ធនាគារជាតិនៃកម្ពុជា ដាក់ចេញគោលនយោបាយ១០ចំណុច គាំទ្រការងើបឡើងនៃកំណើនសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២២

ដោយ៖ សុធារី

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នឹងបន្តដាក់ចេញគោលនយោបាយចម្បងៗ១០ចំណុច ដើម្បីគាំទ្រការងើបឡើងនៃកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាពក្នុងឆ្នាំ២០២២នេះ។ គោលនយោបាយ១០ចំណុចនេះ នឹងជួយគាំទ្រយ៉ាងពេញទំហឹង លើកំណើនសេដ្ឋកិច្ចជាតិ ដែលបន្ដទទួលរងការគំរាមកំហែង ពីជំងឺកូវីដ១៩បំប្លែងថ្មីៗ។

លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឱ្យដឹងក្នុងកម្មវិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២១ និងទិសដៅការងារឆ្នាំ២០២២របស់ធនាគារជាតិនៃកម្ពុជាថា នៅឆ្នាំ២០២២ ការលេចឡើងនៃមេរោគកូវីដបំប្លែងថ្មីៗ បានបន្តគំរាមកំហែង ដល់ការងើបឡើងនៃសេដ្ឋកិច្ចពិភពលោក និងតំបន់ដែលអាចបន្ថយអត្រាកំណើនឱ្យទាបជាងការរំពឹងទុក។

នៅសហរដ្ឋអាមេរិក និងអឺរ៉ុប ការឆ្លងបានចាប់ផ្តើមកើនឡើងវិញយ៉ាងឆាប់រហ័ស ហើយក្នុងតំបន់អាស៊ានការឆ្លងប្រចាំថ្ងៃ នៅតែមានកម្រិតខ្ពស់នៅឡើយ។ ស្ថានភាពនេះនឹងបន្តដាក់សម្ពាធ ដល់ការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា ជាពិសេសផលប៉ះពាល់លើវិស័យទេសចរណ៍ ការរំខានដល់ខ្សែច្រវាក់ដឹកជញ្ជូននាំចេញ-នាំចូលទំនិញ និងកំណើនយឺតនៃលំហូរវិនិយោគបរទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ម៉្យាងទៀតហានិភ័យនៃការរាលដាលជំងឺកូវីដ១៩នៅកម្ពុជា ក៏អាចនាំទៅរកការដាក់ចេញវិធានការការពារតឹងរ៉ឹង ដែលអាចបង្អាក់ដំណើរការផលិតកម្ម និងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។

លោកទេសាភិបាលបានបន្ថែមថា ទោះយ៉ាងណាការងើបឡើងនៃសេដ្ឋកិច្ចពិភពលោក នឹងបន្តគាំទ្រការនាំចេញវិស័យកាត់ដេរ និងកម្មន្តសាលមិនមែនកាត់ដេរដូចជា គ្រឿងបង្គុំអគិ្គសនី និងកង់។ ការគ្រប់គ្រងបានលើការរាលដាលជំងឺកូវីដ-១៩ និងការបន្តបើកដំណើរការសេដ្ឋកិច្ច នឹងជំរុញសកម្មភាពសេដ្ឋកិច្ចដូចជា ពាណិជ្ជកម្ម ការវិនិយោគ ការដឹកជញ្ជូន និងទូរគមនាគមន៍ និងទេសចរណ៍ក្នុងស្រុក។

ក្នុងនោះវិស័យកសិកម្មរំពឹងថា នឹងបន្តមានកំណើនល្អដែលគាំទ្រ ដោយគោលនយោបាយគាំពាររបស់រាជរដ្ឋាភិបាល និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងតំបន់និងទ្វេភាគី។ ក្រោមការរំពឹងទុកដោយសុទិដ្ឋិនិយមនេះ កំណើនសេដ្ឋកិច្ចកម្ពុជានាឆ្នាំ២០២២ ត្រូវបានព្យាករថានឹងកើនឡើងក្នុងអត្រា៥%។

ដើម្បីគាំទ្រការងើបឡើងនៃកំណើនប្រកបដោយចីរភាព រាជរដ្ឋាភិបាលនឹងដាក់ចេញនូវក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធីស្តារនិងជំរុញកំណើនសេដ្ឋកិច្ច ក្នុងការរស់នៅជាមួយកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី ដែលមានគោលដៅស្តារ កែទម្រង់ និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច។ ស្របតាមទិសដៅនេះធនាគារជាតិនៃកម្ពុជា ក៏ដូចជាប្រព័ន្ធធនាគារកម្ពុជា នឹងបន្តដាក់ចេញគោលនយោបាយចម្បងៗចំនួន១០ចំណុចរួមមាន៖

