ក្រសួងពាណិជ្ជកម្មនិងធនាគារ ABA ចុះ MOU លើភាពជាដៃគូប្រព័ន្ធទូទាត់ឌីជីថលសម្រាប់ផ្សារខេមបូឌាត្រេដ

ដោយ៖ សុធារី

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងធនាគារ ABA បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើភាពជាដៃគូប្រព័ន្ធទូទាត់ឌីជីថល និងការចែករំលែកចំណេះដឹង។ អនុស្សរណៈនេះ ត្រូវបានចុះហត្ថលេខានាព្រឹកថ្ងៃទី០៨ ខែធ្នូ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពរបស់ លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាតំណាងដ៏ខ្ពង់ខ្ពស់លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Askhat Azhikhanov នាយកប្រតិបត្តិធនាគារ ABA។

នៅក្រោមអនុស្សរណៈនេះ ផ្សារខេមបូឌាត្រេដរបស់ក្រសួងពាណិជ្ជកម្ម នឹងត្រូវតភ្ជាប់ជាមួយប្រព័ន្ធផេវេ (PayWay) ដែលជាកម្មវិធីទូទាត់អនឡាញរបស់ធនាគារ ABA ដើម្បីជួយសម្រួលដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ដើម្បីអាចនាំយកអាជីវកម្មរបស់ពួកគេទៅកាន់ផ្សារអនឡាញបាន និងទទួលការទូទាត់យ៉ាងងាយស្រួល និងប្រកបដោយសុវត្ថិភាព ដោយមិនប្រើប្រាស់សាច់ប្រាក់នោះទេ។ អនុស្សរណៈនេះ ក៏គូសបញ្ជាក់ផងដែរអំពីកិច្ចសហប្រតិបត្តិការក្នុងការចែករំលែកចំណេះដឹង និងការបណ្ដុះបណ្ដាលសម្រាប់ SMEs ដែលបានចុះឈ្មោះជាមួយផ្សារខេមបូឌាត្រេដ។

លោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា “ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏ពិសេសមួយនៅក្នុងកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន ជាពិសេស ធនាគារ ABA ដើម្បីបង្កើនឱកាសសេដ្ឋកិច្ចជូនដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តាមរយៈការដាក់លក់ផលិតផលសម្រាប់អតិថិជន និងដៃគូអាជីវកម្មជាមួយប្រព័ន្ធទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក ដែលមានទំនុកចិត្តខ្ពស់”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Askhat Azhikhanov នាយកប្រតិបត្តិនៃធនាគារ ABA បានមានប្រសាសន៍ថា “ភាពជាដៃគូនេះ អនុញ្ញាតឱ្យយើងផ្ដល់ជូនសហគ្រាសធុនតូច និងមធ្យមនូវឱកាសធ្វើឌីជីថលូបនីយកម្ម និងទំនាក់ទំនងអតិថិជនរបស់ពួកគេនៅក្នុងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាមួយការទទួលការទូទាត់ពីអតិថិជនបានយ៉ាងងាយស្រួល និងសុវត្ថិភាពតាមរយៈ ABA PAY។ ធនាគារ ABA នឹងសហការជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការពង្រីកចំណេះដឹងហិរញ្ញវត្ថុឌីជីថល ដល់អាជីវកររបស់ផ្សារខេមបូឌាត្រេដ តាមរយៈការបណ្ដុះបណ្ដាល និងសកម្មភាពកសាងសមត្ថភាពនានា។ យើងជឿជាក់ថា ការតភ្ជាប់ប្រព័ន្ធទាំងពីរនេះ នឹងជួយដល់សហគ្រិនក្នុងស្រុក ក្នុងការពង្រីកការលក់ និងប្រាក់ចំណូលរបស់ខ្លួនតាមរយៈពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ខណៈដែលសកម្មភាពនេះ នឹងជំរុញដល់បរិយាប័ន្នហិរញ្ញវត្ថុ និងវឌ្ឍនភាពឌីជីថលបន្ថែមទៀតរបស់ប្រទេស”។

ក្រសួងពាណិជ្ជកម្មបានចាប់ផ្តើមទទួលការចុះឈ្មោះជាមុនរបស់សហគ្រាសធុនតូច និងមធ្យម ចាប់តាំងពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២១ ដោយផ្ដល់នូវការតភ្ជាប់ប្រព័ន្ធដ៏ពេញលេញ ដែលអនុញ្ញាតឲ្យមានការពង្រីកទីផ្សារកាន់តែទូលំទូលាយជាងមុនទាំងក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស ដែលនាំឲ្យសហគ្រាសធុនតូច និងមធ្យមកម្ពុជា អាចចូលទៅកាន់សេដ្ឋកិច្ចឌីជីថលសកលដែលកំពុងរីកចម្រើន។ គិតមកត្រឹមខែធ្នូ ឆ្នាំ២០២១ នេះ សហគ្រាសធុនតូច និងមធ្យមកម្ពុជាចំនួន៧៥ ត្រូវបានអនុញ្ញាតឱ្យដាក់លក់ផលិតផលសរុប ប្រមាណជា៤៥០ផលិតផលនៅលើផ្សារខេមបូឌាត្រេដនេះ។

ផ្សារអេឡិចត្រូនិកខេមបូឌាត្រេដនេះ គឺជាផ្នែកមួយយ៉ាងសំខាន់របស់គម្រោង Go4eCAM ដែលទទួលបានការគាំទ្រ ហិរញ្ញប្បទានពីកម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្មពាណិជ្ជកម្ម (EIF)។ ផ្សារខេមបូឌាត្រេដនេះត្រូវបានផ្តួចផ្តើមបង្កើត និងគ្រប់គ្រងដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម ដែលមានគោលបំណងបង្កើនឱកាសសេដ្ឋកិច្ចដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា ដើម្បីចូលរួមក្នុងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល។

PayWay របស់ធនាគារ ABA គឺជាកម្មវិធីទូទាត់ប្រាក់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលបានឈ្នះពានរង្វាន់ ក្នុងការប្រើប្រាស់សម្រាប់ប្រមូលការទូទាត់ និងគ្រប់គ្រងការទូទាត់ដែលធ្វើតាមរយៈកាត Visa, Mastercard, UPI និង ABA PAY។ PayWay ត្រូវបានបង្កើតឡើងដើម្បីឲ្យឆ្លើយតបតាមតម្រូវការរបស់អាជីវកម្មក្នុងស្រុក ដែល PayWay គឺជាកម្មវិធីទូទាត់ងាយស្រួលតភ្ជាប់ មានសុវត្ថិភាព និងងាយស្រួលប្រើប្រាស់ ដែលជួយដល់សហគ្រាសនានាក្នុងការលក់ផលិតផល និងសេវាកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឬនៅតាមហាង និងទូទាត់ប្រាក់ពីអតិថិជនបានភ្លាមៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here