អ្នកជំនាញហិរញ្ញវត្ថុមានសុទិដ្ឋិនិយមខ្ពស់ ខណៈប្រាក់បញ្ញើនិងកម្ចីតាមធនាគារនៅឆ្នាំ២០២១នៅតែកើនខ្ពស់

ដោយ៖ សុធារី

ភ្នំពេញ ៖ បើទោះបីឆ្នាំ២០២១ សេដ្ឋកិច្ចកម្ពុជាបន្តញំញ៉ីទៅដោយជំងឺកូវីដ១៩ ក្តី អ្នកជំនាញហិរញ្ញវត្ថុនៅតែមានសុទិដ្ឋិនិយម ចំពោះការផ្តល់ឥណទាន និងការដាក់បញ្ញើសន្សំនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនៅតែបន្តមានកំណើន ដែលមានការរំពឹងថា មានការកើនឡើងពី១០% ទៅ១៥%សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ និងប្រមាណ២០% ក្នុងវិស័យធនាគារ ។

លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា វិស័យមីក្រូហិរញ្ញវត្ថុសម្រាប់ការដាក់បញ្ញើគឺមានការកើនឡើងជាប្រចាំក្នុងរង្វង់១០% ដែលនេះបង្ហាញឱ្យឃើញនូវភាពជឿជាក់របស់សាធារណជនលើវិស័យធនាគារ បើទោះពីស្ថិតក្នុងវិបត្តិជំងឺកូវីដ១៩ ក៏ដោយវិស័យមួយនេះនៅមានភាពធន់ និងរឹងមាំ ។

នៅក្នុងឆ្នាំ២០២១ នេះ ទោះបីសេដ្ឋកិច្ចកម្ពុជាញំញីទៅដោយជំងឺកូវីដ១៩ ក្តី តែវិស័យមីក្រូហិរញ្ញវត្ថុយើងបានកត់សម្គាល់ថា បន្តមានកំណើនផ្តល់ឥណទានជាធម្មតាក្នុងរង្វង់ពី១០% ទៅ១៥% ហើយនេះជាសញ្ញាមួយល្អ ព្រោះថា វិស័យមួយនេះបានចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ និងបានជួយខ្លួនឯងឱ្យតែរឹងមាំនិងបន្តរីកចម្រើនដើម្បីឱ្យកំណើននេះបានចូលរួមធ្វើឱ្យកើនទៅដល់កំណើនសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាគិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២១ ចំនួនអតិថិជនដែលដាក់ប្រាក់បញ្ញើបានកើនឡើងដល់ចំនួន២ ៨៤៩ ៣៤៤ នាក់ ពោលគឺកើនឡើងចំនួន ៣៣ ៦៨៦ នាក់ ធៀបនឹងត្រីមាសមុន ខណៈបរិមាណប្រាក់បញ្ញើបានកើនឡើងដល់៤ ០៧៣ លានដុល្លាសហរដ្ឋអាមេរិក ពោលគឺកើនឡើងចំនួន១៩០ លានដុល្លាសហរដ្ឋអាមេរិកធៀបនឹងត្រីទី២។
ចំពោះឥណទានក៏បានកើនឡើងរហូតដល់៨ ២១៨ លានដុល្លាសហរដ្ឋអាមេរិក ដោយកើនឡើងប្រមាណ៦០០ លានដុល្លាសហរដ្ឋអាមេរិកបើធៀបនឹងត្រីមាសមុន ខណៈចំនួនអតិថិជនកម្ចីបានកើនឡើងដល់ ២ ០២៨ ៨៨២ នាក់ ដោយកើនឡើង៥១ ១១៦ នាក់បើធៀបនឹងត្រីមាសទី២ ក្នុងឆ្នាំ២០២១ ។

ការកើនឡើងនេះជាសញ្ញាណបង្ហាញការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា ដោយសារតម្រូវការឥណទានក្នុងការចាប់ផ្តើមឬ ពង្រីកអាជីវកម្ម ។ យ៉ាងណាក្តីសមាគមមីក្រូហិរញ្ញវត្ថុ នឹងបន្តតាមដានដោយយកចិត្តទុកដាក់នូវនិនាការណ៍ផ្សេងៗក្នុងវិស័យ ដើម្បីការពារផលប៉ះពាល់ណាមួយដែលអាចនឹងកើតឡើងជាយថាហេតុ។

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារកម្ពុជា និយាយថា នៅឆ្នាំ២០២០ ទោះបានបានរងផលប៉ះពាល់ពីជំងឺកូវីដ ១៩ប៉ុន្តែកំណើនហិរញ្ញវត្ថុនៅតែមានអត្រាខ្ពស់រហូតជិត២០% ហើយនៅឆ្នាំ២០២១ នេះ រំពឹងទុកថាវាមានកំណើនដូចគ្នា និងឆ្នាំ២០២០ ព្រោះនៅមានសាច់ប្រាក់ទំនេរច្រើនសម្រាប់ផ្គត់ផ្គង់ដល់ការលូតលាស់។

លោកបណ្ឌិត លើកឡើងថា “គ្រាន់តែស្ថាប័នធនាគារអេស៊ីលីដាមួយអត្រាកំណើនទាំងឥណទាននិងការដាក់ប្រាក់បញ្ញើមានប្រមាណ១៨% នៅក្នុងខែ១១ ហើយខ្ញុំរំពឹងថានៅពេលដាច់ឆ្នាំ២០២១ នេះកំណើនមិនទាបជាង២០% នោះទេសម្រាប់ប្រាក់បញ្ញើសន្សំ រីឯការផ្តល់ឥណទានមានជិត ២០%។ សម្រាប់វិស័យធនាគារទាំងមូលខ្ញុំគិតវាក៏មិនខុសគ្នាទៅ និងអេស៊ីលីដា បាននឹងរីកចម្រើននោះទេ៕”

LEAVE A REPLY

Please enter your comment!
Please enter your name here