១៖ ការរក្សាស្ថិរភាពអត្រាប្តូរប្រាក់៖ ស្ថិរភាពអត្រាប្តូរប្រាក់នឹងបន្តរួមចំណែកយ៉ាងសំខាន់ ដល់ការរក្សាស្ថិរភាពថ្លៃ និងការពារអំណាចទិញនៃប្រាក់រៀល ក៏ដូចជាចំណូលរបស់ប្រជាពលរដ្ឋ។ អត្រាប្តូរប្រាក់នៅឆ្នាំ២០២២នេះ នឹងអាចបន្តរងសម្ពាធធ្លាក់ថ្លៃ ដោយសារការអនុវត្តវិធានការគាំទ្រដែលបញ្ចេញប្រាក់ទៅលើទីផ្សារ គួបផ្សំនឹងនិន្នាការឡើងថ្លៃ នៃប្រាក់ដុល្លារអាមេរិក ជាពិសេសបណ្តាលមកពីការរំពឹងទុក លើការធ្វើប្រក្រតីកម្មនយោបាយរូបិយវត្ថុ របស់ធនាគារកណ្តាលសហរដ្ឋអាមេរិកនាពេលខាងមុខ។

ក្នុងស្ថានភាពនេះធនាគារជាតិ នឹងបន្តធ្វើអន្តរាគមន៍នៅលើទីផ្សារប្តូរប្រាក់ ដើម្បីរក្សាអត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លារអាមេរិក ឱ្យមានស្ថិរភាពក្នុងកម្រិតសមស្រប តាមស្ថានភាពសេដ្ឋកិច្ច។

២៖ ការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល៖ វិបត្តិកូវីដ១៩បានបង្ហាញយ៉ាងច្បាស់ ពីតួនាទីមិនពេញលេញនៃនយោបាយរូបិយវត្ថុ ក្នុងការជួយគាំទ្រសេដ្ឋកិច្ចដូចជា លទ្ធភាពបន្ថយអត្រាការប្រាក់ ដើម្បីជំរុញការវិនិយោគ ឬការប្រើប្រាស់ ដោយសារតែកម្រិតខ្ពស់នៃដុល្លារូបនីយកម្ម ដូច្នេះការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល នៅបន្តជាការងារអាទិភាពចម្បង ក្នុងការពង្រឹងប្រសិទ្ធភាព អធិបតេយ្យ និងឯករាជ្យនៃនយោបាយរូបិយវត្ថុ សំដៅគាំទ្រកាន់តែសកម្មក្នុងដំណើរការស្តារ និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច។

ក្នុងទិសដៅនេះធនាគារជាតិនៃកម្ពុជា បាននិងកំពុងចូលរួមគាំទ្រការបោះផ្សាយមូលបត្ររដ្ឋជាប្រាក់រៀល ដែលមិនត្រឹមតែជាប្រភពហិរញ្ញប្បទានរយៈពេលវែង សម្រាប់ការវិនិយោគសាធារណៈប៉ុណ្ណោះទេ តែថែមទាំងជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញការប្រើប្រាស់ប្រាក់រៀលក៏ដូចជា ការបង្កើតឧបករណ៍នយោបាយរូបិយវត្ថុថ្មី ផ្អែកលើយន្តការទីផ្សារផងដែរ។

៣៖ ការអនុវត្តវិធានការគាំទ្រចំគោលដៅ៖ ដោយសារការងើបឡើងនៃវិស័យសេដ្ឋកិច្ចមានល្បឿនខុសគ្នា ដូច្នេះការអនុវត្តវិធានការគាំទ្រ នឹងត្រូវធ្វើឡើងឱ្យចំគោលដៅ ចំពោះវិស័យទ្រទ្រង់កំណើន។ ក្នុងន័យនេះ ប្រព័ន្ធធនាគារនឹងចូលរួមចំណែកគាំទ្រ ការស្តារវិស័យអាទិភាព តាមរយៈការបន្ធូរបន្ថយបទប្បញ្ញត្តិសមស្រប និងអាស្រ័យលើកម្រិតហានិភ័យ។

