ធនាគារហត្ថាត្រៀមថវិកា៤០០លានដុល្លារដើម្បីផ្តល់ឥណទានស្តារអាជីវកម្មពីកូវីដ១៩

ដោយៈ សុធារី

ភ្នំពេញៈ ធនាគារហត្ថាបានបញ្ជាក់ថា ក្នុងឆ្នាំ២០២២ខាងមុខនេះ ធនាគារ បានត្រៀមថវិកាប្រមាណ៤០០លាន ដើម្បីបង្កើនការផ្តល់កម្ចីដល់អតិថិជនរបស់ខ្លួន ជាពិសេសម្ចាស់អាជីវកម្មនានា ដែលមានចង់បានដើមទុនយកទៅស្តារអាជីវកម្មរបស់ខ្លួន ឬយកទៅពង្រីកអាជីវកម្មបន្ថែម ក្នុងអត្រាការប្រាក់សមរម្យមួយ។

លោក​ឧកញ៉ា ហួត អៀងតុង ប្រធានអគ្គនាយកនៃធនាគារហត្ថា បានបញ្ជាក់ថា ក្នុងពេលដែលរាជរដ្ឋាភិបាល ប្រកាសបើកសេដ្ឋកិច្ចឡើងវិញ ក៏ដូចជា បញ្ចប់នូវព្រឹត្តិការណ៍២០ កុម្ភៈ ធ្វើឱ្យម្ចាស់អាជីវកម្មច្រើនត្រូវការដើមទុនសម្រាប់ស្តារអាជីវកម្ម ដែលរងផលប៉ះពាល់ ដោយសារជំងឺកូវីដ១៩ និងពង្រីកអាជីវកម្មរបស់ខ្លូន។

ហេតុនេះធនាគារហត្ថា បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការកម្ចីដល់ម្ចាស់អាជីវកម្មទាំងនោះ ដោយក្នុងឆ្នាំ២០២២ខាងមុខនេះ ធនាគារគ្រោងបង្កើនផលបត្រឥណទានពី២០% ទៅ២៥%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបញ្ជាក់ថា “ជាការជូនព័ត៌មាន ទៅម្ចាស់អាជីវកម្មទាំងអស់ ធនាគារហត្ថារបស់យើង បានត្រៀមរួចរាល់នៅក្នុងការជួយគាត់ នៅក្នុងការអភិវឌ្ឍន៍អាជីវកម្មរបស់គាត់”។ លោកបន្តថា “ក៏សូមអនុញ្ញាតជម្រាបជូនទៅអតិថិជនទាំងអស់ ដែលត្រូវការទុនពង្រីក ឬមួយបង្កើតនូវមុខជំនួញរបស់គាត់សារជាថ្មី ដោយរាជរដ្ឋាភិបាលបានអនុញ្ញាត ឱ្យគាត់បើកជំនួញឡើងវិញហើយ ដូច្នេះយើងត្រូវខិតខំទាំងគ្នា បើកនូវអាជីវកម្មប្រកបដោយការយកចិត្តទុកដាក់ ការពារខ្លួន និងអតិថិជនរបស់គាត់”។

លោកបានកត់សម្គាល់ថា វិបត្តិជំងឺកូវីត១៩ បានធ្វើឱ្យវិស័យសំខាន់ៗ ដែលទ្រទ្រង់ ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច មានការធ្លាក់ចុះដូចវិស័យទេស​ចរណ៍ សណ្ឋាគារ បដិសណ្ឋាកិច្ច ភោជនីយដ្ឋាន វិស័យវាយនភ័ណ្ឌ និងសេវាកម្មកម្សាន្តជាដើម។ ក្នុងពេលជាមួយគ្នាធនាគារហត្ថា ក៏រងផលប៉ះពាល់ផងដែរ តែយ៉ាងណាធនាគារហត្ថា បានផ្តល់នូវការអនុគ្រោះដល់អតិថិជន និងម្ចាស់អាជីវកម្មនានា ដូចរៀបចំឥណទានឡើងវិញ មិនតម្រូវឱ្យបង់ប្រាក់ដើម ចំពោះម្ចាស់អាជីវកម្មដែលមានជំងឺកូវីដ១៩។

ក្នុងឆ្នាំ២០២១នេះ ធនាគារហត្ថាបានរៀបចំឥណទានឡើងដល់អតិថិន រួមមានម្ចាស់អាជីវកម្មនានាផងដែរ ចំនួនជាង៣៧,០០០នាក់ និងផ្តល់ការអនុគ្រោះដល់អតិថិជន មិនឱ្យបង់ការប្រាក់ចំនួន២ខែ ចំពោះអតិថិជនដែលឆ្លងជំងឺកូវីដ១៩ ដែលមានចំនួនជាង៤០០នាក់។

ឥណទានដែលធនាគារហត្ថា បានផ្តល់ដល់អតិជនក្នុងឆ្នាំ២០២១នេះ បានកើនឡើងដល់១៦៥០លានដុល្លារ កើនឡើង២០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០ និងប្រាក់បញ្ញើសន្សំ កើនឡើងប្រមាណ៣០% ខណៈទ្រព្យសកម្មក្នុងឆ្នាំ២០២១ បានកើនឡើងដល់១៩២០លានដុល្លារ កើនឡើង២០% បើធៀបនឹងឆ្នាំមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here