ធនាគារ FTB សម្រេចវិនិយោគ ២០លានដុល្លារទិញសញ្ញាបណ្ណរបស់ក្រុមហ៊ុន អភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា ហៅកាត់ថា FTB បានសម្រេចបណ្ដាក់ទុនវិនិយោគ ក្នុងទឹកប្រាក់ចំនួន២០លានដុល្លារអាមេរិក លើសញ្ញាបណ្ណមានបុគ្គលធានា របស់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ពីក្រុមហ៊ុនអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន OCIC នៅក្រោយពិធីចុះហត្ថលេខាកាលពីថ្ងៃទី២៤ វិច្ឆិកា២០២១នេះឱ្យដឹងថា ទឹកប្រាក់វិនិយោគដែលទទួលបានពីសញ្ញាបណ្ណរបស់គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី (NPPIA) នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍ NPPIA នៅខេត្តកណ្តាល ។ គម្រោង NPPIA បច្ចុប្បន្នសម្រេចបាន២៧ភាគរយ ត្រូវនឹងទឹកប្រាក់សរុប៣៥៨ លានដុល្លារអាមេរិក ដោយមិនរាប់បញ្ចូលថ្លៃដីវិនិយោគរួចដោយCambodia Airport Investment Co.,Ltd ( CAIC ) ។

សេចក្ដីប្រកាសដដែលនេះឱ្យដឹងថា អត្រាការប្រាក់របស់សញ្ញាបណ្ណនេះគឺ ៥,៥ភាគរយ ក្នុងមួយឆ្នាំ ជាមួយនឹងរយៈពេល៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។ ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកធំជាងគេក្នុងប្រទេសកម្ពុជា ដែលជំនាញ នៅក្នុងការអភិវឌ្ឍលើវិស័យអចលនទ្រព្យ សំណង់ ការគ្រប់គ្រងអចលនទ្រព្យ ការអប់រំ វេជ្ជសាស្ត្រ ផ្សារទំនើប សណ្ឋាគារ រោងម៉ាស៊ីនកិនស្រូវ និងសង្វាក់ផលិតកម្មជាដើម ជាមួយនឹងគម្រោងសំខាន់ៗជាច្រើនដូចជា NPPIA ទីក្រុងកោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និង ទីក្រុងទំនើប Olympia ជាដើម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយឡែក CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុន OCIC ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុន CAIC ក្នុងការកាន់កាប់រចនាប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការគម្រោង NPPIA ។

ក្នុងនាមជាធនាគារពាណិជ្ជក្នុងស្រុកទី១នៅកម្ពុជា ដែលទទួលបានការទុកចិត្តចាប់តាំងពីឆ្នាំ១៩៧៩ ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមលើកកម្ពស់ និងអភិវឌ្ឍទីផ្សារ សេដ្ឋកិច្ច និងសង្គមជាតិ តាមរយៈការជម្រុញគាំទ្រ និងជួយផ្តល់សេវាហិរញ្ញវត្ថុជាមូលដ្ឋានចាំបាច់ ដល់អតិថិជនអាជី​វករ និងពាណិជ្ជករក្នុងស្រុក ។

ផ្អែកលើមូលដ្ឋានគ្រឹះអាជីវកម្មដ៏រឹងមាំ សមិទ្ធផលជាច្រន បទពិសោធន៍ក្នុងដំណើរការចូលរួមជួយអភិវឌ្ឈទីផ្សារ និងសេដ្ឋកិច្ចជាតិរយៈពេល៤០ឆ្នាំកន្លងមកនេះ និងជាមួយទំហំទ្រព្យសកម្មសរុបរបស់ធនាគារ ដែលមានចំនួនប្រមាណ១,៧ ពាន់លានដុល្លារ ទំហំឥណទានសរុបប្រមាណ១,១ ពាន់លានដុល្លារ និងប្រាក់បញ្ញើសរុបប្រមាណ ១,៥ ពាន់លានដុល្លារ និងបណ្តាញសាខាចំនួន១៦សាខា នៅទូទាំងកម្ពុជា ធនាគារពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB) បានកំណត់ ទិសដៅអាជីវកម្មរយៈពេលវែង ក្រោមចក្ខុវិស័យមួយច្បាស់លាស់ ដើម្បីក្លាយជាធនាគារពាណិជ្ជ ដែលទទួលបានការពេញចិត្តជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here