ទន្ទឹមនេះធនាគារជាតិនឹងអនុវត្តយុទ្ធសាស្ត្រចាកចេញពីវិបត្តិ ដែលនឹងត្រូវធើ្វឡើងតាមដំណាក់កាល ប្រកបដោយភាពប្រុងប្រយ័ត្ន និងស្របតាមការវិវត្តនៃស្ថានភាពសេដ្ឋកិច្ចជាក់ស្តែង ដោយគិតគូរយ៉ាងល្អិតល្អន់ ពីហានិភ័យចិត្តសាស្ត្រ និងស្ថិរភាពប្រព័ន្ធធនាគារ។

៤៖ ការលើកកម្ពស់បរិយាបន្ន និងចំណេះដឹងហិរញ្ញវត្ថុ៖ បច្ចុប្បន្នការទទួលបានសេវាហិរញ្ញវត្ថុ ដែលមានតម្លៃសមស្រប នៅមានកម្រិតនៅឡើយ ដែលជាឧបសគ្គមួយ ក្នុងការរួមចំណែកអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច។

ក្នុងស្ថានភាពនេះយុទ្ធសាស្ត្រជាតិស្តីពី បរិយាបន្នហិរញ្ញវត្ថុ នឹងបន្តជាមគ្គុទ្ទេសក៍ ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនិងភាគីពាក់ព័ន្ធនានា។ ជាមួយគ្នានេះ ចំណេះដឹងផ្នែកហិរញ្ញវត្ថុក៏នឹងត្រូវបន្តពង្រឹងជាប្រចាំ តាមរយៈការបញ្ជ្រាបទាំងក្នុងកម្មវិធីសិក្សា និងយុទ្ធនាការផ្សព្វផ្សាយនានា ទៅលើការប្រើប្រាស់លុយ វប្បធម៌ឥណទាន និងការសន្សំ។

៥៖ សាខាធនាគារជាតិនៃកម្ពុជារាជធានី-ខេត្តទាំងអស់ ត្រូវបន្តគាំទ្រការរីកចម្រើនសេដ្ឋកិច្ចក្នុងតំបន់ តាមរយៈការផ្តល់សេវាគ្រប់គ្រងសាច់ប្រាក់ ប្រកបដោយភាពសកម្ម និងប្រសិទ្ធភាព និងរួមចំណែកលើកកម្ពស់ចំណេះផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជនតាមរយៈប្រព័ន្ធ Hotline ដើម្បីផ្តល់ព័ត៌មាន និងជួយដោះស្រាយបញ្ហាដែលពាក់ព័ន្ធនឹង ការប្រើប្រាស់សេវាហិរញ្ញវត្ថុជូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះសាខាក៏ត្រូវបន្តសហការ និងគាំទ្រការអនុវត្តកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាលសំដៅពង្រឹងតម្លាភាព និងគណនេយ្យភាពនៃប្រតិបត្តិការគ្រប់គ្រងសាច់ប្រាក់។

៦៖ ការទាញយកអត្ថប្រយោជន៍ ពីបច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗ៖ បច្ចេកវិទ្យាហិរញ្ញវត្ថុថ្មី ពិសេសក្នុងប្រព័ន្ធទូទាត់មានសក្តានុពលខ្ពស់ ក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ សមាហរណកម្ម គាំទ្រកំណើន និងសេដ្ឋកិច្ចឌីជីថល តាមរយៈកាត់បន្ថយកម្រៃសេវា និងចំណាយប្រតិបត្តិការផ្សេងៗ ការអាចទទួលបានសេវាងាយស្រួល និងគ្រប់ទីកន្លែង ក៏ដូចជាគាំទ្រកំណើនប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ប៉ុន្តែការប្រើប្រាស់បច្ចេកវិទ្យាថ្មី ក៏អាចធ្វើឱ្យប្រព័ន្ធធនាគារ ប្រឈមនឹងឧក្រិដ្ឋកម្មសាយប័រ (Cybercrime)ផងដែរ បញ្ហានេះធនាគារជាតិបាននិងកំពុងពង្រឹងបទប្បញ្ញាតិសុត្ថិភាព និងសមត្ថភាពផ្នែកព័ត៌មានវិទ្យាជាប្រចាំ។
ស្របជាមួយគ្នានេះរាល់ការទទួលយក និងប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ ក៏ត្រូវគោរពឱ្យបានម៉ឹងម៉ាត់នូវគោលការណ៍ធំៗចម្បង៣គឺ៖ ការរក្សាឱ្យបាននិរន្តរភាពនៃសេវា ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងគាំទ្រនវានុវត្តន៍ (Sustainability, Inclusion and Innovation)។

