ធនាគារនិងមីក្រូហិរញ្ញវត្ថុនៅកម្ពុជារៀបចំឥណទានឡើងវិញមានទឹកប្រាក់ជាង៥,៥ពាន់លានដុល្លារ

ដោយៈលក្ខិណា

ភ្នំពេញៈ ចាប់តាំងពីធនាគារជាតិនៃកម្ពុជា បានណែនាំគ្រឹះស្ថានធនា​គារ និងមីក្រូហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញជូនអតិថិជន ដែលរងផលប៉ះពាល់ក្នុងវិបត្តិឃើញថា ធនាគារនិងមីក្រូហិរញ្ញវត្ថុ នៅតែបន្តរៀបចំឥណទានឡើងវិញ។

ជាក់ស្ដែងក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ការរៀបចំឥណទានឡើងវិញមានទំហំ ទឹកប្រាក់ជាង៥,៥ពាន់លានដុល្លារអាមេរិក ។នេះបើតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយពេលថ្មីៗនេះ។

នៅក្នុងរបាយការណ៍និយាយពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធ​នាគារឆ្នាំ ២០២១ និងទស្សនទានវិស័យឆ្នាំ ២០២២ របស់ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ដើម្បីជួយសម្រាលបន្ទុករបស់ប្រជាពលរដ្ឋ និងក្រុមហ៊ុន សហគ្រាស ដែលមានចំណូលធ្លាក់ចុះ និងគ្រប់គ្រងសម្ពាធមកលើឥណទានមិនដំណើរការ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ត្រូវបានអនុញ្ញា​តឱ្យបន្តរៀបចំឥណទានឡើងវិញ លើគ្រប់វិស័យដែលសរុបមានចំនួនជាង៣៧ម៉ឺនគណនី ស្មើនឹងជាង២២,៤ទ្រីលានរៀលឬប្រមាណ៥,៥ពាន់លានដុល្លារអាមេរិក ។

លោកស្រី ឌិត នីតានាយិកាប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Camma កន្លងមកក៏បានថ្លែងថា ម្ចាស់អាជីវកម្ម ពិតជាមានការជួបផលលំបាក ក្នុងការស្វែងរកហិរញ្ញវត្ថុមកផ្គត់ផ្គង់អាជីវកម្ម ។ ការផ្ដល់ឥណទានឡើងវិញ និងការបន្តផ្ដល់ឥណទានដល់អតិថិជន ដែលជួបផលពិបាកនេះ គឺជាការជួយសង្គ្រោះអាជីវកម្មរបស់ពួកគាត់ឱ្យបន្តរស់រាន និងដំណើរការទៅមុខទៀត ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារជាតិបញ្ជាក់ថា នៅក្នុងបញ្ហាប្រឈម ដែលអូសបន្លាយអស់ រយៈពេល២ឆ្នាំកន្លងមកនេះ ប្រព័ន្ធធានាគារបានបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច ជាពិសេសវិស័យដែលរងផលប៉ះពាល់ ។ធនាគារជាតិ នៃកម្ពុជាបានបន្តរក្សាការបន្ធូបន្ថយ បទប្បញ្ញត្តិនិងផ្ដល់លទ្ធភាព ឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ មានសាច់ប្រាក់ក្នុងដៃគ្រប់គ្រាន់ សម្រាប់រក្សានិរន្តរភាព នៃការផ្ដល់ហិរញ្ញប្បទានដល់សេដ្ឋកិច្ច។

ជាមួយគ្នានេះដែរ ការបែងចែកប្រាក់ចំណេញ របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដើម្បីលើកទឹកចិត្តឱ្យបង្កើនការវិនិយោគបន្ថែម ក្នុងប្រព័ន្ធធនាគារសំដៅពង្រឹង ដើមទុនឱ្យកាន់តែរឹងមាំ ។ ជាលទ្ធផលកំណើនឥណទាន បានបន្តកើនឡើង២១,២ភាគរយ កើនដល់៤៥,៧ពាន់លានដុល្លារអាមេរិក។

ធនាគារជាតិបញ្ជាក់បន្ថែមថា ដោយសារតែមានការជឿជាក់ចិត្តពីសំណាក់អតិថិជន មកលើប្រព័ន្ធធនាគារធ្វើឱ្យវិស័យនេះ បន្តមានភាពរឹងមាំ ដែលឆ្លុះបញ្ចាំង តាមរយៈកំណើនប្រាក់បញ្ញើអតិថិជន ដែលមានអត្រា១៥,៤ភាគរយ គិតជាប្រាក់៣៨,៥ពាន់លានដុល្លារអាមេរិក បរិយាប័ន្នហិរញញវត្ថុ បានកើនឡើងដោយចំនួនគណនី ប្រាក់បញ្ញើអតិថិជនកើនឡើងដល់១២,១លានគណនី និងគណនីឥណទានអតិថិជនកើនដល់៣,៣​លានគណនីផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here