានគិតគូរដល់ការជួយសង្គ្រោះជីវិតកុមារកម្ពុជា។ តាមរយៈជំនួយដែលទទួលបាន ពីសកម្មភាពសប្បុរសធម៌នេះ មន្ទីរពេទ្យកុមារអង្គរនឹងយកទៅប្រើប្រាស់ ដើម្បីពិនិត្យព្យាបាលប្រកបដោយក្តីមេត្តា ករុណា និងគុណភាពខ្ពស់ជូនដល់កុមារ និងទារករាប់រយនាក់ក្នុងមួយថ្ងៃៗ ដែលកំពុងតែត្រូវការការព្យាបាលជាចាំបាច់បំផុត។

លោកបន្តថា “​ខ្ញុំបាទផ្ទាល់ ព្រមទាំងបុគ្គលិកគ្រប់លំដាប់ថ្នាក់ កុមារ និងអាណាព្យាបាលកុមារទាំងអស់ សូមសម្តែងនូវការថ្លែងអំណរអរគុណ  យ៉ាងជ្រាលជ្រៅដល់ធនាគារ ហត្ថា ព្រមទាំងស្ថាប័ន ជាច្រើនទៀតដែលតែងតែយកចិត្តទុកដាក់ មកលើកិច្ចការ​​មនុស្សធម៌ ជាពិសេស  ការព្យាបាលថែទាំរបស់មន្ទីរពេទ្យកុមារអង្គរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here