ធនាគារពិភពលោកបង្ហាញនូវទស្សនទានបីដើម្បីអភិវឌ្ឈន៍សេដ្ឋកិច្ចកម្ពុជា

ដោយៈគង់ សូរិយា

ភ្នំពេញៈ ធនាគារពិភពលោក បានបង្ហាញនូវទស្សនទានក៏ដូចជាអនុសាសន៍សំខាន់ៗចំនួនបី ដើម្បីកម្ពុជាអាចអភិវឌ្ឈន៍ និងជម្រុញសកម្មភាព​សេដ្ឋកិច្ចនៅតំបន់ជនបទកម្ពុជា។

ធនាគារនេះបានលើកឡើងកាលពីពេលថ្មីៗនេះថា ភាពមានកម្មសិទ្ធិលើដីធ្លី ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងការបង្វឹកចំណេះធ្វើដល់ប្រជាពលរដ្ឋ គឺជាចលករសំខាន់៣ធំៗ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ពិសេ​សនៅតាមតំបន់ជនបទដាច់ស្រយាល។

ធនាគារពិភពលោក ដោយមានកិច្ចសហការជាមួយនឹងក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តចំណុចសំខាន់ទាំង ៣ ខាងលើ ជាបន្តបន្ទាប់តាមរយៈគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច (LASED)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LASED គឺជាកម្មវិធីផ្ដល់ដីធ្លីជូន ប្រជាជនក្រីក្រ និងជនជាតិដើមភាគតិចនៅតាមបណ្ដាខេត្តនានា នៅទូទាំងប្រទេស ដែលមកទល់បច្ចុប្បន្នបានដំណើរការមកដល់ជំហានទី៣ហើយ។

ក្រៅពីផ្ដល់ដីធ្លីដល់ពលរដ្ឋក្រីក្រ LASED ក៏រួមមាន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដូចជា ផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព និងស្នាក់ការសហគម ផងដែរ។ លើសពីនេះ កម្មវិធីក៏មានការបង្វឹកដល់ប្រជាពលរដ្ឋពីចំណេះធ្វើ ពិសេសលើវិស័យកសិកម្ម ដើម្បីឱ្យពួកគេប្រើប្រាស់ដីដោយមានប្រសិទ្ធិភាព និងអាចចិញ្ចឹមជីវិតបាន។
មកទល់បច្ចុបន្ន តាមរយៈជំហានទី១ និងទី២ ដីធ្លីសរុបយ៉ាងហោច ៣ម៉ឺនហិកតា ត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋក្រីក្រជាង៥ម៉ឺនគ្រួសារ ដោយចំណាយថវិកាសរុបជិត៤០លានដុល្លារ។

កាលពីខែ មិថុនា ឆ្នាំ ២០២០ កន្លងមកនេះ ធនាគារពិភពលោក ក៏ទើបបានអនុម័តទឹកប្រាក់៩៣លានដុល្លារ ដើម្បីអនុវត្តកិច្ចជំហានទី៣ រយៈពេល៦ឆ្នាំបន្តទៀត។ ជំនួយជំហានទី៣នេះ នឹងមានទ្រង់ទ្រាយធំជាងមុន ដោយនឹងគ្របដណ្តប់ លើសហគមន៍ចំនួន៧១តំបន់ នៅគ្រប់ខេត្តទាំងអស់លើកលែងតែរាជធានីភ្នំពេញ។

ក្នុងដំណើរទស្សនកិច្ច ពិនិត្យវឌ្ឍនភាពនៃគម្រោងខាងលើនេះ លោកស្រី Mariam Sherman នាយកប្រចាំប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងឡាវ នៃធនាគារពិភពលោក បានលើកឡើងថា ប្រជាពលរដ្ឋគោលដៅ លើកឡើងពីអត្ថប្រយោជន៍ផ្តល់ដោយគម្រោង LASEDនេះ។

លោកស្រីមានប្រសាសន៍ថា “ការរួមបញ្ចូលគ្នានៃសិទ្ធិដីធ្លី ហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន និងជំនាញចិញ្ចឹមជីវិតនេះ អាចផ្តល់អត្ថប្រយោជន៍ទាំងភ្លាមៗ និងរយៈពេលវែង។ ប្រជាជននៅទីនេះ និងក្រុមការងារបានខិតខំធ្វើយ៉ាងណាឱ្យជោគជ័យលើការវិនិយោគមួយនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here