សាជីវកម្មធានាឥណទានកម្ពុជា និងស្ថាប័នចំនួន២ទៀត រួមគ្នាជំរុញការវិនិយោគលើបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំនៅកម្ពុជា

ដោយ៖​សុធារី

ភ្នំពេញ៖ នៅ​ថ្ងៃទី ២៤ ខែមករា ឆ្នាំ ២០២២ សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (CGCC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយមជ្ឈមណ្ឌលបច្ចេកវិទ្យា និងព័ត៌មានជីវឧស្ម័ន (BTIC) នៃ​សាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការក្នុងគោលបំណងជំរុញការវិនិយោគលើបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំនៅកម្ពុជា។

ក្រោមក្របខណ្ឌនៃអនុស្សរណៈនៃការយោគយល់គ្នានេះ ភាគីទាំងពីរបានឯកភាពលើគោលបំណងរួមគ្នាដើម្បីកំណត់ កាលានុវត្តភាពសម្រាប់សកម្មភាពសហការនិងកម្មវិធីនានា ដើម្បីជួយលើកកម្ពស់បច្ចេកវិទ្យាជីវឧស្ម័ន និងជម្រុញការវិនិយោគ តាមរយៈយន្តការចែករំលែក​ហា​និ​ភ័យដែលសមស្រប​និងដើម្បីទាញផលប្រយោជន៍ពីការសហការដែលបានកំណត់នេះ ដើម្បីផ្សារភ្ជាប់គម្លាតចំណេះដឹងនៃខ្សែច្រវាក់តម្លៃជីវឧស្ម័នក្នុងចំណោមដៃគូសហការ និងភាគីពាក់ព័ន្ធ។ គំនិតផ្តួចផ្តើមនេះ នឹងគាំទ្រ ក៏ដូចជាបង្កើនលទ្ធភាពទទួលបានធនធានហិរញ្ញវត្ថុសម្រាប់ការវិនិយោគលើបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំរបស់ វិនិយោគិន ឬអ្នកអនុវត្តស្រាវជ្រាវនិងផ្សព្វផ្សាយ។

តំណាងឱ្យ CGCC លោក Wong Keet Loong ដែលជានាយកប្រតិបត្តិ បានថ្លែងថា ការចុះ MOU ជាមួយ BTIC គឺជាជំហានឆ្ពោះទៅរកយុទ្ធសាស្រ្តផ្នែកបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) របស់ CGCC ដើម្បីគាំទ្រដល់កំណើននៃវិស័យកសិកម្ម ដែលជាវិស័យអាទិភាពសំខាន់មួយនៅក្នុងប្រទេសកម្ពុជា។ វិស័យនេះគឺជាប្រភពចម្បងនៃការងារ និងប្រាក់ចំណូលក្នុងស្រុកនៅតាមតំបន់ជនបទ។ ដោយសារវិស័យកសិកម្មគឺជាប្រភពដ៏ធំបំផុតទី២ នៃការបំភាយឧស្ម័នផ្ទះកញ្ចក់ (GHG) វានឹងបណ្តាលឱ្យមានការប្រែប្រួលអាកាសធាតុ ដូចជាភ្លៀងមូសុងបន្តបន្ទាប់ និងសីតុណ្ហភាពកាន់តែខ្ពស់ ដែលនឹងមានផលប៉ះពាល់អវិជ្ជមានលើវិស័យនេះ ដូច្នេះហើយ ការកាត់បន្ថយការប្រែប្រួលអាកាសធាតុគឺមានសារៈសំខាន់ណាស់សម្រាប់និរន្តរភាពនៃឧស្សាហកម្មកែច្នៃកសិផល និងវិស័យចញ្ចឹមសត្វ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បើតាម​លោក Wong ការអភិវឌ្ឍន៍ឡជីវឧស្ម័នក្នុងវិស័យកសិកម្មនឹងរួមចំណែកឆ្ពោះទៅរកគោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាពចំនួនប្រាំបី SDG ១ ពុំមានភាពក្រីក្រ SDG ២ គ្រោះអត់ឃ្លានស្នើសូន្យ SDG 3 សុខភាពល្អ និងសុខុមាលភាពមាំមួន SDG 5 សមភាពយេនឌ័រ SDG ៧​ ថាមពលស្អាតដែលមានតម្លៃសមរម្យ SDG ៨ ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច​ SDG ១៣ សកម្មភាពបរិស្ថាន និង SDG ១៥ ជីវិតនៅលើដី។”

លោក ឡោ លីតួនាយក BTIC មានប្រសាសន៍ថា “បន្ថែមពីលើភាពជាដៃគូយុទ្ធសាស្ត្ររបស់យើងជាមួយធនាគារពាណិជ្ជកម្ម យើងមានកិត្តិយសដែលមានឱកាសសហការយ៉ាងជិតស្និទ្ធជាមួយ CGCC ដែលជាស្ថាប័នធានាឥណទាននៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល ដើម្បីផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ក្នុងការគាំទ្រដល់ការអភិវឌ្ឍ និងប្រើប្រាស់បច្ចេកវិទ្យាជីវឧស្ម័នសម្រាប់កសិធុរកិច្ច” ។

លោក សុខ ណារិន តំណាងប្រចាំប្រទេសនៃអង្គការ UNIDO ប្រចាំប្រទេសកម្ពុជា បាន​មានប្រសាសន៍ថា “ភាពច្នៃប្រឌិតនៃយន្តការហិរញ្ញប្បទាននេះ នឹងជម្រុញឱ្យមានការវិនិយោគបន្ថែមទៀតលើបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំក្នុងកសិធុរកិច្ច ដែលជារបកគំហើញដ៏សំខាន់សម្រាប់អ្នកវិនិយោគក្នុងការទទួលយក និងអនុវត្តបច្ចេកវិទ្យាថាមពលកកើតឡើងវិញទៅក្នុងការអនុវត្តអាជីវកម្មរបស់ពួកគេ។ ការវិនិយោគលើថាមពលស្អាតប្រភេទនេះនឹងបង្កើតផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច បរិស្ថាន និងសង្គម ជាច្រើនដល់អ្នកប្រើប្រាស់ ម្ចាស់កសិដ្ឋាន អ្នកវិនិយោគ និងសង្គម”៕

LEAVE A REPLY

Please enter your comment!
Please enter your name here