ធនាគារ​ជាតិ​កម្ពុជា​ដាក់​​ដំណើរការ​ជា​ផ្លូវការ​យុទ្ធនាការ ​«​តោះ​!​និយាយ​ពី​លុយ​៖​ តក់ៗ​ពេញ​បំពង់​»

ដោយ៖ សុធារី

ភ្នំពេញ៖ ធនាគារជាតិ​នៃ​កម្ពុជា​នៅ​ថ្ងៃ​ទី៣ ​ខែធ្នូ ឆ្នាំ២០២១​នេះ បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​យុទ្ធនាការ​“​តោះ​!​និយាយ​ពី​លុយ​៖​តក់ៗ​ពេញ​បំពង់​”​ដោយ​ផ្តោត​ជា​ចម្បង​លើ សារៈសំខាន់​នៃ​ការគិតគូរ​ឱ្យបាន​ដិតដល់​ការ​ថ្លឹងថ្លែង​ជម្រើស​ផលិតផល​និង​សេវា​ហិរញ្ញវត្ថុ​និង​ការរៀបចំ​ផែនការ​សកម្មភាព​ដើម្បី​ជួយ​អ្នកប្រើប្រាស់​ឲ្យ​ទទួល​បានការ​យល់ដឹង កាន់តែ​ប្រសើរ​អំពី​សិទ្ធិ​ការទទួលខុសត្រូវ​និង​ការចូលរួម​ក្នុងការ​សម្រេចចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​។

លោកស្រី អ៊ុក ម៉ាលី ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា​បាន​មានប្រសាសន៍ថា​ ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​សហការ​ជាមួយ​អង្គការ Good Return ក្នុង​ការ​អនុវត្ត​គម្រោង​នៃ យុទ្ធនាការ​ផ្សព្វផ្សាយ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ឈ្មោះថា “​តោះ​! និយាយ​ពី​លុយ​” កាលពី​ឆ្នាំ ២០១៦ ដែល​យុទ្ធនាការ​នេះ​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​ពី​សាធារណជន​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយ​យល់ឃើញ​ពី​ភាពជោគជ័យ​នៃ​យុទ្ធនាការ​នេះ​និង​ក្នុង​គោលបំណង​លើកកម្ពស់​ការផ្សព្វផ្សាយ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​បន្ថែម​ទៀត​យុទ្ធនាការ​ថ្មី​មួយទៀត​ដែលមាន​ឈ្មោះថា “​តោះ​! និយាយ​ពី​លុយ​៖ តក់ៗ ពេញ​បំពង់​” ត្រូវបាន​បង្កើត​ឡើង​។

លោកស្រី​ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា​បន្តថា​ យុទ្ធនាការ​ថ្មី​នេះ​មាន​ប្រធានបទ​គន្លឹះ​ចំនួន​៤ រួមមាន​ ១- ការគ្រប់គ្រង​លុយកាក់​របស់​អ្នក​ឱ្យបាន​កាន់តែ​ប្រសើរ​, ២- ការត្រៀមខ្លួន​សម្រាប់​រឿង​ដែល​កើតឡើង​ដោយ​មិនបាន​ព្រាងទុក​, ៣- ការយល់ដឹង​អំពី​សិទ្ធិ​និង​ការទទួលខុសត្រូវ និង​៤- និយាយ​ចេញមក ។

នៅថ្ងៃនេះ​ផងដែរ​ធនាគារជាតិ​នៃ​កម្ពុជា​ ក៏បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ ឆ្នាំ​២០១៩-២០២៥ ដែល​កំណត់​ពី​ចក្ខុវិស័យ​និង​ទិសដៅ​ក្នុង​ការជំរុញ​បរិ​យា បន្ន​ហិរញ្ញវត្ថុ​បង្កើន​លទ្ធភាព​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​ដែលមាន​គុណភាព ទាន់ពេលវេលា តម្លៃ​សមរម្យ និង មាន​កិច្ចការពារ​ស្របច្បាប់​ជាពិសេស​កាត់បន្ថយ​អត្រា​ស្ត្រី ដែល​មិនទាន់​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សុខុមាលភាព​សង្គម​បង្កើន​ប្រាក់ចំណូល​ដល់​ប្រជាពលរដ្ឋ កាត់បន្ថយ​ភាពក្រីក្រ​និង​ចូលរួមចំណែក ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ជារួម​។

​យុទ្ធសាស្ត្រ​ជាតិ​នេះ នឹង​បង្កើន​លទ្ធភាព​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​ដែលមាន​គុណភាព​កាត់បន្ថយ​អត្រា​ស្ត្រី​ដែល​មិនទាន់​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​ឱ្យបាន​ពាក់កណ្តាល ពី ២៧%​មក​១៣%​និង​ពង្រីក​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ផ្លូវការ​ពី ៥៩% ទៅ ៧០% ត្រឹម​ឆ្នាំ​២០២៥​ព្រមទាំង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សុខុមាលភាព គ្រួសារ​និង​គាំទ្រ​កំណើន​សេដ្ឋ កិច្ច​តាមរយៈ​សកម្មភាព​អាទិភាព​ចំនួន ៦​ រួមមាន ១- លើកទឹកចិត្ត​ឱ្យមាន​ការ​សន្សំ​នៅ​តាម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ផ្លូវការ​, ២- ជំរុញ​នវានុវត្តន៍​សេវា​ឥណទាន​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​, ៣-​ពង្រីក​សមត្ថភាព ប្រព័ន្ធ​ទូទាត់​, ៤- ពង្រីក​ការផ្តល់សេវា​ធានារ៉ាប់រង​ឱ្យបាន​ទូលំទូលាយ​, ៥- ពង្រឹងសមត្ថភាព​និយ័ត​ករ​វិស័យ​ហិរញ្ញវត្ថុ និង​៦- លើកកម្ពស់​សិទ្ធិ​និង​បង្កើន កិច្ចការពារ​អតិថិជន ព្រមទាំង​បង្កើន​តម្លាភាព​ក្នុង​វិស័យ​ហិរញ្ញវត្ថុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here