ធនាគារកណ្ដាលព្រមានថា សេដ្ឋកិច្ចកូរ៉េខាងត្បូងកំពុងប្រឈមហានិភ័យ

ដោយៈ សុខុម

សេអ៊ូល: ពពុះលំនៅដ្ឋាន (Housing Bubble) ឬពពុះអចលនទ្រព្យ (Real Estate Bubble) នៅក្នុងប្រទេសកូរ៉េខាងត្បូង បានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ជាប្រវត្តិសាស្ត្រដែលបង្កហានិភ័យធំបំផុតដល់សេដ្ឋកិច្ច អំឡុងពេលកំពុងមានការរឹតបន្តឹងរូបិយវត្ថុ។

ធនាគារកណ្តាលកូរ៉េ (BOK) បានលើកឡើងក្នុងរបាយការណ៍ស្ដីពីស្ថិរភាពហិរញ្ញវត្ថុកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ធ្នូ ថា សន្ទស្សន៍ភាពងាយរងគ្រោះផ្នែកហិរញ្ញវត្ថុ (FVI) របស់ប្រទេសនេះ នៅក្នុងវិស័យអចលនទ្រព្យបានឈានដល់កម្រិត១០០ពិន្ទុ គិតត្រឹមដំណាច់ខែកញ្ញា ដោយកើនឡើង២,៧៧ពិន្ទុបើធៀបនឹងត្រីមាសមុន។

សន្ទស្សន៍ជិត១០០ពិន្ទុបង្ហាញថា ទីផ្សារអចលនទ្រព្យកំពុងតែឡើងកម្ដៅខ្លាំង។ តួលេខនេះគឺខ្ពស់បំផុត ចាប់តាំងពីធនាគារកណ្ដាលកូរ៉េ បានចាប់ផ្តើមចងក្រងទិន្នន័យបែបនេះ ក្នុងឆ្នាំ១៩៩៦មក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារកណ្តាលកូរ៉េ បានសន្មតថា ការហក់ឡើងយ៉ាងខ្លាំងនូវតម្លៃលំនៅដ្ឋាន បណ្ដាលមកពីអតុល្យភាពហិរញ្ញវត្ថុ ដែលកាន់តែធំឡើង បន្ទាប់ពីចំនួនគ្រួសារ កាន់តែច្រើនឡើងក្នុងប្រទេសនេះ បានសម្រុកខ្ចីលុយយកទៅទិញអាផាតម៉ិន និងលំនៅដ្ឋានប្រភេទផ្សេងៗទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ធនាគារកណ្ដាលកូរ៉េ ក៏បានព្រមានដែរថា វិបត្តិពពុះអចលនទ្រព្យអាចនឹងផ្ទុះឡើង ប្រសិនបើសេដ្ឋកិច្ចរងការវាយប្រហារ ពីវិបត្តិហិរញ្ញវត្ថុនៅខាងក្រៅ ដែលអាចបណ្ដាលឱ្យតម្លៃទ្រព្យសកម្ម ទូទាំងពិភពលោកដាំក្បាលចុះ។
ធនាគារនេះនិយាយទៀតថា “បើក្នុងករណីធ្ងន់ធ្ងរបំផុត សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េ នឹងធ្លាក់ចុះ៣%ក្នុងត្រីមាសទី៣ នៃឆ្នាំ២០២២ បើធៀបនឹងឆ្នាំ២០២១”។

លោក Lee Sang-hyeong ទេសាភិបាលធនាគារកណ្ដាលកូរ៉េ បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានអំឡុង សន្និសីទសារព័ត៌មានតាមអនឡាញថា “ទីផ្សារហិរញ្ញវត្ថុ និងសេដ្ឋកិច្ចនឹងរងផលប៉ះពាល់ខ្លាំងបំផុត ដោយសារវិបត្តិនានា ដែលអាចកើតមានឡើង ជាពិសេសនៅពេលដែលភាពងាយរងគ្រោះផ្នែកហិរញ្ញវត្ថុ បានរីកកាន់តែឡើងដោយសារ តែហេតុផលបែបនេះដូចជា អតុល្យភាពហិរញ្ញវត្ថុកាន់តែស៊ីជម្រៅជាដើម”។

ទោះជាយ៉ាងណា លោកបានធ្វើការកត់សម្គាល់ថា សេដ្ឋកិច្ចពិតប្រា​កដ មិនទាន់ឈានចូលដល់ដំណាក់កាលនេះនៅឡើយទេ ខណៈបំណុលគ្រួសារ និងសន្ទស្សន៍ភាពងាយរងគ្រោះផ្នែកហិរញ្ញវត្ថុ (FVI) មិនទាន់ធ្ងន់ធ្ងរ ដូចអំឡុងវិបត្តិហិរញ្ញវត្ថុអាស៊ី ក្នុងឆ្នាំ១៩៩៧ ឬវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ២០០៨។

*ស្វែងយល់អំពីពពុះលំនៅដ្ឋាន ឬពពុះអចលនទ្រព្យ
ពពុះលំនៅដ្ឋាន ឬពពុះអចលនទ្រព្យ គឺជារយៈពេលដែលតម្រូវការលំនៅដ្ឋានកើនឡើងខ្លាំង ស្របពេលតម្លៃផ្ទះហក់ឡើងលើសកម្រិតមធ្យម។ នៅពេលតម្រូវការកើនលើសការផ្គត់ផ្គង់ ក្រុមអ្នកទិញផ្ទះទុកលក់យកចំណេ​ញ អាចនឹងបញ្ចេញលុយទៅក្នុងទីផ្សារលំនៅដ្ឋាន ដែលជំរុញឱ្យតម្លៃផ្ទះកាន់តែកើនឡើងទៀត។

នៅពេលការផ្គត់ផ្គង់ទាន់តម្រូវការ ពពុះលំនៅដ្ឋាន ឬពពុះអចលនទ្រព្យអាចនឹងផ្ទុះឡើង ហើយបណ្ដាលតម្លៃផ្ទះ និងការលក់ផ្ទះដាំក្បាលចុះយ៉ាងខ្លាំង៕ Korea Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here