តើ IFC ជាស្ថាប័នដាច់ដោយឡែក ឬស្ថិតក្រោមចំណុះរបស់ World Bank និងតួនាទីបែបណាខ្លះ?

ដោយៈសុខុម

អន្តរជាតិ: សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងប្រព័ន្ឋហិរញ្ញវត្ថុអន្តរជាតិ តើវាជាស្ថាប័នដាច់ដោយឡែក ឬស្ថិតក្រោមចំណុះរបស់ធនាគារពិភពលោក (World Bank) ។

ស្ថាប័ន IFC ដែលមកពីពាក្យពេញថា International Finance Corporation (សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ) មានទីស្នាក់ការកណ្ដាលនៅវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ហើយវាជាស្ថាប័នអភិវឌ្ឍន៍ដ៏ធំបំផុតរបស់ពិភពលោក ដែលផ្តោតផ្ដាច់មុខលើវិស័យឯកជន នៅក្នុងបណ្ដាប្រទេ​សកំពុងអភិវឌ្ឍន៍។

ស្ថាប័ន IFC ដែលជាសាខាមួយរបស់World Bank មានតួនាទីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន តាមរយៈការជំរុញកំណើន នៃវិស័យឯកជនក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។

ស្ថាប័ននេះសម្រេចតួនាទី តាមរយៈដោយបង្កើតទីផ្សារថ្មីៗ កៀងគរការវិនិយោគ ពីវិនិយោគិនផ្សេងៗទៀត និងចែករំលែកចំណេះជំនាញដល់វិស័យឯកជន។ ដើម្បីធ្វើដូច្នេះបាន ស្ថាប័ននេះបង្កើតការងារ និងលើកកម្ពស់កម្រិតជីវភាព ជាពិសេសសម្រាប់ប្រជាជនក្រីក្រ និងប្រជាជនងាយរងគ្រោះ​។ ការងាររបស់ស្ថាប័ននេះ គឺគាំទ្រដល់គោលដៅស្នូល២ របស់ធនាគារ World Bank Group ក្នុងការបញ្ចប់ភាពក្រីក្រតោកយាក និងជំរុញវិបុលភាពរួមគ្នា ឬការរីកចម្រើនសប្បូរសប្បាយទាំងអស់គ្នា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ


ស្ថាប័ន IFC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៦ ពោលគឺមានចំណា​ស់៦៥ឆ្នាំហើយគិតមកទល់នឹងឆ្នាំ២០២១ ដោយឈរលើមូលដ្ឋានទស្សនៈដ៏មោះមុតថា វិស័យឯកជនមានសក្តានុពលខ្លាំង នៅក្នុងការកែប្រែមុខមាត់របស់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។ ចាប់តាំងពីពេលនោះមក ស្ថាប័ននេះបានបន្តពង្រីកខ្លួនឥតឈប់ឈរ រហូតមានសមាជិក១៨៥ប្រទេស ហើយបានបង្កើតទីផ្សារថ្មីៗ ដូចជា ទីផ្សារសញ្ញាប័ណ្ណ ឬ ប័ណ្ណបំណុលប្រកបដោ​យនិរន្តរភាពជាដើម។

*ការដឹកនាំត្រួសត្រាយផ្លូវក្នុងការអភិវឌ្ឍវិស័យឯកជន
ស្ថាប័ននេះជួយប្រទេសនានា អភិវឌ្ឍវិស័យឯកជន ក្នុងប្រទេសទាំងនោះតាមវិធីផ្សេងៗគ្នារួមមាន
– ការវិនិយោគលើក្រុមហ៊ុននានាតាមរយៈឥណទាន ការវិនិយោគមូលធន មូលបត្របំណុល និងធានារ៉ាប់រង។
– ការប្រមូលកៀរគរដើមទុន ពីបណ្ដាធនាគារផ្ដល់ឥណទាន និងវិនិយោគផ្សេងៗទៀត តាមរយៈឥណទានពិសេស Loan Participation និង Parallel Loan និងមធ្យោបាយផ្សេងៗទៀត។
-ផ្ដល់ប្រឹក្សាដល់ក្រុមហ៊ុនសហគ្រាស និងរដ្ឋាភិបាលនានាដើម្បីជំរុញការនិយោគឯកជន និងធ្វើឱ្យបរិយាកាសវិនិយោគប្រសើរឡើង៕ IFC៕

LEAVE A REPLY

Please enter your comment!
Please enter your name here