អ្នកជំនាញសេដ្ឋកិច្ចៈ ABA ខាតបង់ច្រើនជាងអ្នកប្រើប្រាស់ ក្នុងករណីជាប់គាំងមិនអាចចូលទៅប្រើ Mobile App

ដោយៈ សុធារី

ភ្នំពេញៈ បញ្ហាជាប់គាំង មិនអាចចូលទៅប្រើប្រាស់ Mobile App និងការដកសាច់ប្រាក់តាមម៉ាស៊ីន ATM របស់ធនាគារ ABA ដើម្បីប្រតិបត្តិការទូទាត់សាច់ប្រាក់ ពេញមួយព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ ហើយនៅម៉ោង២រសៀលដដែល Mobile App បានត្រលប់ជាធម្មតាវិញបានក្រោយក្រុមហ៊ុនធ្វើការ Update រួច។

ទោះយ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកសេដ្ឋកិច្ច យល់ឃើញថា ធនាគារមួយនេះមានការខាតបង់ច្រើនជាងអតិថិជន ដែលជាអ្នកប្រើប្រាស់។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា មានប្រសាសន៍ថា បញ្ហាជាប់គាំងមិនអាចចូលទៅប្រើប្រាស់ Mobile App និងការដកសាច់ប្រាក់តាមម៉ាស៊ីន ATM របស់ធនាគារ ABA ពេញមួយព្រឹកថ្ងៃទី២៥ ខែវិច្ឆិនេះ ធ្វើអតិថិជនជាអ្នកប្រើប្រាស់មួយចំនួន យល់ឃើញថាធនាគារមួយនេះ អាចនឹងមានបញ្ហាអ្វីមួយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ម្យ៉ាងទៀត ការជាប់គាំងនេះ ក៏បានធ្វើឲ្យប្រតិបត្តិការទូទាត់សាច់ប្រាក់ តាមប្រព័ន្ធ Mobile App នេះ មិនអាចធ្វើទៅបានផងដែរ។

លោកបន្តថា “ប្រតិបត្តិការមួយចំនួនមិនត្រូវបានធ្វើ បែរត្រឡប់មកសាច់ប្រាក់ ហើយអាចនឹងមានមនុស្សមួយចំនួនតូចខកខាន ដោយមិនបានប្រើប្រាស់សាច់ប្រាក់តាមខ្លួន”។ លោកបន្តថា “អញ្ចឹងការគាត់រំពឹងទៅលើការទូទាត់ តាមប្រព័ន្ធធនាគារនេះ ត្រូវបានខកខាន”។

លោកបន្តថា ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាជាប់គាំងមិនអាចចូលទៅប្រើប្រាស់ Mobile App របស់ធនាគារ ABA ពេញមួយព្រឹកកន្លងមកនេះ មានផលប៉ះពាល់តិចតួចបំផុតសម្រាប់សេដ្ឋកិច្ច ពីព្រោះប្រជាពលរដ្ឋខ្មែរភាគច្រើន នៅតែមានទម្លាប់ដាក់សាច់ប្រាក់តាមខ្លួននៅឡើយ។

អ្នកជំនាញរូបនេះ បានលើកឡើងថា ធនាគារមួយនេះ នឹងអាចខាតបង់ច្រើនជាងអតិថិជន នៅពេលមានបញ្ហាជាប់គាំងបែបនេះកើតឡើង។

លោកបណ្ឌិតគី សេរីវឌ្ឍន៍ បានបង្ហាញការយល់ឃើញថា “សម្រាប់ធនាគារវិញ គាត់ខាតសេវាច្រើនណាស់ បើសិនជាយើងគិតទៅក្នុងវិស័យធនាគារវិញ សម្រាប់ធនា​គារ ABA ខ្លួនឯងហ្នឹងគាត់ខាតច្រើន ជាជាងអ្នកប្រើប្រាស់ទៀត។

លោកបន្តថា “អញ្ចឹងហើយខ្ញុំជឿថា ធនាគារគាត់ប្រាកដជា នឹងស្វែងរកដំណោះស្រាយ ដើម្បីកុំឱ្យបញ្ហានេះកើតមានជាថ្មីម្ដងទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here