ឥណទានទំហំ៤០០លានដុល្លាររបស់ធនាគារហត្ថាផ្តោតលើការជួយម្ចាស់អាជីវកម្មដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ ប្រធានអគ្គនាយកធនាគារហត្ថាលោកឧកញ៉ាហួត អៀងតុងបានមានប្រសាសន៍ឲ្យដឹងថា ការពង្រីកឥណទានទំហំ៤០០លានដុល្លារ សម្រាប់ឆ្នាំនេះ គឺផ្តោតលើការជួយម្ចាស់អាជីវកម្មនានា ដែលរងគ្រោះដោ​យវិបត្តិកូវីដ ដើម្បីចូលរួមស្តារសេដ្ឋកិច្ចជាតិឡើងវិញ។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី១០ មករាកន្លងមកថា គោលដៅនៃការពង្រីកទំហំឥណទានរបស់យើង គឺផ្តោតលើការស្តារសេដ្ឋកិច្ចឡើងវិញ ពិសេសជួយដល់វិស័យកសិកម្ម ការធ្វើជំនួញក្នុងស្រុក ម្ចាស់អាជីវកម្មទេសចរណ៍នានា ដែលបានរងគ្រោះដោយ​សារជំងឺកូវីដ១៩។

លោកបន្តថា “យើងមើលឃើញថាស្ថានភាពសេដ្ឋកិច្ច និងអាជីវកម្មនានា នឹងមានភាពប្រសើរឡើងនៅឆ្នាំនេះ ធៀបនឹងឆ្នាំមុន ដោយសារប្រជាពលរដ្ឋភាគច្រើនបានចាក់វ៉ាក់សាំង ការដាក់ចេញគោលនយោបាយ ជាច្រើ​ន​របស់រដ្ឋាភិបាល ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាហួត អៀងតុងបានបន្តថា លើ​សពីនេះ ប្រមុខរដ្ឋាភិបាលបានជួយជ្រោមជ្រែង និងទ្រទ្រង់ដល់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មមួយចំនួន ដែលរងគ្រោះដោយវិបត្តិកូវីដ១៩ បានយ៉ាងល្អប្រសើរផងដែរ ដែលគោលនយោបាយនេះ ជាផ្នៃកមួយយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ភាពងាយ​រងគ្រោះ ក៏ដូចជាធ្វើយ៉ាងណាឲ្យជីវភាពប្រជាពលរដ្ឋ កាន់តែមានភាពល្អប្រសើរ។

ធនាគារហត្ថាបានក្លាយជាបុត្រសម្ព័ន្ឋ របស់ធនាគារក្រុងស្រ៊ី ដែលមាន​មូលដ្ឋានធំនៅប្រទេសថៃ បន្ទាប់ពីធនាគារនេះ បានប្រែក្លាយពីគ្រឹះ​ស្ថា​នមីក្រូហិរញ្ញវត្ថុហត្ថាកសិករ។

បច្ចុប្បន្នធនាគារហត្ថា មានសាខាចំនួន១៧៧ នៅទូទាំងប្រទេស និងមានបុគ្គលិកសរុបចំនួន៦០០០នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here