៧៖ ការពង្រឹងផែនការនិរន្តរភាពអាជីវកម្ម និងផែនការអនុវត្តជាយថាហេតុ៖ ការប្រឈមនឹងភាពមិនច្បាស់ នៃការរាលដាលនៃជំងឺកូវីដ១៩ បានបង្ហាញពីភាពចាំបាច់ក្នុងការរៀបចំផែនការទាំងពីរនេះ ដែលបានរក្សានិរន្តរភាពនៃផ្តល់សេវា និងការគ្រប់គ្រងហានិភ័យនានា ក្នុងប្រព័ន្ធធនាគារ។ ដើម្បីរួមចំណែករក្សាភាពធន់ នៃប្រព័ន្ធធនាគារទាំងមូល ខ្ញុំស្នើឱ្យនាយកដ្ឋាន និងអង្គភាព និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្រោមឱវាទធនាគារជាតិនៃកម្ពុជាទាំងអស់ ត្រូវបន្តពង្រឹងផែនការនិរន្តរភាពអាជីវកម្ម និងផែនការអនុវត្តជាយថាហេតុ ដោយធ្វើបច្ចុប្បន្ន តាមការវិវត្តន៍នៃស្ថានភាព។

៨៖ ការពង្រឹងប្រសិទ្ធភាពនៃការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៖ ការធ្វើឱ្យប្រសើរឡើងនៃចំណាត់ថ្នាក់ កម្ពុជាលើការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម តម្រូវឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ជាមួយគ្នានេះអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ត្រូវបន្តលើកកម្ពស់ចំណេះដឹងដល់បុគ្គលរាយការណ៍ និងអាជ្ញាធរពាក់ព័ន្ធ ពង្រឹងការតាមដាន និងវិភាគរបាយការណ៍ហិរញ្ញវត្ថុ បញ្ជូនប្រតិបត្តិការសង្ស័យទៅអាជ្ញាធរមានសមត្ថកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអន្តរជាតិនានា ដើម្បីផ្លាស់ប្តូរព័ត៌មានឱ្យបានទាន់ពេលវេលា និងសភាពការណ៍។

៩៖ ការរួមចំណែកក្នុងការកាត់បន្ថយ ការប្រែប្រួលអាកាសធាតុ៖ ក្រៅពីការបំពេញមុខងារ-ភារកិច្ចស្នូល ប្រព័ន្ធធនាគារក៏ត្រូវបន្តរួមចំណែក អភិវឌ្ឍវិស័យហិរញ្ញវត្ថុប្រកបដោយចីរភាព ដោយគិតគូរអំពីបរិស្ថាន និងផលប៉ះពាលមកលើអាកាសធាតុ។ ថ្មីៗនេះមូលនិធិរូបិយវត្ថុអន្តរជាតិក៏បានយក ធនាគារជាតិនៃកម្ពុជា ជាធនាគារកណ្តាលគំរូមួយក្នុងតំបន់ ដោយសារធនាគារជាតិនៃកម្ពុជា បានវិនិយោគទុនបម្រុងអន្តរជាតិលើទ្រព្យសកម្មបៃតង និងបានដាក់ចេញនូវគោលការណ៍ហិរញ្ញប្បទានប្រកបដោយចីរភាព របស់ប្រព័ន្ធធនាគារនៅកម្ពុជា ដែលលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ផ្តល់ឥណទាន ទៅកាន់វិស័យដែលជួយការពារបរិស្ថាន និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ។

១០៖ ក្នុងនាមកម្ពុជាជាប្រធានអាស៊ាននៅឆ្នាំ២០២២នេះ ធនាគារជាតិនៃកម្ពុជានឹងរួមចំណែកពង្រឹង សមាហរណកម្មហិរញ្ញវត្ថុ និងសំណាញ់សុវត្ថិភាពហិរញ្ញវត្ថុតំបន់ តាមរយៈការធ្វើសេរីភាវូបនីយកម្មសេវាធនាគារ សមាហរណកម្មប្រព័ន្ធទូទាត់ ការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុតំបន់ និងយន្តការជួយផ្តល់ហិរញ្ញប្បទានសម្រាប់បង្ការ និងដោះស្រាយវិបត្តិ។

លោក ជា ចាន់តូ បានបន្ថែមថា ការសម្រេចបាននូវទិសដៅចម្បងៗខាងលើ ប្រកបដោយសង្គតិភាព ពិលាស និងប្រសិទ្ធភាព ទាមទារឱ្យមន្ត្រីបុគ្គលិកទាំងអស់បន្តកិច្ចខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយការទទួលខុសត្រូវ សាមគ្គីភាព ព្រមទាំងគោរពវិន័យ និងការចាត់តាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here