ទំហំពាណិជ្ជកម្មកម្ពុជា -អាមេរិកកើនឡើងដល់ជាង៥៨០០លានដុល្លារ

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្នុងនាមជាប្រទេសដៃគូអភិវឌ្ឍន៍ យ៉ាងជិតស្និទ្ធទ្វេភាគីរវាងកម្ពុជា-អាមេរិកទំហំពាណិជ្ជកម្មបានកើនឡើង រហូតដល់ជាង៥៨០០លានដុល្លារ ស្មើនឹងប្រមាណជាង៣៧ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិ នៅក្នុងឱកាសចូលរួមក្នុងពិធីអបអរសាទរខួបលើកទី២៤៤ នៃទិវាឯករាជ្យជាតិរបស់សហរដ្ឋអាមេរិក ដែលបានប្រារព្វទ្បើងនៅសណ្ឋាគារ Le Royal រាជធានីភ្នំពេញកាលពីយប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០កន្លង​មកថា ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា សូមបង្ហាញនូវការអបអរសាទរ និងការជូនពរដ៏កក់ក្តៅបំផុត ដល់ប្រជាជននិងរដ្ឋាភិបាលសហរដ្ឋអាមេរិក។

លោកបានបន្តថា “ទិវានេះពិតជាឱកាសដ៏វិសេសវិសាលមួយ ដោយហេតុថាការប្រារព្ធខួបលើកទី២៤៤ នៃទិវាបុណ្យឯករាជ្យជាតិរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំនេះ ក៏ជាការប្រារឰខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត រវាងកម្ពុជានិង សហរដ្ឋអាមេរិច ដែលក្នុងនោះរួមបញ្ចូលទាំងការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ការអប់រំ វប្បធម៌ ក៏ដូចជាកម្មវិធីរវាងប្រជាជន និងប្រជាជនផងដែរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា សមិទ្ធិផលជាទីពេញចិត្ត ដែលប្រទេសទាំងពីរបានសហការគ្នាធ្វើនាពេលថ្មីៗនេះមានជាច្រើន ដែលក្នុងនោះរួមមានដូចខាងក្រោម ៖

– ការភ្ជាប់ចំណងរវាងប្រទេសយើងទាំងពីរ ដោយសង្កត់ធ្ងន់លើសារៈសំខាន់ នៃការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ផ្អែកលើការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមក និងការគោរពគ្នា ក៏ដូចជាបន្តពង្រឹងថែមទៀតនូវទំនាក់ទំនងប្រទេសទាំងពីរ។

– កម្មវិធីផ្លាស់ប្តូរវប្បធម៌ និងការអប់រំរវាងសហរដ្ឋអាមេរិក និងកម្ពុជា ដែលមានគោលបំណងពង្រឹង និងបង្កើនដំណើរផ្លាស់ប្តូរទស្សនកិច្ច នៃសមាជិកសមាជិកាសភានិងបុគ្គ​លិកសភាអាមេរិក និងមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកផ្សេងទៀតមកកម្ពុជា សំដៅឲ្យយល់ងដឹងកាន់តែច្បាស់អំពីវប្បធម៌ និងសង្គម នៃប្រទេសកម្ពុជា។

– ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងទីភ្នាក់​ងារ USAIDនៅឆ្នាំ២០១៩ ដែលមានទឹកប្រាក់សរុបចំនួន៥៦លានដុល្លារអាមេរិក សម្រា​ប់​គាំទ្រ វិស័យសុខាភិបាល ការអប់រំ កសិកម្ម និងបរិស្ថាន។ សម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុដែលគិតជាទឹកប្រាក់ ពីសហរដ្ឋអាមេរិកមានចំនួន១១លានដុល្លារសហអាមេរិក ដោយក្នុងនោះក៏មានការជួយកម្ពុជា លើគម្រោងដោះស្រាយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងសុខភាពរបស់ប្រជាជនកម្ពុជាផងដែរ។

– ពាក់ព័ន្ធផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មទ្វេភាគី នៃប្រទេសទាំងពីរមានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយទំហំពាណិជ្ជកម្មសរុបបានកើនឡើងក្នុង៣៧% ក្នុងឆ្នាំ២០១៩ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ ដែលមានតម្លៃប្រមា​ណពី៤ពាន់លានដុល្លារអាមេរិកដល់៥,៨ ពាន់លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here