ធនាគារពិភពលោកផ្ដល់អនុសាសន៍ដល់កម្ពុជាក្នុងការជំរុញសេដ្ឋកិច្ចរបស់ខ្លួនឱ្យងើបឡើងវិញ

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ សេដ្ឋកិច្ចរបស់កម្ពុជាស្ថិតនៅក្នុងចំណោមសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ាដែលរងការខូចខាតពីជំងឺកូវីដ-១៩ ប៉ុន្តែនៅតែអាចស្តារសេដ្ឋកិច្ចឱ្យមានកំណើនទៀងទាត់ឡើងវិញបានតាមរយៈការបង្កើនផលិតភាពរបស់ក្រុមហ៊ុន និងពលករពង្រីកពិពិធភាពក្នុងផ្នែកនាំចេញ និងចាត់វិធានការនានាឈានទៅជំរុញការវិនិយោគក្នុងស្រុកថែមទៀត។ ធនាគារពិភពលោកនិយាយដូច្នេះនៅក្នុងជំនួយស្មារតីមួយស្តីពីស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា។

តាមរបាយការណ៍របស់ធនាគារពិភពលោកចេញផ្សាយថ្ងៃទី៣១ មករា ២០២២នេះថា កម្ពុជាធ្លាប់សម្រេចបានកំណើនសេដ្ឋកិច្ចក្នុងអត្រាជាមធ្យម៧,៧ភាគរយក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០១៩ ប៉ុន្តែអត្រានេះបានស្រុតចុះយ៉ាងគំហុកអស់ចំនួន១០,១ភាគរយ ធ្វើឱ្យទំហំសេដ្ឋកិច្ចរួមមាឌអស់ ឬដក៣,១ភាគរយក្នុងឆ្នាំ២០២០ មុននឹងរើបឡើងវិញសន្សឹមៗរហូតបានកំណើន ២,២ភាគរយ នៅដំណាច់ឆ្នាំ២០២១។

ជំងឺរាតត្បាតជាដើមចមធំធ្វើឱ្យទិន្នផលសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងសម្បើម ប៉ុន្តែការពឹងផ្អែកទៅលើផលិតផល ទីផ្សារ និងធនធានហិរញ្ញប្បទានដែលមានមូលដ្ឋានតូចចង្អៀត ធ្វើឱ្យកម្ពុជាខ្វះជំហររឹងមាំសម្រាប់ទប់ទល់ទៅនឹងការអង្រួនដែលកើតមានចំពោះសេដ្ឋកិច្ច នេះបើយោងតាមការលើកឡើងនៅក្នុងរបាយការណ៍ក្រោមចំណងជើងថា “ការអភិវឌ្ឍមានភាពធន់៖ យុទ្ធសាស្ត្រសម្រាប់ធ្វើពិពិធកម្មលើគំរូកំណើនសេដ្ឋកិច្ចកម្ពុជា”។

លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ការងាកទៅរកគន្លងផ្លូវឆ្ពោះទៅមានកំណើនដោយចរីភាពវិញ ចាំបាច់ត្រូវការរបៀបវារៈកែទម្រង់ប្រកបដោយមហិច្ឆតាមួយ ដែលផ្តោតការយកចិត្តទុកដាក់លើការបង្កើនសមត្ថភាពរបស់ក្រុមហ៊ុន ពលករ និងក្រុមគ្រួសារនៅកម្ពុជា ពង្រឹងបទប្បញ្ញត្តិដើម្បីឆ្លើយតបទៅនឹងសកម្មភាពបំភ្លៃលើទីផ្សារ និងកែលម្អបរិយាកាសធ្វើធុរកិច្ច និងការវិនិយោគថែមទៀតទៅលើហេដ្ឋារចនាសម្ព័ន្ធដែលទ្រទ្រង់ដល់កំណើនប្រកបដោយគុណភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី សាលីម បន្តថាចំណាត់ការគោលនយោបាយរយៈពេលខ្លី និងមធ្យមមួយចំនួនអាចមានប្រយោជន៍ដល់យុទ្ធសាស្ត្រាស្តារសេដ្ឋកិច្ច ហើយតាមរយៈនោះវានឹងអនុញ្ញាតឱ្យកម្ពុជាអាចកសាងសេដ្ឋកិច្ចបានមកវិញកាន់តែរឹងមាំថែមទៀតនៅក្រោយសម័យមានវិបត្តិកូវីដ-១៩។

