តើមូលនិធិរូបិយវត្ថុអន្តរជាតិ IMF មានតួនាទីសំខាន់កម្រិតណាក្នុងក្របខណ្ឌពិភពលោក?

ដោយៈសុខុម

អន្តរជាតិៈ មូលនិធិរូបិយវត្ថុអន្តរជាតិ ឬ International Monetary Fund ហៅកាត់ថា IMF គឺជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយមានការិ​យាល័យកណ្តាលនៅវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ដែលមានប្រទេសជាសមាជិកចំនួន១៩០។

តើមូលនិធិរូបិយវត្ថុអន្តរជាតិ IMF មានតួនាទីសំខាន់កម្រិតណាក្នុងក្របខណ្ឌពិភពលោក?។

យោងតាមស្ថាប័ន IMF ខ្លួនឯងឱ្យដឹងថា ខ្លួនមានតួនាទីជំរុញកំណើនសេដ្ឋកិច្ច និងស្ថិរភាពសេដ្ឋកិច្ចពិភពលោក តាមរយៈការផ្តល់ប្រឹក្សាផ្នែកគោលនយោបាយ និងការផ្តល់ហិរញ្ញប្បទាន ដល់បណ្ដាប្រទេសជាសមា​ជិក ដោយធ្វើការជាមួយបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ដើម្បីជួយប្រទេសទាំងនោះ សម្រេចបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នោះគឺដោយសារ តែបណ្ដាទីផ្សារមូលធនអន្តរជាតិឯកជន ដំណើរការមិនសូវរលូនល្អ ហើយប្រទេសជាច្រើនមានកម្រិតនៅឡើយ ក្នុងការចូលទៅកាន់ទីផ្សារហិរញ្ញវត្ថុនានា។

ប៉ុន្តែស្ថាប័ន IMF ជួយសម្រួលឱ្យបណ្ដាប្រទេស កំពុងអភិវឌ្ឍន៍ទទួលបានប្រភពហិរញ្ញប្បទាន ដូចជា សម្រាប់កាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាដើម។

នៅពេលបង្កើតដំបូង មុខងារចម្បងចំនួន៣របស់ស្ថាប័ន IMF គឺ៖ ត្រួតពិនិត្យកិច្ចព្រមព្រៀងអត្រាប្តូរប្រាក់ថេរ រវាងប្រទេសនានាដើម្បីជួយបណ្ដារដ្ឋាភិបាល គ្រប់គ្រងអត្រាប្តូរប្រាក់របស់ខ្លួន និងអនុញ្ញាតឱ្យរដ្ឋាភិបាលទាំងនេះ ផ្តល់អាទិភាពដល់កំណើនសេដ្ឋកិច្ច ហើយផ្តល់មូលធនរយៈពេលខ្លីដើម្បីជួយដល់សមតុល្យនៃការទូទាត់។

ការជួយនេះ គឺដើម្បីទប់ស្កាត់ការរីករាលដាល នៃវិបត្តិសេដ្ឋកិច្ចអន្តរជាតិ។ ស្ថាប័ន IMF ក៏មានបំណងជួយជួសជុលផ្នែកខ្លះ នៃសេដ្ឋកិច្ចអន្តរជាតិផងដែរ បន្ទាប់ពីផ្ទុះមហាវិបត្តិសេដ្ឋកិច្ច និងសង្គ្រាមលោកលើកទី២ ព្រមទាំងផ្តល់ការវិនិយោគមូលធន សម្រាប់កំណើនសេដ្ឋកិច្ច និងគម្រោងនានាដូចជាហេដ្ឋារចនាសម្ព័ន្ធជាដើម។

តួនាទីរបស់ស្ថាប័ន IMF ត្រូវបានផ្លាស់ប្តូរជាមូលដ្ឋាន ដោយសារអត្រាប្តូរប្រាក់អណ្តែតនៅក្រោយឆ្នាំ១៩៧១។ ក្រោយមកស្ថាប័ននេះបានងាកទៅពិនិត្យ មើលគោលនយោបាយសេដ្ឋកិច្ច នៃបណ្ដាប្រទេសដែលមានកិច្ចព្រមព្រៀងឥណទានរបស់ស្ថាប័ន IMF ដើម្បីកំណត់ថា តើកង្វះមូលធន គឺដោយសារការប្រែប្រួលសេដ្ឋកិច្ច ឬគោលនយោបាយសេដ្ឋកិច្ច។

ស្ថាប័ន IMF ក៏បានធ្វើការសិក្សាស្រាវជ្រាវផងដែរថា តើគោលនយោ​បាយរដ្ឋាភិបាលប្រភេទណា ដែលធានាជួយឱ្យសេដ្ឋកិច្ចងើបឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here