អេស៊ីលីដានិងក្រុមហ៊ុនតូតាល់កម្ពុជាចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូលើសេវាទូទាត់វិក្កយបត្រ

ដោយៈសុផារី

ភ្នំពេញៈ ធនាគារអេស៊ីលីដា ភីអិលស៊ី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូជាមួយក្រុមហ៊ុន តូតាល់កម្ពុជាស្តីពី ការបម្រើសេវាទូទាត់វិក្កយ​បត្រ តាមរយៈធនាគារអេស៊ីលីដា ភីអិលស៊ី នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។

បណ្ឌិតអ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារអេស៊ីលីដា ភីអិលស៊ី បានថ្លែងឲ្យដឹងថា ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនតូតាល់កម្ពុជា ជាសាខារបស់ក្រុមហ៊ុន Total Energies ជាក្រុមហ៊ុនថាមពលដ៏ធំមួយ ផលិត និងផ្គត់ផ្គង់ថាមពលលើសាកលលោក បានរៀបចំពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងដៃគូស្តីពី សេវាទូទាត់វិក្កយបត្រ តាមរយៈធនាគារ អេស៊ីលីដា ភីអិលស៊ី ជូនដល់អតិថិជនទូទៅ និងសាធារណជន សម្រាប់ការទូទាត់ជាមុន ចំពោះអតិថិជនដែលប្រើប្រាស់ប័ណ្ណ សមាជិក ព្រមទាំងអតិថិជន លក់ដុំ និងលក់រាយទាំងអស់ របស់ក្រុមហ៊ុនតូតាល់កម្ពុជា។

ការទូទាត់នៅតាមបញ្ជរធនាគារ អេស៊ីលីដា ភីអិលស៊ី ការទូទាត់ប្រាក់តាមរយៈអេស៊ីលីដាម៉ូបាល និងការទូទាត់ប្រាក់តាមរយៈអេស៊ីលីដាអ៊ីនធើណែត។ ការចាប់ដៃគូរនេះនឹងផ្តល់មធ្យោបាយ ក្នុងការទូទាត់តាមបែបឌីជីថល ប្រកបដោយសុវត្ថិភាព សាមញ្ញ និងមានប្រសិទ្ធភាពខ្ពស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបណ្ឌិតបញ្ជាក់ថា ក្នុងឆ្នាំ២០០៥ ក្រុមហ៊ុនតូតាល់កម្ពុជា បានបើកគណនី សេវាប្រមូលសាច់ប្រាក់ (Cash Collection) ជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់ពីឆ្នាំ២០១៥ រហូតដល់បច្ចុប្បន្ន ក្រុមហ៊ុនតូតាល់កម្ពុជា បានពង្រីកការទូទាត់តាមម៉ាស៊ីន POS របស់ធនាគារ អេស៊ីលីដា រហូតដល់៥៩ស្ថានីយ។

លោកបន្តថាដោយមើលឃើញពីសារៈសំខាន់ និងសេចក្តីត្រូវការរបស់អតិថិជន ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនតូតាល់កម្ពុជា បានសហការគ្នាពង្រីក និងបន្ថែមមធ្យោបាយទូទាត់ តាមរយៈអេស៊ីលីដាម៉ូបាល ដែលជាជម្រើសទាន់សម័យ ដើម្បីបម្រើអតិថិជនទាំងអស់។

លោកបណ្ឌិតបន្ដថា សមាជិកប័ណ្ណតូតាល់កម្ពុជា ក៏អាចបញ្ចូលទឹកប្រាក់ ក្នុងប័ណ្ណប្រេងឥន្ធនៈរបស់ពួកគេ តាមរយៈកម្មវិធី អេស៊ីលីដាម៉ូបាល ផងដែរ។ លើសពីនេះដៃគូចែកចាយ តូតាល់កម្ពុជា នឹងអាចទូទាត់វិក្កយ​បត្រ (Bill Payment) សម្រាប់ផលិតផល និងសេវាកម្ម តាមរយៈអេស៊ីលីដាម៉ូបាល ដោយភាពជឿជាក់ និងងាយស្រួល៕

LEAVE A REPLY

Please enter your comment!
Please enter your name here