ជប៉ុនប្រកាសបរិច្ចាគជាង ៣.០០០លានដុល្លារដល់ធនាគារពិភពលោកសម្រាប់ជួយបណ្ដាប្រទេសក្រីក្រ

ដោយៈសុខុម

តូក្យូ: ក្រសួងហិរញ្ញវត្ថុជប៉ុន បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ធ្នូ ថា ប្រទេសជប៉ុន នឹងបរិច្ចាគប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ រហូតដល់ទៅ៣,៤ពាន់លានដុល្លារអាមេរិក ដល់មូលនិធិមួយដែលមានឈ្មោះថា “សមាគមអភិវឌ្ឍន៍អន្តរជាតិ” (International Development Association) ហៅកាត់ IDA សម្រាប់ប្រទេសក្រីក្របំផុត ដើម្បីជួយប្រទេសទាំងនោះឱ្យងើបឡើងពីវិបត្តិកូវីដ-១៩។

IDA ដែលជាមូលនិធិមួយរបស់ធនាគារពិភពលោក ឬ World Bank នឹងប្រើប្រាស់កញ្ចប់ថវិការបស់ខ្លួន ដើម្បីផ្តល់ជំនួយដល់ប្រទេសមានចំណូ​លទាបចំនួន៧៤ ដូចជា ការផ្តល់វ៉ាក់សាំង ការបង្កើតការងារដែលបានបាត់បង់អំឡុងវិបត្តិកូវីដ-១៩ និងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុជាដើម។

ក្នុងកិច្ចប្រជុំតាម Video Conference រយៈពេលពីរថ្ងៃជាមួយបណ្ដាម្ចាស់ជំនួយ ដែលរៀបចំឡើងដោយប្រទេសជប៉ុន លោក Shunichi Suzuki រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុន បានថ្លែងថា “ពិភពលោកនៅតែបន្តប្រឈមមុខនឹងវិបត្តិ ដែលមិនធ្លាប់មានពីមុនមក ដោយសារតែវីរុសកូវីដ-១៩។ ហើយនេះគឺពេលដែលពិភពលោកត្រូវរួមសាមគ្គីគ្នា”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាគារពិភពលោក បានប្រកាសដាច់ដោយឡែកថា ខ្លួនបានសម្រេចលៃទុកកញ្ចប់ថវិកាថ្មី ដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួន រហូតដល់ទៅ៩៣ពាន់លានដុល្លារសម្រាប់មូលនិធិនេះ។

ជាធម្មតាកញ្ចប់ថវិកាថ្មី ត្រូវបានផ្ដល់ឱ្យមូលនិធិ IDA រៀងរាល់៣ឆ្នាំ ម្តង ប៉ុន្តែដោយសារចំនួនថវិការបស់មូលនិធិនេះ ប្រើប្រាស់អស់ច្រើនពេកអំឡុងវិបត្តិកូវីដ-១៩ ទើបការផ្ដល់ឱ្យនេះ ធ្វើឡើងលឿនជាងសព្វដង១មួយឆ្នាំ។

កាលពីខែធ្នូ ឆ្នាំ២០១៩ បណ្ដាម្ចាស់ជំនួយបានព្រមព្រៀងធ្វើការបរិច្ចា​គសរុបជាទឹកប្រាក់៨២ពាន់លានដុល្លារ។ លើកនេះប្រទេសជប៉ុន និងម្ចាស់ជំនួយផ្សេងៗទៀត នឹងរួមគ្នាបរិច្ចាគសរុបចំនួន២៣,៥ពាន់លានដុល្លារដល់មូលនិធិ IDA។

លោក David Malpass ប្រធានធនាគារពិភពលោក បានចេញសេចក្តីថ្លែងការណ៍ថា “សន្ដានចិត្តដ៏សប្បុរសធម៌ ពីបណ្ដាដៃគូរបស់យើង គឺជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការជួយគាំទ្រ ដល់បណ្ដាប្រទេសក្រីក្រដើម្បីជួយឱ្យប្រទេសទាំងនោះងើបឡើងពីវិបត្តិកូវីដ-១៩”។

មូលនិធិ IDA ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦០ ផ្តល់ជំនួយដល់បណ្ដាប្រទេសក្រីក្របំផុត តាមរយៈការផ្តល់ជំនួយឥតសំណង កម្ចីការប្រាក់ទាប និងកម្ចីគ្មានការប្រាក់សម្រាប់គម្រោង និងកម្មវិធីនានាដែលជួយជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ៕ KYODO NEWS៕

LEAVE A REPLY

Please enter your comment!
Please enter your name here