ក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ ផលិតផលចំនួនប្រាំមុខ មានវិស័យកាត់ដេរ, ស្បែកជើង, អង្ករ ដំឡូងមី និងទេសចរណ៍ មានទំហំ៨០ភាគរយនៃទំហំនាំចេញសរុបរបស់កម្ពុជា ប៉ុន្តែនៅក្នុងនោះមានទីផ្សារធំតែពីរប៉ុណ្ណោះ គឺសហភាពអឺរ៉ុប និង សហរដ្ឋអាមេរិក ដែលស្រូបយក៦៩ភាគរយនៃបរិមាណទំនិញនាំចេញទាំងនោះ។ ផលិតភាពពលកម្មក៏នៅទាបដោយមកពីជំនាញនិងការបណ្តុះបណ្តាលនៅមានកម្រិត ហើយ “កត្តាផលិតភាពសរុប” ដែលជារង្វាស់សម្រាប់កំណត់មើលថាតើប្រទេសមួយប្រើប្រាស់មានប្រសិទ្ធផលកម្រិតណានូវពលកម្មនិងដើមទុនរួមរបស់ខ្លួនក៏នៅទាបដែរ។
លើសពីនេះទៀត អត្រាប្រាក់សន្សំក្នុងប្រទេសមានកម្រិតទាប គួបផ្សំនឹងការវិនិយោគក្នុងស្រុកនៅមានកម្រិតទាបផង ធ្វើឱ្យកម្ពុជាត្រូវពឹងផ្អែកខ្លាំងទៅលើធនធានហិរញ្ញប្បទានពីខាងក្រៅ។

កម្ពុជាមានជម្រើសច្រើនសម្រាប់ដោះស្រាយបញ្ហាខ្វះពិពិធកម្មក្នុងសេដ្ឋកិច្ច និង សម្រាប់កសាងឡើងវិញឱ្យកាន់តែប្រសើរជាងមុន។ ការវិនិយោគទៅលើធនធានមនុស្ស ការធ្វើឱ្យការបែងចែកធនធានឱ្យកាន់តែមានប្រសិទ្ធផលតាមរយៈការកែលម្អសមត្ថភាពស្ថាប័នទីផ្សារ និងការបង្កើនការគ្រប់គ្រងការវិនិយោគសាធារណៈ ទាំងអស់នេះស្ថិតក្នុងចំណោមជម្រើសដែលអាចជួយជំរុញផលិតភាពក្នុងសេដ្ឋកិច្ច។
ការបង្កើនការរួមចំណែករបស់ខ្លួនទៅក្នុងខ្សែច្រវាក់តម្លៃសាកល ការបង្កើតតម្លៃបន្ថែមក្នុងវិស័យកសិកម្ម និងការពង្រីកភាពប្រកួតប្រជែងនៅក្នុងវិស័យសេវាកម្ម ក៏នឹងអាចជួយធ្វើឱ្យការនាំចេញកាន់តែមានភាពសម្បូវបែបផងដែរ។
ការវិនិយោគក្នុងស្រុកនឹងទទួលបានប្រយោជន៍ថែមទៀត ពីការលើកកម្ពស់ការសន្សំប្រាក់ក្នុងស្រុកឱ្យមានកម្រិតកាន់តែខ្ពស់ ការលើកទឹកចិត្តដល់ការវិនិយោគបរទេសនៅតាមវិស័យមានផលិតភាពខ្លាំងជាងគេ និងការពង្រីកលទ្ធភាពក្នុងការស្វែងរកបានហិរញ្ញវត្ថុសម្រាប់យកមកធ្វើអាជីវកម្ម៕

LEAVE A REPLY

Please enter your comment!
Please enter your name here