ADB អនុម័តផ្តល់ជំនួយចំនួន៦,៨លានដុល្លារដើម្បីជំរុញវិស័យ ទេសចរណ៍និងផលិតកម្មស្រូវនៅកម្ពុជា

ដោយៈ សូរិយ៉ា

ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បានអនុម័តផ្តល់ជំនួយចំនួនពីរមានតម្លៃសរុប៦,៨ លានដុល្លារ ដើម្បីជួយស្តារវិស័យទេសចរណ៍ លើកស្ទួយ គុណភាពនិងផលិតកម្មស្រូវ ព្រមទាំងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ស្រូវនៅកម្ពុជា ដែលរងផលប៉ះពាល់ដោយ សារការរាតត្បាតនៃជំងឺកូវីដ១៩។

កញ្ចប់ជំនួយទីមួយមានតម្លៃ៣,៧លានដុល្លារ ត្រូវបានគេរំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់ ប្រជាសហគមន៍ចំនួន៤.000នាក់ តាមរយៈគម្រោ​ងស្តារសហគមន៍ទេសចរណ៍​ សម្រាប់ការងើបឡើងវិញពីកូវីដ១៩ ហើយវាគ្របដណ្តប់តំបន់ក្បែរ ប្រាសាទបេតិកភណ្ឌព្រះវិហារ ក្នុងខេត្តព្រះវិហារ និងប្រាសាទ ភ្នំដាក្នុងខេត្តតាកែវ។

ទឹកប្រាក់ប្រមាណ៣លានដុល្លារ នៃជំនួយនេះត្រូវបានផ្តល់ដោយមូលនិធិជប៉ុនសម្រាប់ ភាពរុងរឿង និងភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក (the Japan Fund for Prosperous and Resilient Asia and the Pacific) ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កញ្ចប់ជំនួយមួយទៀតមានតម្លៃ៣,៩លានដុល្លារ នឹងផ្តល់អត្ថប្រយោ​ជន៍ដល់កសិករខ្នាតតូច ចំនួន២២.000 នាក់។ វាជាការផ្តល់ហិរញ្ញប្បទានបន្ថែមសម្រាប់កម្មវិធី អភិវឌ្ឍន៍វិស័យពាណិជ្ជកម្មស្រូវ ដែលធន់នឹងអាកាសធាតុនៅក្នុង ខេត្តបាត់ដំបង កំពង់ធំ និងព្រៃវែង។

ចំណែកទឹកប្រាក់ប្រមាណ៣,៨លានដុល្លារ នៃជំនួយនេះបានមកពីកម្មវិធីកសិកម្ម និងសន្តិសុខស្បៀងសកល (the Global Agriculture and Food Security Program) ដែលជាមូលនិធិសកលមានគោលបំណងកាត់បន្ថយភាពអត់ឃ្លាន និងកែលម្អអាហារូបត្ថម្ភ នៅក្នុងប្រទេសដែលមានចំណូលទាប។

លោក Anthony Gill នាយកស្តីទីធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេ​សកម្ពុជាបានមានប្រសាសន៍ថា កញ្ចប់ជំនួយទីមួយនឹងជួយសហគមន៍កែលម្អហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងសេវាកម្ម អតិថិជន ដើម្បីទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន និងជំរុញសេដ្ឋកិច្ចក្នុងតំបន់។ កញ្ចប់ជំនួយទីពីរ នឹង ជួយកសិករដំណាំស្រូវនៅកម្ពុជា បង្កើនប្រាក់ចំណូល និងភាពធន់នឹងអាកាសធាតុតាមរយៈការដោះ ស្រាយ បញ្ហារំខានផ្នែកដឹកជញ្ជូន និងសង្វាក់ផ្គត់ផ្គង់ ដែលបណ្តាលមកពីជំងឺកូវីដ១៩។

ធនាគារអភិវឌ្ឍន៍អាស៊ីប្តេជ្ញា នឹងសម្រេចឱ្យបាននូវវិបុលភាព បរិយាប័ន្ន ភាពធន់ និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here